ជាតិ
សង្គមជាតិ
កោរសក់តែងខ្លួនជាអប្សរា៖ អ្នកនាង សេង ធារី ទទួលបានការលើកទឹកចិត្តផង និងការសើចចំអកផង
17, Jan 2022 , 11:41 am        
រូបភាព
អ្នកនាង សេង ធារី កោរសក់ តែងខ្លួនជាអប្សរា និងរាំ ពេលទៅចូលរួមជាមួយបុគ្គលិកណាហ្កាវើលដ៍ ដែលប្រមូលផ្តុំគ្នាជិតរដ្ឋសភា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
អ្នកនាង សេង ធារី កោរសក់ តែងខ្លួនជាអប្សរា និងរាំ ពេលទៅចូលរួមជាមួយបុគ្គលិកណាហ្កាវើលដ៍ ដែលប្រមូលផ្តុំគ្នាជិតរដ្ឋសភា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
អ្នកនាង សេង ធារី ដែលគេធ្លាប់ស្គាល់ ថាជាស្រ្តីខ្មែរមានចំណេះដឹងខ្ពស់ម្នាក់ នៅតែបន្តតុបតែងខ្លួនប្លែកៗដដែល។ អ្នកនាង មិនត្រឹមតែតុបតែងខ្លួនប្លែក សម្រាប់ការចូលរួមសវនាការនោះទេ តែពេលនេះ អ្នកនាង បានតែងខ្លួនប្លែកទៅចូលរួមជាមួយបុគ្គលិកណាហ្កាវើលដ៍ ដែលបន្តប្រមូលផ្តុំគ្នាតវ៉ានឹងក្រុមហ៊ុនណាហ្កាវើលដ៍។



នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខណៈបុគ្គលិកណាហ្កាវើលដ៍ កំពុងបន្តការតវ៉ា ស្រាប់តែគេ ឃើញអ្នកនាង សេង ធារី ដែលកោរសល់ បានលេចមុខឡើងជាមួយនឹងសម្លៀកបំពាក់អប្សរា។ បន្ថែមពីនេះ អ្នកនាង យកខ្នោះសល់ពីសម័យខ្មែរក្រហមមកដាក់ជើងខ្លួនឯទាំង២ ហើយក្នុងដៃមានផ្កាឈូក ដើរចែកគេចែកឯង។ អ្វីដែលកាន់ប្លែកភ្នែកនោះ អ្នកនាង ថែមទាំងរាំទៀតផង ដោយមានការចាក់បទជនជាតិខ្មែរ។

អ្នកនាង សេង ធារី និយាយថា ការទៅចូលរួមរបស់អ្នកនាង គឺដើម្បីជួយលើកទឹកចិត្តដល់បុគ្គលិកណាហ្កាវើលដ៍ ដែលបានតស៊ូទាមទារសិទ្ធិសេរីភាពរបស់ពួកគេ។ ជាមួយគ្នានេះ អ្នកនាង បកស្រាយតាមសំណេរលើគណនីហ្វេសប៊ុកថា ការកោរសក់ គឺតំណាងឲ្យការកាន់ទុក្ខ អប្សរា តំណាងឲ្យស្ត្រីខ្មែរ ខ្នោះជើងសម័យខ្មែរក្រហម តំណាងឲ្យកម្ពុជាជាគុកគ្មានជញ្ជាំង និង ផ្កាឈូក តំណាងឲ្យការរស់ឡើងវិញ។

តាមបណ្តាញសង្គម មានការបញ្ចេញមតិ២ផ្ទុយគ្នា លើករណីរបស់អ្នកនាង សេង ធារី។ វិកលចរិត ឆ្កួត បំពុលសង្គម អ្នកចេះដឹង អ្នកស្នេហាជាតិ គេ មិនធ្វើអ៊ីចឹងទេ ឈប់បានឈប់ទៅ។ល។ ទាំងនេះជាពាក្យរបស់ក្រុមមនុស្ស ដែលមិនពេញចិត្តនឹងអ្នកនាង។ ស៊ូៗ អប្សរាស្នេហាជាតិ សូមសរសើរភាពក្លាហានរបស់គាត់ គាត់ធ្វើដើម្បីសង្គម ។ល។ ចំណែកពាក្យទាំងនេះវិញ គឺជាពាក្យរបស់ក្រុមមនុស្សដែលគាំទ្រអ្នកនាង។

អ្នកនាង សេង ធារី ដែលបច្ចុប្បន្ន មានវ័យ៥០ឆ្នាំស្តើង បាននិយាយក្នុងវីដេអូឃ្លីបមួយថា អ្នកនាង បានធ្វើការងារផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យអស់ប្រមាណ៣០ឆ្នាំមកហើយ។ អ្នកនាង ជាអ្នករៀនជំនាញច្បាប់ពីអាម៉េរិក និងមានសញ្ជាតិអាម៉េរិក។

អ្នកនាង គឺជាជនជាប់ចោទម្នាក់ ក្នុងចំណោម១៣៩នាក់ ដែលត្រូវតុលាការកម្ពុជា ចោទពីបទរួមគំនិតក្បត់ (ជាតិ)។ រងពីបទរួមគំនត់ក្បត់ (ជាតិ) ដោយសារតុលាការ រកឃើញថា ពួកគេ ជាប់ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី។ សម្រាប់រដ្ឋាភិបាលកម្ពុជា ផែនការ៩វិច្ឆិកា គឺជាផែនការផ្តួលរំលំរដ្ឋាភិបាល។

អ្នកនាង បានឡើងតុលាការភ្នំពេញអស់៣-៤លើករួចមកហើយ ហើយសុទ្ធតែបានបង្កឲ្យមានភាពភ្ញាក់ផ្អើលដល់សាធារណជន ដោយសារការតុបតែងខ្លួនរបស់អ្នកនាង រួមមាន ស្លៀកពាក់ឈុតអប្សរា ស្លៀកពាក់សម្លៀកបំពាក់ជាបុរស និង ស្លៀកពាក់ឈុតអ្នកទោស។ ហេតុផលរបស់អ្នកនាង គឺអ្នកនាង ចាត់ទុកតុលាការ ថាជាការតុលាការឆាកល្ខោននយោបាយ ដែលត្រូវបានរៀបចំឡើង ដើម្បីសម្តែងឈុតឆាកនយោបាយ ដូច្នេះហើយ ទើបអ្នកនាង តែងខ្លួនឲ្យប្លែក ដើម្បីចូលរួមសម្តែងជាមួយតុលាការ។ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាង នឹងឡើងតុលាការម្តងទៀត។

ចំពោះបុគ្គលិកណាហ្កាវើលដ៍ ពួកគេ បានប្រមូលផ្តុំគ្នាអស់រយៈពេលជិត១ខែហើយ ដើម្បីទាមទារលក្ខខណ្ឌផ្សេងៗ ពិសេសទាមទារឲ្យបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបញ្ឈប់ បានចូលធ្វើការវិញ។ បច្ចុប្បន្ន មានមេសហជីពរបស់ពួកគេ៨នាក់ កំពុងជាប់ឃុំ ដោយសារការចូលរួមទាមទារនេះ។ បុគ្គលិកណាហ្កាវើលដ៍ ទាមទារឲ្យដោះលែងមេសហជីពទាំង៨នាក់នោះវិញ៕

Tag:
 សេង ធារី
© រក្សាសិទ្ធិដោយ thmeythmey.com