ជាតិ
លោក ឌុក ដេត ម្ចាស់ជ័យលាភីលេខ១ ចែករំលែកគន្លឹះធ្វើម្ហូប «ហហ្មុក»
16, Jan 2022 , 10:59 am        
រូបភាព
លោក ឌុក ដេត ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតម្ហូបហហ្មុក។
លោក ឌុក ដេត ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតម្ហូបហហ្មុក។
សៀមរាប៖ លោក ឌុក ដេត និងដៃគូចម្អិន លោក ខាន់ វ៉ាន់ឆៃ ជាម្ចាស់ជ័យលាភីលេខមួយ លើការចម្អិនមុខម្ហូបខ្មែរ «ហហ្មុក» ក្នុងការប្រកួតព្រឹត្តិការណ៍ «មហោស្រព និងពិពរណ៍ម្ហូបអាហារ ឆ្នាំ២០២១»។ លោក ឌុក ដេត លើកឡើងថា ការយកត្រីអណ្ដែងយកមកធ្វើ ហហ្មុក បានបន្ថែមឱជារស និងធ្វើឱ្យលោកទទួលបានជោគជ័យក្នុងការប្រកួត។

 
 
ដើម្បីជ្រាបកាន់ច្បាស់ សូមអញ្ជើញ លោក អ្នកនាង ទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី ជាមួយលោក ឌុក ដេត ម្ចាស់ជ័យលាភី និងជាម្ចាស់ហាងសួនមេអំបៅ ដូចតទៅ៖
 
 
លោក ឌុក ដេត បានផ្លាស់ទីលំនៅពីស្រុកកំណើតក្នុងខេត្តតាកែវ មករស់នៅខេត្តសៀមរាប នៅឆ្នាំ២០០៣ ដើម្បីរៀនជំនាញចុងភៅ។ ក្រោយមានចំណេះ និងជំនាញចុងភៅ លោក ឌុក ដេត បានបម្រើការងារជាចុងភៅ ក្នុងសណ្ឋាគារមួយកន្លែង ក្នុងខេត្តសៀមរាប។ បទពិសោធ៩ឆ្នាំ ក្នុងអាជីពជាចុងភៅ លោក ឌុក ដេត ងាកមកបើកភោជនីយដ្ឋានផ្ទាល់ខ្លួនឈ្មោះ សួនមេអំបៅ (Butterflies Garden Restaurant) ដែលមានមុខម្ហូបខ្មែរប្រមាណជា៥០មុខ។
 
ថ្មីៗនេះ លោក ឌុក ដេត បានចូលរួមក្នុងកម្មវិធីប្រកួត «មហោស្រពម្ហូបអាហារជុំវិញបឹងទន្លេសាប» ក្នុងខេត្តសៀមរាប ក្រោមការរៀបចំរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃ១២ធ្នូ ឆ្នាំ២០២១។ នាការប្រកួតនោះ លោក ឌុក ដេត រួមនឹងដៃគូខ្លួន លោក ខាន់ វ៉ាន់ឆៃ ទទួលបានជ័យលាភីលេខ១ ដោយមានការចូលរួម ពីសំណាក់ចុងភៅជំនាញៗមកពី ខេត្តសៀមរាប, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង និងកំពង់ធំ លើវិញ្ញាសា​ចម្អិនម្ហូប«ហហ្មុក»។
 
«ហហ្មុក» ជាម្ហូបខ្មែរមួយមុខ ដែលតំណាងប្រទេសកម្ពុជា។ ម្ហូបនេះ ជាការផ្សំបញ្ចូលគ្នារវាងគ្រឿងការី សាច់ត្រី ខ្ទិះដូង ប្រហុក ស្លឹកញ គ្រឿងទេសផ្សេងៗ ព្រមទាំងអប់ដោយស្លឹកចេក។ នាសន្និសីទអន្តរជាតិលើកទី១ ឆ្នាំ២០១៩ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា មុខម្ហូបមួយមុខនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រោងស្នើដាក់សម្លហហ្មុក រួមជាមួយម្ហូបអាហារ៤មុខទៀត ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយរបស់អង្គការយូណេស្កូ (UNESCO)។
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅសណ្ឋាគារវិរត្តន៍ ក្រុងសៀមរាប លោក ឌុក ដែត អះអាងថា «ហហ្មុក» ជាមុខម្ហូបខ្មែរមួយមុខដែលមានភាពសាំញុំា ដែលអ្នកធ្វើត្រូវយកចិត្តទុកដាក់ និងផ្ចិតផ្ចង់ក្នុងការចម្អិន ទើបទទួលបានឱជារសឆ្ងាញ់។ លោកបន្ថែមដូច្នេះ៖ «ការធ្វើ(ហហ្មុក)យើងប្រុងប្រយ័ត្នមែនទែន ជាពិសេសគឺវាល់គ្រឿងត្រឹមត្រូវ និងធ្វើតាមក្បូនខ្នាត»។
ការចម្អិនម្ហូបហហ្មុក គេអាចធ្វើឡើងដោយចំហុយ និងឆា។ បើតាមសម្ដីរបស់ចុងភៅរូបនេះ ការចម្អិនហហ្មុក តាមរបៀបឆា និងចំហុយ មានរសជាតិខុសប្លែកពីគ្នា។ « បើយើងចំហុយទៅវាមានរសជាតិទន់ ឆ្ងាញ់។ ប្រសិនបើយើងឆា រសជាតិម្យ៉ាងផ្សេងទៀតទៅ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំ ណែនាំឱ្យធ្វើចំហុយទៅវាល្អដែរ។ ប៉ុន្តែបើយើងប្រើឆាវាលឿនជាង»។ នេះជាការរៀបរាប់របស់ លោក ឌុក ដេត។
 
