ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃមុខ គ្រប់ស្តូបអនុស្សាវរីយ៍ នឹងមានចារពីប្រវត្តិសាស្ត្រ ដែលកម្ពុជា ធ្លាប់ជួយវៀតណាមឲ្យបានបង្រួបបង្រួមទឹកដី
18, Jan 2022 , 1:45 pm        
រូបភាព
រូបឆ្វេងដៃ គឺវិមានឈ្នះឈ្នះ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ និងវិមានមិត្តភាពកម្ពុជា-វៀតណាម ក្នុងសួនច្បារមុខវត្តបទុមវត្តី រាជធានីភ្នំពេញ។ រូបដោយសហការី
រូបឆ្វេងដៃ គឺវិមានឈ្នះឈ្នះ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ និងវិមានមិត្តភាពកម្ពុជា-វៀតណាម ក្នុងសួនច្បារមុខវត្តបទុមវត្តី រាជធានីភ្នំពេញ។ រូបដោយសហការី
ដោយ: ថ្មីៗ
ចំណុច២ក្នុងប្រវត្តិសាស្រ្ត គឺទី១ កម្ពុជា ធ្លាប់ជួយវៀតណាមឲ្យបានបង្រួបបង្រួមទឹកដី និងទី២ វៀតណាម ធ្លាប់ជួយកម្ពុជា ឲ្យឆ្លងផុតវាលពិឃាត នឹងត្រូវចារតាមស្តូបអនុស្សាវរីយ៍ទាំងអស់។



មេដឹកនាំកម្ពុជា មិនមែនត្រឹមតែចង់ឲ្យគេ ដឹងពីការជួយរបស់វៀតណាមមកលើកម្ពុជានោះទេ តែក៏ចង់ឲ្យដឹងពីការជួយរបស់កម្ពុជាទៅលើវៀតណាមដែរ។ ចំណុចប្រវត្តិសាស្រ្តដ៏សំខាន់អំពីការជួយគ្នាទៅវិញទៅមករវាងប្រទេសជាប់របងទាំង២នេះ ដែលមេដឹកនាំកម្ពុជា ចង់ឲ្យមនុស្សទូទៅដឹងនោះ គឺកម្ពុជា ធ្លាប់ជួយឲ្យវៀតណាម បានបង្រួបបង្រួមទឹកដី ហើយវៀតណាម ធ្លាប់ជួយឲ្យកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍។ ដើម្បីឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងប្រវត្តិសាស្រ្ត និងដើម្បីឲ្យមហាជន បានដឹងកាន់តែទូលំទូលាយ ការជួយគ្នាទៅវិញទៅមកនេះ នឹងត្រូវចារតាមស្តូបអនុស្សាវរីយ៍ ដែលមានលើទឹកដីកម្ពុជា។

តាមរយៈសារជាសំឡេងជិត១ម៉ោងកន្លះ ដែលបញ្ចេញជាសាធារណៈ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ មេដឹកនាំកំពូលរបស់កម្ពុជា គឺសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសប្រាប់ប្រជាជនដូច្នេះថា៖«...គម្រោងអនាគតរបស់យើងនៅខាងមុខ ស្តូបអនុស្សាវរីយទាំងអស់ ត្រូវសរសេរឲ្យមានគ្រប់លក្ខណៈ គឺការកសាងស្តូបនេះ សំដៅមើលឲ្យឃើញអំពីការដែលប្រជាជនកម្ពុជា ជួយប្រជាជនវៀតណាម ក្នុងការរំដោះភាគខាងត្បូង និងឈានទៅឯកភាពជាតិ និងការអភិវឌ្ឍ ហើយស្តូបនេះ ក៏កសាងឡើង ដើម្បីឲ្យឃើញអំពីការជួយរបស់វៀតណាម ឲ្យប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

