អន្តរជាតិ
តុលាការកំពូលអាម៉េរិក សម្រេចតម្រូវឲ្យចាក់វ៉ាក់សាំងចំពោះបុគ្គលិកថែទាំសុខភាព មិនមែនអាជីវកម្មទេ
16, Jan 2022 , 11:29 pm        
រូបភាព
ដោយ: VOA
រដ្ឋធានីវ៉ាស៊ីនតោន-តុលាការកំពូលសហរដ្ឋអាម៉េរិក បានធ្វើឲ្យលោកប្រធានាធិបតី Joe Biden ខកចិត្តកាលពីថ្ងៃព្រហស្បតិ៍ ដោយបានរារាំងបទបញ្ជារបស់លោកដែលតម្រូវឲ្យបុគ្គលិកក្រុមហ៊ុនធំៗ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩  បើពុំដូច្នេះទេ ត្រូវធ្វើតេស្តជារៀងរាល់សប្តាហ៍។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

 
នៅពេលជាមួយគ្នានោះដែរ តុលាការកំពូល បានអនុញ្ញាតឲ្យតម្រូវចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកថែទាំសុខភាពនៅមន្ទីរពេទ្យ មណ្ឌលសុខភាព ដែលបានទទួលថវិការបស់សហព័ន្ធ។
 
លោក Biden បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខ្ញុំមានការខកចិត្តដែលតុលាការកំពូលបានសម្រេចរារាំងតម្រូវការជួយសង្គ្រោះជីវិតសម្រាប់បុគ្គលិកនៅឯក្រុមហ៊ុនធំៗ ដែលផ្អែកលើវិទ្យាសាស្ត្រ និងច្បាប់»។
 
លោកប្រធានាធិបតីបានទទួលស្វាគមន៍តម្រូវការឲ្យពួកបុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំង ដោយនិយាយថា វាពាក់ព័ន្ធមនុស្សប្រមាណ១០លាននាក់ ដែលធ្វើការនៅមន្ទីរពេទ្យ មណ្ឌលសុខភាពដែលទទួលបានថវិកាសហព័ន្ធ ហើយវានឹងជួយសង្គ្រោះជីវិតមនុស្ស។
 
ក៏ប៉ុន្តែ សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ លោក Rick Scott មកពីរដ្ឋ Florida បាននិយាយថា ការសម្រេចរបស់តុលាការ បានបញ្ជូន«សារដ៏ច្បាស់»ថា  លោក Biden មិនមែនជាស្តេចទេ ហើយការប្រើអំណាចសហព័ន្ធលើសលប់របស់លោក នឹងមិនត្រូវបានអនុគ្រោះទេ។
 
បន្ទាប់ពីការអំពាវនាវអស់រយៈពេលជាច្រើនខែឱ្យពលរដ្ឋអាមេរិកាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបានសម្លាប់មនុស្សជាង៨៤៥.០០០នាក់នៅក្នុងសហរដ្ឋអាម៉េរិកនោះ លោក Biden បានប្រកាសកាលពីខែកញ្ញាថា លោកសម្រេចឲ្យក្រុមហ៊ុនឯកជនធំៗតម្រូវឱ្យបុគ្គលិកចាក់វ៉ាក់សាំង។
 
តាមបទបញ្ជានេះ  និយោជិតដែលមិនបានចាក់វ៉ាក់សាំង នឹងត្រូវបង្ហាញការធ្វើតេស្តអវិជ្ជមានប្រចាំសប្តាហ៍ និងពាក់ម៉ាស់នៅកន្លែងធ្វើការ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com