គ្រឿងខ្មែរ(គ្រឿងបុក) ដើរតួយ៉ាងសំខាន់ ដើម្បីផ្ដល់ឱជារសដល់ម្ហូប។ «ហហ្មុក» ក៏ជាម្ហូបមួយមុខ ដែលផ្សំពីគ្រឿងច្រើនមុខ មានជាអាទិ ស្លឹកក្រូច ស្លឹកគ្រៃ រំដេង សម្បកក្រូចសើច ប្រហុក ស្ករត្នោត ស្លឹកញ សណ្ដែកដី ម្ទេសក្រៀម ខ្ទិះដូង ជាពិសេសសាច់ត្រី។ លោក ឌុត ដេត ប្រើសាច់ត្រីអណ្តែង សម្រាប់ធ្វើហហ្មុកនេះ។ ត្រីអណ្ដែងនេះ ក៏ជាមូលហេតុមួយ ដែលជំរុញឱ្យម្ហូប ហហ្មុក របស់ លោក ឌុក ដេត ទទួលបានជ័យលាភីក្នុងការប្រកួតផងដែរ។
ម្ចាស់ហាងសួនមេអំបៅរូបនេះនិយាយដូច្នេះ៖ «ជាបទពិសោធ ដែលខ្ញុំបានធ្វើកន្លងមក បើយើងប្រើត្រីអណ្ដែង នៅពេលដែលយើងយកទៅចំហុយទៅ សាច់ត្រីទន់ ហើយពេលដាក់ចូលក្នុងមាត់ទៅឆ្ញាញ់ជាប់មាត់។ វាខុសពីត្រីផ្សេងៗ ដូចជាសាច់ត្រីឆ្ដោអី។ នៅពេលដែលយើងញុំាទៅ វាមានសាច់រៀងរឹង ជាសាច់ត្រីអណ្តែង»។
 
ការជ្រើសត្រីអណ្តែងមកធ្វើហហ្មុកតែមួយមុខ មិនទាន់អាចឱ្យម្ហូបទាំងមូលទទួលបានរសជាតិឆ្ញាញ់នោះទេ ពោលគឺមានកត្តារួមផ្សំផ្សេងៗ ដូចជាភាពប៉ិនប្រសប់ក្នុងការផ្សំគ្រឿង ការតុបតែងលម្អ និងរសជាតិឆ្ងាញ់។​ ក្នុងន័យនេះ លោក ឌុត ដេត ចង់បង្ហាញថា អ្នកចម្អិនត្រូវមានជំនាញ និងទទួលបានការបណ្ដុះបណ្ដាលជំនាញ និងវិជ្ជាជីវៈត្រឹមត្រូវ។
ជាមួយគ្នានេះ ចុងភៅដែលមានបទពិសោធយូរឆ្នាំរូបនេះ ក៏បានលើកទឹកចិត្ត ដល់អ្នកមានបំណង ចង់ចាប់អាជីពជាចុងភៅ និងផ្ដល់សេវាកម្មម្ហូបអាហារ ក្នុងវិស័យទេសចរណ៍ ត្រូវទទួលបានការបណ្ដុះបណ្ដាល ជំនាញម្ហូបអាហារនេះ ខណៈកម្ពុជាខ្វះធនធានមនុស្សលើជំនាញម្ហូបអាហារ បម្រើក្នុងវិស័យទេសចរណ៍៕
 
 

Tag:
 ThmeyThmey
  BBC
  ហហ្មុក
  ឌុក ដេត
  Butterflies Garden Restaurant
  ហាងសួនមេអំបៅ
© រក្សាសិទ្ធិដោយ thmeythmey.com