ក្នុងពិធី១នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីគុណស្រ័យដែលធ្លាប់មានលើគ្នាទៅវិញទៅមករវាងកម្ពុជា-វៀតណាម។ រដ្ឋមន្រ្តី ដែលកាន់កិច្ចការផ្ទៃក្នុងប្រទេសរូបនេះ បានថ្លែងថា៖«បើនិយាយអំពីទំនាក់ទំនងកម្ពុជា-វៀតណាម គឺកម្ពុជា ក៏ធ្លាប់បានជួយវៀតណាម ដើម្បីឯកភាពទឹកដីរវាងភាគខាងជើងនិងភាគខាងត្បូង ឯវៀតណាម ក៏ធ្លាប់ជួយកម្ពុជា នៅពេលកម្ពុជា ឆ្លងកាត់របបប្រល័យពូជសាសសន៍ ប៉ុល ពត»។

ក្នុងអតីតកាល វៀតណាម ធ្លាប់បែងចែកទឹកដីជា២ គឺវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ វៀតណាមខាងជើង ដែលស្ថិតក្រោមការដឹកនាំរបស់លោក ហូ ជីមិញ ប្រកាន់យករបបកុម្មុយនីស្តតាមលោកខាងកើត ហើយវៀតណាមខាងត្បូង ប្រកាន់យករបបសេរីតាមលោកខាងលិច។ ក្នុងឆ្នាំ១៩៧៥ វៀតណាមខាងជើង បានបង្រួបបង្រួមវៀតណាមខាងជើង និងវៀតណាមខាងត្បូង ទៅជាវៀតណាមតែ១ឡើងវិញ ដោយមានចំណែកនៃការជួយជ្រោមជ្រែងពីកម្ពុជា។

ប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងតាមរយៈសារជាសំឡេងថា វៀតណាម ក៏ធ្លាប់ដឹងគុណកម្ពុជាដែរ។ មេដឹកនាំកម្ពុជា បន្តថា រាល់សុន្ទរកថា មេដឹកនាំវៀតណាម តែងអរគុណកម្ពុជា ដែលបានជួយវៀតណាម ក្នុងការរំដោះវៀតណាមខាងត្បូង រហូតឈានទៅបង្រួបបង្រួមវៀតណាមតែ១។

កម្ពុជា ជួយវៀតណាមឲ្យបានបង្រួបបង្រួបបង្រួមទឹកដី តើជួយអ្វី និងជួយដូចម្តេច? ផ្អែកតាមការបកស្រាយរបស់លោកសាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា ការជួយដ៏ធំរបស់កម្ពុជាលើវៀតណាម គឺកម្ពុជា ដែលកាលនោះ ស្ថិតក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ បានអនុញ្ញាតឲ្យវៀតណាមខាងជើង ប្រើប្រាស់ទឹកដឹកដីកម្ពុជា សម្រាប់បម្រើដល់កិច្ចការកងទ័ព ដូចជា ការចម្លងកងទ័ព ការចល័តកងទ័ព និង ការរំដោះកងទ័ព ជាដើម ដើម្បីឈានដល់ការបង្រួបង្រួមវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ បន្ថែមពីនេះ វៀតណាមខាងជើង បានប្រើប្រាស់ទឹកដីកម្ពុជា ក្នុងការដឹកជញ្ជូនថ្នាំពេទ្យ និងស្បៀងសម្រាប់កងទ័ព។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ អធិប្បាយដូច្នេះថា៖«...ទាំងអស់នេះហើយ ជាគុណបំណាច់១ ដែលនៅក្នុងសម័យសម្តេចតា បានធ្វើសម្រាប់សន្តិភាពប្រទេសខ្លួនផង និងដើម្បីឲ្យវៀតណាមបានបង្រួបបង្រួមផង ព្រោះ [ព្រះអង្គ] យល់ឃើញថា បើវៀតណាមខាងជើង ខាងត្បូង នៅតែមានទំនាស់ឈ្លោះគ្នា ភ្លើងសង្គ្រាមដ៏ក្តៅនោះ នឹងអាចឆេះរាលដល់កម្ពុជាយើង អ៊ីចឹងបានលោក ខំប្រឹងប្រើនយោបាយបែបនេះ»។

