ខ្មែរ​ក្រហម
ជាតិ
សង្គមជាតិ
៣៥ឆ្នាំ​ក្រោយមក សង្គ្រាមពាក្យសម្តី​ជុំវិញ​អត្ថន័យ​នៃ​ថ្ងៃ៧មករា​នៅតែ​បន្ត
06, Jan 2014 , 12:33 pm        
រូបភាព
ភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​ជ័យ​ជំ​នៈ៧មករា​លើក​ទី៣៥របស់ខ្លួន​នៅ​ថ្ងៃស្អែក​នៅ​ទីតាំង​កោះ​ពេជ្រ​កណ្តាល​ទីក្រុង​ភ្នំពេញ។ សមាជិក​គណបក្ស​ប្រជាជន​កម្ពុ​ជាជាង១ម៉ឺន​នាក់​នឹងចូលរួម​អបអរសាទរ​ទិវា​ជ័យ​ជំ​នៈ​លើ​របប​ប្រល័យពូជសាសន៍​ប៉ុលពត។ គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​លើកឡើងថា ថ្ងៃ៧មករា​គឺជា​កំណើត​ទី២របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ប៉ុន្តែ អ្នក​រិះគន់​ចោទថា ថ្ងៃ៧មករា​គឺជា​ថ្ងៃ​ឈ្លានពាន​របស់​ប្រទេស​វៀតណាម​មកលើ​កម្ពុជា។


លោក ជាម យៀប តំណាងរាស្ត្រ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​គេហទំព័រថ្មីៗនៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា សម្តេច​ទាំងបី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នឹងចូលរួម​ពិធីបុណ្យ​ជ័យជំនះ៧មករា​នៅ​ថ្ងៃស្អែក​នៅ​ទីតាំង​កោះ​ពេជ្រ។ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ថ្លែង​សុន្ទរកថា លើកឡើង​ពី​សមិទ្ធផល​នានា​ដែល​គណបក្ស​សម្រេចបាន​ក្នុង​រយៈពេល៣៥ឆ្នាំ​កន្លងមកនេះ។

លោក ជាម យៀប បាន​បញ្ជាក់ថា៖«គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​សេសសល់​រស់រានមានជីវិត​ពី​របប​ប៉ុលពត។ បន្ទាប់មក គណបក្ស​បាន​អភិវឌ្ឍ​ជីវភាព​ប្រជាជន​ពី​កម្រិត​សូន្យ​មកអោយ​រីកចម្រើន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​បាន​កសាង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជាង៦០»។ លោក ជាម យៀប បាន​បន្តទៀតថា៖«ថ្ងៃ៧មករា​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ និង​ជា​មេរៀន​សម្រាប់​យុវជន​ជំនាន់​ក្រោយ»។

សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃ៧មករា គឺជា​កំណើត​ទី២របស់​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​សម្រាប់​អ្នក​រិះគន់​វិញ ថ្ងៃ៧មករា​គឺជា​ថ្ងៃ​ឈ្លានពាន​របស់​វៀតណាម​មកលើ​កម្ពុជា។ លោក សឺ​ន ស៊ូ​ប៊ែ​រ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​កូន​លោកតា សឺ​ន សាន បាន​បញ្ចេញ​ទស្សនៈ​ថា៖«ថ្ងៃ៧មករា​គឺជា​ថ្ងៃ​វៀតណាម​ឈ្លា​ន​កម្ពុជា ពីព្រោះ​ខ្មែរ​យើង​ស្ថិតនៅ​ក្រោមបង្គាប់​វៀតណាម​ជិត១០ឆ្នាំ(៧៩-៨៩)។ ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​ខ្ញុំ​សោកស្តាយ»។

សូមបញ្ជាក់ថា ទោះបីជា​ពេលវេលា៣៥ឆ្នាំ​បាន​កន្លងផុត​ទៅហើយ​ក្តី ក៏​នៅ​ថ្ងៃ៧មករា មតិ​ចម្រូងចម្រាស​នៅតែ​កើតមានឡើង​គ្រប់​ទីកន្លែង។ អ្នកខ្លះ​ថា ថ្ងៃ៧មករា​គឺជា​ដែល​វៀតណាម​ជួយ​ខ្មែរ ប៉ុន្តែ អ្នកខ្លះ​ទៀតថា ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន៕


© រក្សាសិទ្ធិដោយ thmeythmey.com