អន្តរជាតិ
ក្រុមហ៊ុន និងមន្ទីរពិសោធន៍ កំពុងធ្វើវ៉ាក់សាំងកូវីដបាញ់តាមច្រមុះ
16, Jan 2022 , 9:29 am        
រូបភាព
អ្នកស្រាវជ្រាវ រៀបចំ​ប្រូតេអ៊ីន​នៅក្នុង​មន្ទីរពិសោធន៍​ដែល​ជា​ផ្នែក​នៃ​គម្រោង​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ បាញ់​តាម​ច្រមុះ នៅ​សាកល​វិទ្យាល័យ Tours ប្រទេស​បារាំង កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
អ្នកស្រាវជ្រាវ រៀបចំ​ប្រូតេអ៊ីន​នៅក្នុង​មន្ទីរពិសោធន៍​ដែល​ជា​ផ្នែក​នៃ​គម្រោង​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ បាញ់​តាម​ច្រមុះ នៅ​សាកល​វិទ្យាល័យ Tours ប្រទេស​បារាំង កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
ដោយ: VOA
ក្រុមហ៊ុននិងមន្ទីរពិសោធន៍យ៉ាងតិចចំនួន៩នៅជុំវិញពិភពលោក កំពុងធ្វើវ៉ាក់សាំងកូវីដ១៩ បាញ់តាមច្រមុះ ជាជាងចាក់។ នេះ បើតាមអង្គការសុខភាពពិភពលោក (WHO)។

 
ក្រៅពីការបាញ់តាមច្រមុះ មានភាពងាយស្រួលជាងការចាក់នោះ វ៉ាក់សាំងទាំងនេះ ក៏អាចមានប្រសិទ្ធភាពប្រសើរជាងវ៉ាក់សាំងចាក់ក្នុងការបញ្ឈប់វីរុសកូរ៉ូណាកូវីដ១៩ ពីព្រោះថ្នាំនេះ បាញ់តាមច្រមុះ ដែលជាច្រកចម្លងដំបូងរបស់វីរុសចូលក្នុងខ្លួនអ្នកជំងឺ។
 
ហើយតាមរយៈការបង្ការមិនឱ្យមេរោគបង្កាត់ពូជនៅក្នុងច្រមុះ និងបំពង់ករបស់យើង វ៉ាក់សាំងបាញ់តាមច្រមុះនេះ ក៏អាចមានប្រសិទ្ធភាពប្រសើរជាងវ៉ាក់សាំងចាក់ក្នុងការបញ្ឈប់ការឆ្លងរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ថ្នាំបាញ់តាមច្រមុះនេះមានសារសំខាន់ ជាពិសេសទប់ទល់វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង (omicron) ដែលរាលដាលតាមរយៈការរំអិលដូចប្រេងរំអិល។ 
 
វ៉ាក់សាំងទាំងនេះ ភាគច្រើនស្ថិតក្នុងដំណាក់កាលធ្វើតេស្តដំបូង ឬដំណាក់កាលពាក់កណ្តាល ដូច្នេះគេមិនច្បាស់ទេថា តើនឹងមានថ្នាំនេះ នៅពេលណានោះទេ។ ក្រុមហ៊ុនមួយ ដកខ្លួនហើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក ចិន គុយបា អ៊ីរ៉ង់ និងកន្លែងផ្សេងទៀត កំពុងជំរុញទៅមុខ។
 
លោក Michael Diamond សាស្ត្រាចារ្យផ្នែកភាពស៊ាំនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ក្នុងទីក្រុង St. Louis បាននិយាយថា «ខ្ញុំមានសុទិដ្ឋិនិយមថា វ៉ាក់សាំងប្រភេទនេះ អាចរួមចំណែកទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសនៅចុងបញ្ចប់នៃការរាតត្បាត»។
 
ចំណុចចន្លោះប្រហោង
ខណៈពេលវ៉ាក់សាំងកូវីដ១៩បច្ចុប្បន្ន បានមានប្រសិទ្ធភាពដ៏ល្អក្នុងការរៀបចំប្រព័ន្ធការពារភាពស៊ាំរបស់យើងភាគច្រើននោះ វ៉ាក់សាំងទាំងនេះ មានចំណុចចន្លោះប្រហោងសំខាន់មួយ គឺច្រមុះ បំពង់ក និងភ្នាសរំអិលផ្សេងទៀតរបស់យើងជាផ្នែកដែលប្រព័ន្ធខាងក្នុងខ្លួនយើងជួបនឹងបរិយាកាសខាងក្រៅ។
 
ភ្នាសរំអិសរបស់យើងដូចជានៅតាមច្រមុះ មាត់ ភ្នែក ផ្ទុកអង្គបដិប្រាណខុសអង្គបដិប្រាណរត់ក្នុងឈាមរបស់យើង។ ការចាក់វ៉ាក់សាំងបញ្ចូលទៅក្នុងសាច់ដុំដៃ ជាតិថ្នាំចូលដល់ឈាមតែប៉ុណ្ណោះ។ ថ្នាំទាំងនេះ មិនមានប្រសិទ្ធភាពខ្លាំងផលិតអង្គបដិប្រាណដល់ភ្នាសរំអិសរបស់យើងទេ។
 
វ៉ាក់សាំងបាញ់តាមច្រមុះនេះ មានគោលដៅប្រឆាំងនឹងវីរុសនៅចំណុចដំបូងនៃការឆ្លង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com