ចំណែក កម្ពុជា បានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍អស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលបណ្តាលឲ្យប្រជាជនកម្ពុជាជាង១លាន៧សែននាក់ បានបាត់បង់ជីវិត។ ៧មករា ១៩៧៩ ត្រូវបានកំណត់ ថាជាថ្ងៃ ដែលរបបខ្មែរក្រហម ត្រូវបានផ្តួលរំលំ ក្រោមស្នាដៃរបស់ក្រុមអ្នកតស៊ូខ្មែរ ដោយមានការជ្រោមជ្រែងពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃ៧មករា មេដឹកនាំក្នុងជួររដ្ឋាភិបាល និងក្នុងជួរគណបក្សប្រជាជនកម្ពុជា តែងបង្ហាញការចងចាំ និងការដឹងគុណរបស់វៀតណាម ដែលចូលមកជួយកម្ពុជា ឲ្យយកឈ្នះលើរបបយង់ឃ្នងនេះ។

តាមរយៈសារជាសំឡេងដដែល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអ្នកតស៊ូម្នាក់ក្នុងការផ្តួលរំលំរបបខ្មែរក្រហម បានរម្លឹកឡើងវិញថា កងទ័ពវៀតណាម បានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជួយប្រជាជនកម្ពុជា ឲ្យរួចផុតពីរណ្តៅមរណៈនាសម័យខ្មែរក្រហម។ សម្រាប់មេដឹកនាំកម្ពុជារូបនេះ វៀតណាម បានធ្វើពលិកម្ម និងបានបំពេញកិច្ចការមនុស្សធម៌ធំធេងណាស់ដល់ប្រជាជនកម្ពុជា។

កាលពីពេលថ្មីៗនេះ លោក ខាន់ សុវណ្ណ អ្នកនិយមនិយាយរឿងនយោបាយម្នាក់ ដែលមាននិន្នាការទៅខាងគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច បានបកស្រាយតាមបណ្តាញសង្គមពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកម្ពុជា ពិសេសផ្តោតលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្រោយការដួលរលំរបបខ្មែរក្រហម។ ការលើកបន្តុបនាយករដ្ឋមន្រ្តីកម្ពុជាដោយបរទេស ការចាប់លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្រ្តីកម្ពុជា និង ការស្លាប់របស់លោក ចាន់ ស៊ី អតីតនាយករដ្ឋមន្រ្តីកម្ពុជា សុទ្ធតែជាប្រធានបទ ដែលស្ថិតក្នុងការអត្ថាធិប្បាយរបស់លោក ខាន់ សុវណ្ណ។

ពេលស្តាប់ការអត្ថាធិប្បាយរបស់លោក ខាន់ សុវណ្ណ អំពីព្រឹត្តិការណប្រវត្តិសាស្រ្តទាំងនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឮកន្លែងខុសច្រើន។ ដោយសារការអត្ថាធិប្បាយនេះហើយ ទើបសម្តេច ត្រូវចេញសារជាសំឡេង ដើម្បីបញ្ជាក់និងកែតម្រូវ។ ក្នុងការបញ្ជាក់នេះ សម្តេច ក៏បាននិយាយទៅដល់ការជួយគ្នាទៅវិញទៅមករវាងកម្ពុជា និងវៀតណាម រួមទាំងគម្រោង ក្នុងការចារពីប្រវត្តិសាស្រ្តនៃការជួយគ្នាទៅវិញទៅមកនេះ នៅតាមស្តូបអនុស្សាវរីយ៍។

យ៉ាងណាក៏ដោយចុះ មេដឹកដឹកនាំកម្ពុជា ដែលកាន់អំណាចជិត៤០ឆ្នាំមកហើយនោះ ពុំបានបញ្ជាក់ឡើយថា ពាក្យស្តូបអនុស្សាវរីយ៍ គឺសំដៅដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ឬស្តូបនយោបាយឈ្នះឈ្នះ ឬក៏សំដៅដល់ស្តូបទាំង២ប្រភេទនេះ។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធមិនធ្វើអត្ថាធិប្បាយជាមួយសារព័ត៌មានថ្មីៗ ដ្បិតលោក ក៏ពុំបានដឹងច្បាស់ដែរថា ប្រមុខរដ្ឋាភិបាលកម្ពុជា ចង់សំដៅលើស្តូបមិត្តភាពកម្ពុជា-វៀតណាម ឬស្តូបនយោបាយឈ្នះឈ្នះ។

ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានចាត់ទុកជាមិត្តរូបនៃជ័យជម្នះលើរបបខ្មែរក្រហម ក្រោមការជួយរបស់កងទ័ពវៀតណាម។ បច្ចុប្បន្ន ស្តូបនេះ ត្រូវបានសាងសង់ឡើងតាមរាជធានី-ខេត្តជាង២០ហើយ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥នៅកម្ពុជា។ នៅរាជធានីភ្នំពេញ ត្រូវបានចារលើផ្ទាំងថ្មថា «វិមានមិត្តភាពកម្ពុជា-វៀតណាម»។ នៅតាមខេត្ត ត្រូវបានចារលើផ្ទាំងថ្មថា «ស្តូបមិត្តភាពកម្ពុជា-វៀតណាម»។ វិមានមិត្តភាពកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ និងស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅតាមខេត្ត ពុំមានចារអក្សរអ្វីផ្សេង ក្រៅពីពាក្យ «វិមានមិត្តភាពកម្ពុជា-វៀតណាម» និង ពាក្យ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ឡើយ។

រីឯវិមាននយោបាយឈ្នះឈ្នះ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ ត្រូវបានកសាងឡើង ដើម្បីបង្ហាញពីតឹកតាងប្រវត្តិសាស្រ្ត ទាក់ទងនឹងការតស៊ូរំដោះប្រទេសពីរបបខ្មែរក្រហម។ ខុសពីវិមានមិត្តភាពកម្ពុជា-វៀតណាម និងស្តូបមិត្តភាពកម្ពុជា-វៀតណាម វិមាននយោបាយឈ្នះឈ្នះ មានចារអក្សរតាមផ្ទាំងថ្មជាច្រើន អំពីប្រវត្តិសាស្រ្តនៃការតស៊ូរំដោះប្រទេស និងប្រវត្តិសាស្រ្តនៃការប្រើនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន ក្នុងការធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ។

ការចាកចេញរបស់សមមិត្ត ហ៊ុន សែន ជាមួយសមមិត្ត៤រូបទៀត ពីកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទៅកាន់វៀតណាម ដើម្បីសុំជំនួយជាកងទ័ព ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ការផ្តួលរំលំរបបខ្មែរក្រហមបានជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការទទួលបានឯកភាពជាតិ-សុខសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ គឺជាព្រឹត្តិការណ៍ធំៗទាំង៤ដំណាក់កាលក្នុងប្រវត្តិសាស្រ្ត ដែលមានចារជាអក្សរ និងបង្ហាញតាមរយៈការឆ្លាក់រូបជាប់ជញ្ជាំងថ្មនៃបរិវេណវិមាននយោបាយឈ្នះឈ្នះ។

រដ្ឋាភិបាលកម្ពុជា កំពុងបន្តទៅកសាងស្តូបនយោបាយឈ្នះឈ្នះ តាមបណ្តាខេត្តមួយចំនួនទៀត រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និង កំពង់ស្ពឺ។ ក្នុងចំណោមខេត្តទាំង៤ ខេត្តកោះកុង ចាប់ផ្តើមសាងសង់ស្តូបនយោបាយឈ្នះឈ្នះ តាំងពីឆ្នាំ២០២០មក និងខេត្តឧត្តរមានជ័យ ទើបចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២២នេះ ខណៈខេត្តប៉ៃលិន និង ខេត្តកំពង់ស្ពឺ មិនទាន់ចាប់ផ្តើមនៅឡើយទេ។ នៅប៉ែកខាងជើងរាជធានីភ្នំពេញ ហៅថាវិមាននយោបាយឈ្នះឈ្នះ តែនៅតាមខេត្ត ហៅត្រឹមស្តូបនយោបាយឈ្នះឈ្នះ៕ 

Tag:
 ស្តូបអនុស្សាវរីយ៍
  កម្ពុជា
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com