ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានអាស៊ានបច្ចុប្បន្ន ប្រធានឆ្នាំមុន ប្រធានឆ្នាំក្រោយ និង អគ្គលេខាធិការ ត្រូវធ្វើការរួមគ្នា ក្នុងការជួយមីយ៉ាន់ម៉ា
17, Jan 2022 , 9:29 pm        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ាន និង លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ាន និង លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
ក្នុងជំនួបជាមួយលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់សម្តេច ក្នុងការបង្កើតយន្តការ ដើម្បីជួយមីយ៉ាន់ម៉ាឲ្យមានដំណោះស្រាយសមស្រប។ សម្តេច បញ្ជាក់ថា យន្តការនេះ ត្រូវមានការចូលរួមពីភាគីសំខាន់ៗ គឺប្រធានអាស៊ានឆ្នាំ២០២២នេះ ប្រធានអាស៊ានឆ្នាំមុន ប្រធានអាស៊ានឆ្នាំក្រោយ និង អគ្គលេខាធិការអាស៊ាន ដើម្បីធ្វើការងារជាមួយគ្នា ក្នុងការជំរុញ និងការតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា។

 
 
បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្រ្តី បាននិយាយឡើងវិញ ពីដំណើរទស្សនកិច្ចរបស់ខ្លួន នៅមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២។ ការបញ្ឈប់ការបាញ់គ្នា ការបញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ា និង ការបើកច្រកចរចារកដំណោះស្រាយនៅមីយ៉ាន់ម៉ា តាមរយៈបេសជនពិសេសរបស់អាស៊ាន គឺជាគោលបំណងដ៏សំខាន់ក្នុងការដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយត្រូវសម្តេច លើកយកទៅប្រាប់ដល់អគ្គលេខាធិការអាស៊ាន។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅមីយ៉ាន់ម៉ា របបយោធាមីយ៉ាន់ម៉ា បានបសម្រេចពន្យារបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២។ យ៉ាងណា ក្នុងការអនុវត្តជាក់ស្តែង គេ នៅតែឃើញមានការបាញ់គ្នានៅមីយ៉ាន់ម៉ាដដែល។   
 
លោក Lim Jock Hoi សន្យានៅមុខសម្តេច ហ៊ុន សែន ថា លោក នឹងធ្វើការជាមួយកម្ពុជា ជាប្រធានអាស៊ាន ក៏ដូចជាវិស័យផ្សេងទៀត ដែលកម្ពុជាដឹកនាំ ដោយក្នុងនោះ មានទាំងបញ្ហាកូវីដ-១៩ ផងដែរ។ លោក បានគាំទ្រគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ជាពិសេសគោលបំណងរបស់កម្ពុជា ដែលបានអនុវត្តស្របនឹងកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា។
 
កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គឺ ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
 
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅប្រទេសប្រុយណេ ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។ 
 
លោក Lim Jock Hoi បំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២៕ 
 
 
 
 
 

Tag:
 កម្ពុជា
  មីយ៉ាន់ម៉ា
  អាស៊ាន
  ហ៊ុន សែន
  Lim Jock Hoi
© រក្សាសិទ្ធិដោយ thmeythmey.com