ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឈឺ​បំពង់ក​ អាហារ​ដែល​គួរ​និង​មិន​គួរ​បរិភោគ
18, Jan 2022 , 10:59 pm        
រូបភាព
បើសិន​ជា​អ្នក​ជា​មនុស្ស​ងាយ​នឹង​ឈឺបំពង់ក​ជាប់​រហូត អ្នក​គួរតែ​ធ្វើយ៉ាងណា​អោយ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​។ ខ្ញុំ​ចំណាំ​ឃើញថា បើសិនជា​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ស្ករ​ច្រើន វា​នឹង​ធ្វើអោយ​ប្រព័ន្ធ​ភាព​សាំ​របស់ខ្ញុំ​ចុះខ្សោយ ហើយ​ពេលនោះ​ស្រាប់តែ​មាន​ជំងឺ​រលាក​បំពង់ក​ភ្លាម​។ការ​ឧស្សាហ៍​រលាក​ក្រពេញ​អាមីដាល់​រយៈពេល​ខ្លី អាច​បញ្ជាក់​អោយដឹងថា ប្រព័ន្ធ​ទឹករងៃ​របស់​អ្នក​កំពុងតែ​ស្ថិតក្នុង​សភាព​មិនល្អ ហើយ​រាងកាយ​របស់​អ្នក​កំពុងតែ​ច្រោះ​ជាតិពុល​។ ការ​ឈឺបំពង់ក​ជា​ទៀងទាត់​ក៏មាន​ជាប់ទាក់ទង​ជាមួយគ្នា​នឹង​មេរោគ​ផ្សិត​រីកលូតលាស់​ច្រើន​ជាពិសេស មេរោគ Candida​។​

 
​ការ​រលាក និង​ការឈឺចាប់​ក្នុង​បំពង់ក​អាច​បង្ក​រោគសញ្ញា​ដូចជា ឈឺចាប់​ពេល​លេប​អាហារ ឬ​និយាយ​, មាន​អារម្មណ៍​ថា​រសើបៗ​ក្នុង​បំពង់ក​, មាន​សម្បោរ​ច្រើន​ក្នុង​ច្រមុះ និង​ប្រហោង​ឆ្អឹង​ក្នុង​ច្រមុះ ហើយ​ពេល​ខ្លះ​មាន​សម្លេង​គ្រលរ ឬ​និយាយ​មិន​ចេញ​ទៀតផង​។ ការបង្ក​រោគ​ទាំងនេះ​ច្រើន​បង្កឡើង​ដោយ​វីរុស ឬ​បាក់តេរី​។ ជំងឺ​ឈឺបំពង់ក​ដែល​បណ្តាល​មក​ពី​បាក់តេរីស្ត្រិប​តូកូក ( Streptococcal infection) ត្រូវតែ​អោយដឹង និង​ព្យាបាល​អោយបាន​ត្រឹមត្រូវ​។ ដូច្នេះ​បើ​សិន​ជា​រោគសញ្ញា​នោះ​ទៅ​ជា​ធ្ងន់ធ្ងរ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​
 
​អាហារ​ត្រូវ​ចៀសវាង​
 
·         ចូរ​បញ្ឈប់​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ទាំង​អស់​រយៈពេល ៤​ថ្ងៃ​ដើម្បី​អោយ​ប្រព័ន្ធ​ភាពស៊ាំ​មានឱកាស​ប្រឆាំងនឹង​ការបង្ក​រោគ​។​
 
·         ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ធ្វើ​ពី​ម្ស៉ៅ​ស​, អាហារសម្រន់ និងប័រ​ហ្គឺ​រ​។​
 
·         កាហ្វេ​, ភេសជ្ជៈ​មាន​ជាតិ​ស្ករ និង​ស្រា​សុទ្ធតែ​បណ្តាលអោយ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​។​
 
·         ចូរ​កាត់បន្ថយ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​សុទ្ធ​។​
 
