ជាតិ
សិល្បះ
មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២ នឹងបញ្ចាំងភាពយន្តល្អៗ ចំនួន១០រឿង
17, Jan 2022 , 10:29 pm        
រូបភាព
រូបពីហ្វេសប៊ុក Japan Foundation Asian Center, Phnom Penh
រូបពីហ្វេសប៊ុក Japan Foundation Asian Center, Phnom Penh
ដោយ:
ភ្នំពេញ៖ មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២ នឹងបញ្ចាំងភាពយន្តល្អៗ ចំនួន១០រឿង សម្រាប់ចាក់បញ្ចាំងឱ្យមហាជនទស្សនា។ ភាពយន្តទាំងនោះ ជាប្រភេទរឿងបែបស្រមើស្រមៃ បែបកំប្លែង និងមានច្រើនប្រភេទទៀត។

 
ភាពយន្តដែលបានចាក់បញ្ចាំង នៅថ្ងៃបើកមហោស្រពភាពយន្តជប៉ុន ឆ្នាំ២០២២ គឺរឿង “Pupelle of Chimney Town” ជាភាពយន្តដ៏ល្បីមួយ និយាយពីការជម្នះភាពភ័យខ្លាច និងការពុះពារទៅកាន់អ្វីដែលគេជឿជាក់។ “Pupelle of Chimney Town” ជាភាពយន្តដ៏ល្បី ដូចនឹងភាពយន្ត Sumo Do. Sumo Don’t និង Shall We Dance របស់លោក Shiko Funjatta ដែរ។ រួមទាំងរឿង Talking the Picture ដែលជាស្នាដៃថ្មីបំផុត របស់អ្នកនិពន្ធរឿងលោក Masayuki Suo ។
 
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុន កាលពីថ្ងៃទី១៤ មករា ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកការរៀបចំមហោស្រពភាពយន្តជប៉ុននេះ គឺជាការជួយជំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែស្អិតរមួតថែមទៀត ពិសេសលើវិស័យសិល្បៈវប្បធម៌។ 
 
ព្រឹត្តិការណ៍នេះ មិនគ្រាន់តែជាវេទិកា សម្រាប់ផ្សព្វផ្សាយពីភាពយន្តជប៉ុនប៉ុណ្ណោះទេ តែក៏ជាទីកន្លែងសម្រាប់ជួបជុំរវាងផលិតករ និងអ្នកបច្ចេកទេសភាពយន្តកម្ពុជា-ជប៉ុន ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។ 
 
លោកស្រីបន្ថែមថា មហោស្រពនេះ ក៏ជាកន្លែងស្វែងរកចំណុចខ្លាំង ចំណុចខ្សោយលើផ្នែកធនធានមនុស្ស និងបច្ចេកទេសរបស់កម្ពុជា រួមទាំងការបង្កើតឱកាសវិនិយោគថ្មីៗបន្ថែមទៀត ក្នុងវិស័យភាពយន្ត ដើម្បីរួមចំណែកដល់ការវិវត្តរីកចម្រើន នៃឧស្សាហកម្មភាពយន្តរបស់ប្រទេសទាំងពីរ។ មហោស្រពនេះ ក៏រួមចំណែកក្នុងការបង្កើនការយល់ដឹង រវាងប្រជាជន និងប្រជាជន និងជាផ្នែកមួយជួយពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌ រវាងប្រទេសទាំងពីរផងដែរ។
  

 លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោកស្រី ភឿង សកុណា ពន្យល់៖«ចាប់តាំងពីឆ្នាំ២០១៥ មហោស្រពភាពយន្តជប៉ុន បានរៀបចំនៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួននៃកម្ពុជា ដែលបាននាំមកនូវភាពយន្តជាច្រើន ប្រកបដោយគុណតម្លៃ សម្រាប់ជូនប្រជាជនកម្ពុជាបានទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការរស់នៅរបស់ប្រជាជនជប៉ុន»។
 
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា  បានថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២ថា មហោស្រពភាពយន្តជប៉ុន មិនត្រឹមតែផ្ដល់ភាពរីករាយដល់អ្នកទស្សនា ប៉ុន្តែអាចជាវិធីមួយជួយឱ្យប្រជាជនកម្ពុជា បានស្វែងយល់ពីសង្គម និងវប្បធម៌ជប៉ុនដ៏សម្បូរបែប។ លោកក៏បានអញ្ជើញប្រជាជនកម្ពុជា ទៅទស្សនាភាពយន្តជប៉ុនកុំបីខាន ដើម្បីបានស្គាល់ជប៉ុនកាន់តែច្រើនផងដែរ។ 
  

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំកម្ពុជា

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បន្ថែម៖«រឿង “Pupelle of Chimney Town” ជាភាពយន្តពេញនិយមក្នុងប្រទេសជប៉ុន។ វាជារឿងគំនូរជីវចលយកចេញពីសៀវភៅរូបភាព ដែលមានរូបភាពយ៉ាងស្រស់ស្អាត និងជាសាច់រឿងបែបមនោសញ្ចេតនា។ នេះគឺជាលើកទី១ ដែលខ្ញុំបានមើលរឿង “Pupelle of Chimney Town”»។
 
