ជាតិ
ក្រសួងបរិស្ថាន ចេញវិធានការទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ
16, Jan 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ នៅរដូវប្រាំង អាកាសធាតុនៅកម្ពុជា មានភាពក្ដៅហួតហែង ដែលងាយបង្កឱ្យមានបញ្ហាភ្លើងឆេះព្រៃ ជាពិសេសនៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ បញ្ហានេះ បានធ្វើឱ្យបាត់បង់ធនធានធម្មជាតិ និងជីវៈចម្រុះទៀតផង។

 

 
ក្រសួងបរិស្ថាន បានលើកឡើងថា  ភ្លើងឆេះព្រៃ តែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ជារៀងរាល់ឆ្នាំ ជាពិសេសនៅរដូវប្រាំង ។ កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់ គឺដោយសារការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិដាំដំណាំ ការធ្វើកសិកម្មពនេចរ ការដុតព្រៃដើម្បីចាប់សត្វព្រៃ និងការធ្វេសប្រហែសរបស់មនុស្សជាដើម។ 
 
ដើម្បីទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃនេះ ក្រសួងបរិស្ថានបានណែនាំឱ្យមន្រ្តី អង្គភាពជំនាញ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ ត្រូវ អប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការដុតស្មៅ និងព្រៃឈើ-ព្រៃលិចទឹក នៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ ជាពិសេស ត្រូវរៀបចំផ្លូវភ្លើង ដើម្បីការពារការរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត។  
 
មន្ទីរបរិស្ថានរាជធានី-ខេត្ត និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ក្នុងករណីមានភ្លើងឆេះព្រៃជាយថាហេតុ។  ក្នុងករណីមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សមត្ថកិច្ចត្រូវ ប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ តាមរយៈការប្រកាសអាសន្ន ។ 
 
ជាមួយគ្នានេះ ចំពោះជនណាដែលបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ទៅ១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី ១០លានរៀល ដល់ ១៥០លានរៀល៕
 

Tag:
 ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com