ជាតិ
សេដ្ឋកិច្ច
លោក សុង សារ៉ន៖ កម្ពុជាត្រូវការពេល៣ឆ្នាំវិញ ទើបអាចក្តាប់ទីផ្សារអង្ករនៅអឺរ៉ុបបានដូចមុន
18, Jan 2022 , 7:59 pm        
រូបភាព
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ រូបថត៖ CRF
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ រូបថត៖ CRF
សភាពាណិជ្ជកម្មសហភាពអឺរ៉ុប នឹងបញ្ចប់ទណ្ឌកម្មក្នុងការយកពន្ធលើអង្ករ ដែលកម្ពុជានាំចូល នៅថ្ងៃទី២០មករា។ រយៈពេលបីឆ្នាំ ដែលកម្ពុជាជាប់ពន្ធក្នុងការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបនោះ កម្ពុជាបានបាត់បង់ចំណែកទីផ្សារនៅតំបន់នេះប្រមាណ៣០ភាគរយ។ បើតាមការលើកឡើងរបស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោយបញ្ចប់ការយកពន្ធលើអង្ករនេះ កម្ពុជាគឺត្រូវពេលបីឆ្នាំវិញ ដើម្បីកា្តប់ទីផ្សារអង្ករនៅអឺរ៉ុបឱ្យបានដូចមុនឆ្នាំ២០១៩ ខណៈបច្ចុប្បន្នទីផ្សារនេះ មានត្រឹមជាង២០ភាគរយប៉ុណ្ណោះ។

 
មុនឆ្នាំ២០១៩ កម្ពុជាកា្តប់ទីផ្សារអង្ករនៅអឺរ៉ុប បានរហូតជាង៥០ភាគរយ នៃការនាំចេញអង្ករសរុបប្រចាំឆ្នាំនីមួយៗ។ ប៉ុន្តែ រយៈពេលបីឆ្នាំចុងក្រោយ ដែលសភាពាណិជ្ជកម្មអឺរ៉ុបសម្រេចគិតពន្ធលើអង្ករកម្ពុជា ចាប់ពីថ្ងៃទី២០មករា ឆ្នាំ២០១៩ មក កម្ពុជាបានបាត់បង់ចំណែកទីផ្សារអង្ករនៅតំបន់នេះ អស់ប្រមាណ៣០ភាគរយ។ បើតាមលោក សុង សារ៉ន កម្ពុជាត្រូវការពេលបីឆ្នាំ ដើម្បីកា្តប់ទីផ្សាអង្ករនៅអឺរ៉ុបបានមកវិញ។
 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ញើញលោក-អ្នកទស្សនាបទសម្ភាសរវាងលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗខាងក្រោមដូចតទៅ៖ 
 
 

«យើងរំពឹងរយៈពេលបីឆ្នាំ បានត្រលប់ដូចមុនឆ្នាំ២០១៩វិញ»។ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយប្រាប់សារព័ត៌មានThmeyThmeyដូច្នេះ ដោយបានបញ្ជាក់ថា៖ «ដោយសារហេតុការណ៍ភ្លាមៗបែបនេះ គឺអតិថិជនយើងមួយចំនួនបានបញ្ជាទិញអង្ករពីប្រទេសផ្សេងរួចទៀតហើយ។ ដូច្នេះ យើងរំពឹងថា[ការនាំចេញអង្ករក្នុងឆ្នាំ២០២២]នឹងកើន ប៉ុន្តែយើងមិនអាចដូចមុនបានភ្លាមៗទេ! យើងត្រូវការពេល២ទៅ៣ឆ្នាំបន្ថែមទៀត ដើម្បីឱ្យស្ថានការណ៍របស់យើងឈរជើងបាន ហើយយើងអាចប្រកួតប្រជែងយកទីផ្សារយើងវិញបាន ឱ្យដូចឬប្រហែលនឹងមុនឆ្នាំ២០១៩»។
 
សម្រាប់ឆ្នាំ២០២២ សហព័ន្ធស្រូវអង្ករកម្ពុជា គឺព្យាយាមធ្វើយ៉ាងណាដើម្បីសម្រេចការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបឱ្យបាន២០ម៉ឺនតោន។ លោក សារ៉ន បាននិយាយដូច្នេះ៖« « យើងនឹងកើនឡើង១០ភាគរយៗ ដោយឡើងរហូតដល់ប្រហាក់ប្រហែលចំនួន២៥ទៅ៣០ម៉ឺនតោន ដូចពីមុនវិញ ហើយអ្វីដែលយើងចង់បានគឺចំនួន៣០ម៉ឺនតោន»។
 
ដើម្បីកា្តប់ទីផ្សារអង្ករនៅអឺរ៉ុបបានមកវិញ សហព័ន្ធស្រូវអង្ករកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សព្វផ្សាយ  ចូលរួមតាំងពិព័រណ៍ និងចុះជួបអតិថិជនធំៗនៅតំបន់អឺរ៉ុបដោយផ្ទាល់។ នេះជាការលើកឡើងរបស់លោក សុង សារ៉ន។
 
ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបានជាង៦០ម៉ឺនតោន ដែលមានតម្លៃប្រមាណ៥០០លានដុល្លារអាម៉េរិក។ ក្នុងចំណោមអង្ករនាំចេញនេះ មានជិត១៤ម៉ឺនតោនប៉ុណ្ណោះ ដែលបាននាំចូលទីផ្សារអឺរ៉ុប។
 
សូមរម្លឹកថា សភាពាណិជ្ជកម្មនៃសហភាពអឺរ៉ុបយកពន្ធលើអង្ករកម្ពុជា ជាផ្លូវការចាប់ពីថ្ងៃទី២០មករា ឆ្នាំ២០១៩ ក្នុងអត្រាជិត២០០ដុល្លារអាមេរិក សម្រាប់អង្ករមួយតោន។ អត្រាពន្ធនេះ បានធ្លាក់មកនៅត្រឹមជាង១៧០ដុល្លារ សម្រាប់អង្ករមួយតោន នៅក្នុងឆ្នាំ២០២០ និងជាង១៤១ដុល្លារក្នុងអង្ករមួយតោន នៅឆ្នាំ២០២១៕
 
 

Tag:
 កសិកម្ម
  អង្ករ
  លោក សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com