ចំណែកឯលោក ឃូសាកាបិ ប្រធានមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ បានបញ្ជាក់ថា មហោស្រពភាពយន្តជប៉ុននៅកម្ពុជា បានចាប់ផ្ដើមដំបូងក្នុងឆ្នាំ២០១៥ ហើយឆ្នាំនេះ ជាមហោស្រពលើកទី៦។ លោកបន្ថែមថា ក្នុងស្ថានភាពបច្ចុប្បន្ន ដែលកម្មវិធីវប្បធម៌ផ្សេងៗ ត្រូវបានផ្អាកដោយសារឥទ្ធិពល នៃជំងឺកូវីដ-១៩ ប៉ុន្តែមហោស្រពភាពយន្តជប៉ុន អាចប្រារព្ធបាន ដោយមានការជួយជ្រោមជ្រែងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃកម្ពុជា។
 
លោក ឃូសាកាបិ ពន្យល់បន្ថែមថា ភាពយន្តចំនួន១០ ដែលនឹងចាក់បញ្ចាំងក្នុងមហោស្រពឆ្នាំនេះ  មានប្រភេទរឿងបែបស្រមើស្រមៃ បែបកំប្លែង និងមានច្រើនប្រភេទទៀត។ ក្នុងនោះមានភាពយន្តគំនូរជីវចល ដែលមានទេសភាពព្រិលយ៉ាងស្រស់ស្អាត។ ភាពយន្តគំនូរជីវចលទាំងនោះ ក៏មានបញ្ចូលសំឡេង ជាភាសាខ្មែរផងដែរ ដូចនោះកុមារា កុមារី អាចរីករាយនឹងការទស្សនារឿងទាំងនោះបាន។ 
  

លោក ឃូសាកាបិ ប្រធានមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ

«ដើម្បីគាំទ្រឧស្សាហកម្មភាពយន្ត ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងដើម្បីឱ្យមនុស្សម្នាបានរីករាយ និងការទស្សនាភាពយន្តបានកាន់តែច្រើន យើងមិនត្រឹមតែចាក់បញ្ចាំង នៅក្នុងរោងភាពយន្តប៉ុណ្ណោះទេ ឆ្នាំនេះមជ្ឈមណ្ឌលអាស៊ី ក៏មានការចាក់បញ្ចាំងភាពយន្តតាមប្រព័ន្ធអនឡាញផងដែរ។ ទស្សនិកជនអាចចូលរួមមើលបានដោយសេរី។ គម្រោងចាក់បញ្ចាំងនេះ នឹងចាប់ផ្ដើមនៅខែធ្នូខាងមុខ»។ នេះគឺជាការបញ្ជាក់របស់ប្រធានមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ។
 
លោកស្រី ភឿង សកុណា បានបញ្ជាក់បន្ថែមថា ជប៉ុនគឺជាប្រទេសមួយ ដែលបានរួមចំណែកដ៏សំខាន់ក្នុងដំណើរការស្វែងរកសន្ដិភាព ការស្ដារ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនជាលំដាប់ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ និងវិស័យវប្បធម៌។ ក្រៅពីការចាក់បញ្ចាំងភាពយន្ត ប្រទេសជប៉ុន ក៏បានរួមចំណែកសំខាន់ ក្នុងការបណ្ដុះបណ្ដាលជំនាញភាពយន្ត ជូនដល់ផលិតករ និងអ្នកបច្ចេកទេសភាពយន្តកម្ពុជាផងដែរ។ 
 
តួយ៉ាងប៉ុន្មានខែចុងក្រោយនេះ ក្រោមកិច្ចសហការវាងមូលនិធិជប៉ុន ការិយាល័យអាស៊ីភ្នំពេញ និងនាយកដ្ឋានសិល្បៈភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការឈូករ័ត្ន បានបើកវគ្គបណ្ដុះបណ្ដាលជំនាញសរសេរ អត្ថបទភាពយន្ត ជំនាញថត ជំនាញកាត់តដំឡើងរូប ព្រមទាំងជំនាញយកសំឡេងជូនដល់សិក្ខាកាម ជាយុវជនកម្ពុជាផងដែរ។ 
  

អ្នកទស្សនាក្នុងថ្ងៃបើកមហោស្រព

លោកស្រីសង្កត់ធ្ងន់ថា សកម្មភាពទាំងអស់នេះ មិនត្រឹមតែជាការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងវិស័យភាពយន្តរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ តែបានឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចសហប្រតិបត្តិការគ្នា លើវិស័យភាពយន្តរវាងប្រទេសទាំងពីរ មនោសញ្ចេតនា ការស្រឡាញ់រាប់អាន និងការចេះជួយគ្នាទៅវិញទៅមក រវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ 
 
លោកស្រីបញ្ជាក់បន្ថែមដូច្នេះ៖«ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់ផលិតករភាពយន្តជប៉ុន ដើម្បីពិនិត្យលទ្ធភាពបង្កើតឱកាសវិនិយោគលើវិស័យភាពយន្តនៅកម្ពុជា។ ពិសេសការប្រើប្រាស់ទឹកដីកម្ពុជា ជាទីកន្លែងសម្រាប់ថតភាពយន្ត ស្របតាមគោលនយោបាយជាតិស្ដីពីវប្បធម៌»។
 
សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ មហោស្រពភាពយន្តជប៉ុន នឹងចាក់បញ្ចាំងភាពយន្តចំនួន១០រឿង។ ខាងក្រោមគឺជាតារាបញ្ជីឈ្មោះចំណងជើង និងកាលបរិច្ឆេទបញ្ចាំងភាពយន្ត ក្នុងមហោស្រពភាពយន្តជប៉ុនឆ្នាំ២០២២៕


តារាងចំណងជើងរឿង និងកាលបរិច្ឆេទបញ្ចាំងភាពយន្ត

Tag:
 ភាពយន្ត
  សិល្បៈ
  ជប៉ុន
  មហោស្រព
 
© រក្សាសិទ្ធិដោយ thmeythmey.com