​អាហារ​គួរ​ទទួល​ទាន​
 
·         ចូរ​ញ៉ាំ​ទឹក​អោយបាន​ច្រើន ជាពិសេស​តែ​បៃតង ឬ​ទឹក​ផ្លែឈើ​។​
 
·         ចូរ​ញ៉ាំ​ទឹក​ក្តៅ​ជាមួយ​ម្ស៉ៅ​វីតាមីន រួម​នឹង​ក្រូចឆ្មា​, ខ្ញី ឬ​ខ្ទឹមស ជាមួយនឹង​ទឹកឃ្មុំ​បន្តិចបន្តួច​។​
 
·         ខ្ទឹម​ស និង​ខ្ទឹមបារាំង​គឺជា​អាហារ​ដ៏​អស្ចារ្យ​ព្រោះ​វា​មាន​សមាភាព​ជា​ថ្នាំ​ប្រឆាំង​បាក់តេរី ផង និង​សម្លាប់​មេរោគ​ផង​។​
 
·         នៅពេល​មាន​ជំងឺ​ផ្តាសាយ​ហើយ ចូរ​ញ៉ាំ​ផ្លែឈើ បន្លែ និង​អង្ករសម្រូប​អោយបាន​ច្រើន ប៉ុន្តែ​បន្ថយ​សាច់​ត្រី ឬ​សាច់មាន់​វិញ​។​
 
·         ចូរ​ញ៉ាំ​ទឹក​ខ្ញី និង​ទឹក​ក្រូចឆ្មា​អោយបាន​ច្រើន​។​
 
·         បង្កើន​ការ​ទទួលទាន​ទឹក ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។​
 
​ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​
 
·         នៅពេល​មាន​រោគសញ្ញា​ស្រួចស្រាវ ចូរ​ប្រើ​វីតាមីន A ១០០០០​យូ​នី​ត​ជា​រៀងរាល់ថ្ងៃ​ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ (​ប្រសិនបើ​អ្នក​មាន​ផ្ទៃពោះ ចូរ​ប្រើតែ ៣០០០​យូ​នី​ត​បាន​ហើយ​) ឬ​ញ៉ាំ​ថ្លើម​អោយបាន​ម្តង​ក្នុង​មួយ​សប្តាហ៍​។​
 
·         ចូរ​ប្រើ​វីតាមីន C ពី ២ ទៅ​៣​ក្រាម​ជា​រៀងរាល់ថ្ងៃ​ពេលបាយ​។​
 
·         ចូរ​ប្រើ​វីតាមីន B​កំផ្លេច​ដើម្បី​ជួយ​ទ្រទ្រង់ក្រ​ពេញ​លើ​តម្រង​នោម ព្រមទាំង​បន្ថែម​វីតាមីន B5 ៥០០​មី​លី​ក្រាម​។​
 
·         កាលណា​កម្រិត​សេ​ឡេ​ញ៉ូម​ចុះ​ទាប​ច្រើន​តែ​បណ្តាល​អោយ​ឆ្លង​ជំងឺ​ពី​វីរុស​។ ចូរ​ប្រើ​វីតាមីន និង​ជាតិ​រ៉ែ​ចម្រុះ​ដែល​មាន​ជាតិ​សេ​ឡេ​ញ៉ូម ២០០​ម៉ៃក្រូ​ក្រាម និង​ស័ង្គសី ៣០​មី​លី​ក្រាម​។​
 
·         ផលិតផល Celloid Chloride Compound ជួយ​សម្រួល​ដល់​ការស្ទះ​ក្នុង​ទឹករងៃ និង​បំបាត់​ការ​ឈឺបំពង់ក​។ ចូរ​ប្រើ ២០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​។​
 
·         ផលិតផល Beta-carotene ពី​ធម្មជាតិ​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រឆាំង​នឹង​ការបង្ក​រោគ​។​
 
·         ផលិតផល Zinc Gluconate Lozenges ពិតជា​អាច​ជួយ​បន្ថយ​អា​ការៈឈឺ​បំពង់​ក​បាន ចូរ​ប្រើ​រយៈពេល ៣ ទៅ​៤​ថ្ងៃ​ជា​រៀងរាល់ថ្ងៃ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com