អត្ថបទពាណិជ្ជកម្ម
ភាពធំទូលាយ ឬផាសុកភាព ឬអ្នកត្រូវការទាំងពីរ? តើអ្នកត្រូវជ្រើសរើសរថយន្តប្រភេទអ្វីរវាងរថយន្ត SUV 7កៅអីនិង 5កៅអី?
19, Jan 2022 , 2:42 pm        
រូបភាព
រថយន្តប្រភេទ SUV គឺជាប្រភេទរថយន្តដែលកំពុងមានការពេញនិយមនាពេលបច្ចុប្បន្ននេះ ដោយសារហេតុផលជាច្រើន។ មនុស្សភាគច្រើនចូលចិត្តរថយន្តប្រភេទ SUV ជាងប្រភេទរថយន្តផ្សេងទៀត ព្រោះគេគិតថាផ្តល់នូវសុវត្ថិភាពជាង, ភាពធំទូលាយ, ការបើកបរប្រកបដោយផាសុកភាព និងសមត្ថភាពខ្ពស់ក្នុងការបើកបរ។ អ្នកខ្លះទៀតទិញរថយន្តប្រភេទ SUV ព្រោះពួកគេត្រូវការទំហំធំទូលាយ និងអាចធ្វើដំណើរតាមផ្លូវពិបាកក្នុងប្រទេសកម្ពុជាបាន។ រថយន្តប្រភេទ SUV ឆ្លើយតបតម្រូវការជាច្រើនដូចជា កន្លែងដាក់ជើងមានភាពទូលាយល្អដែលផ្តល់នូវផាសុកភាព និងអាចបើកបរបានគ្រប់ទីកន្លែង។ ហេតុនេះហើយបានជាប្រជាជនកម្ពុជាចូលចិត្តទិញរថយន្តប្រភេទ SUV។ ដូច្នេះបើអ្នកមានលុយក្នុងដៃប្រហែល 40,000 ដុល្លារ តើអ្នកនឹងទទួលបានរថយន្ត SUV 5កៅអី ឬ 7កៅអី? ខាងក្រោមនេះជាចំណុចខុសគ្នាមួយចំនួនរបស់ Toyota Corolla Cross និង Maxus D60 ដែលជារថយន្ត SUV 5 និង 7កៅអី។
 


នាដើមឆ្នាំ២០២២ មានក្រុមហ៊ុនរថយន្តជាច្រើនកំពុងនាំចូលម៉ូដែលថ្មី ស៊េរីថ្មីសម្រាប់ឆ្នាំថ្មី ហើយក្រុមហ៊ុន Toyota ក៏មិនខុសគ្នាដែរ ពួកគេទើបតែបង្ហាញម៉ូដែលថ្មីរបស់ខ្លួនគឺ Corolla Cross 2022 ជាមួយនឹងតម្លៃ 46,900 USD។ Toyota Corolla Cross គឺជាប្រភេទ SUV 5កៅអី ដែលមានការរចនាថ្មីជាមួយនឹងទំហំធំល្អដែលមាន កម្ពស់ 1,620mm, ទទឹង 1,825mm, បណ្តោយ 4,460mm និងគម្លាតពីកង់មុខទៅកង់ក្រោយប្រវែង 2,640mm។ វាផ្តល់នូវកន្លែងដាក់ជើងធំល្អរហូតដល់ 487លីត្រ ហើយវាដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.8-L, 4ស៊ីឡាំង, 16 valve DOHC ដែលផ្តល់ថាមពល 103hp និងកម្លាំងរមួល 172Nm ។ 
  


ផ្នែកខាងក្នុងរបស់ Toyota Corolla Cross រចនាឡើងជាមួយនឹងពណ៌ Terra Rosa និងបំពាក់ដោយសម្ភារមានគុណភាពល្អសម្រាប់ផ្នែកខាងក្នុងកាប៊ីន ជាពិសេសគឺផ្នែកតាប់ឡូ។ វាក៏បំពាក់ដោយកៅអីអូតូសម្រាប់អ្នកបើកបរផងដែរ ដើម្បីធានានូវការប្រើប្រាស់ឱ្យកាន់តែមានផាសុកភាព និងងាយស្រួល។ ម្ចាស់រថយន្តក៏អាចទទួលបានអារម្មណ៍ល្អ និងបទពិសោធថ្មីបន្ថែមទៀត ពេលកំពុងបើកបរជាមួយនឹងអេក្រង់កម្សាន្ត៨អ៊ីញ និងអាចរីករាយជាមួយនឹងតន្ត្រីអំឡុងពេលបើកបរទៀតផង។
 
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីមានការចាប់ផ្តើមដ៏ល្អនៃរថយន្ត Maxus G50 ប្រភេទMPV និង Maxus T60 ប្រភេទPickup នៅក្នុងប្រទេសកម្ពុជាមក, ថ្មីៗនេះក្រុមហ៊ុន Maxus បានបង្ហាញរថយន្តស៊េរីថ្មីគឺ Maxus D60 ប្រភេទSUV 7កៅអីដ៏ទាន់សម័យ ដែលនាំមកនូវការរចនាដ៏ប្រណិតបែបស៊ីវិល័យនៃរូបរាងខាងក្រៅ អមជាមួយនឹងតម្លៃត្រឹមតែ 42,990 USD ប៉ុណ្ណោះ។



ទំហំរបស់ Maxus D60 មានភាពធំទូលាយដែលមានកំពស់ 1,716mm, ទទឹង 1,969mm, បណ្តោយ 5,075mm និង គម្លាតពីកង់មុខទៅកង់ក្រោយប្រវែង(wheelbase) 2,930mm, ដែលទំហំនេះគឺពិតទូលាយល្អណាស់។ ខណៈពេលដែលទំហំសម្រាប់ដាក់ជើងមានចំណុះប្រមាណ500លីត្រប្រសិនបើបត់កៅអីជួរទី៣ចុះ និងលើសពី1000លីត្រប្រសិនបើបត់កៅអីជួរកណ្តាលទៀត ដូច្នេះពិតជាទូលាយមែនទែន។ Maxus D60 មិនត្រឹមតែមានការរចនាយ៉ាងល្អសម្រាប់រូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងត្រូវបានបំពាក់ជាមួយនឹងផ្ទៃខាងក្នុងពណ៌ឈើរី cherry ដ៏ប្រណិតដែលធ្វើឱ្យអ្នកបើកបរមិនចេះជិនណាយ។ Maxus D60 ភ្ជាប់មកជាមួយម៉ាស៊ីនសាំងតួបូចំណុះ 1.5T ដែលផ្តល់កម្លាំងខ្លាំង 169hp និងកម្លាំងរមួល 250Nm ។



វាក៏មានបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ដោយបំពាក់នូវប្រភេទដែកពីរជាន់(double-layer weld)ដែលចាត់ទុកថាជាកម្រិតការពារបន្ថែមដើម្បីរក្សាសុវត្ថិភាពជូនអ្នកនិងគ្រួសារ ទោះក្នុងស្ថានភាពផ្លូវបែបណាក៏ដោយ។ Maxus ក៏មានការធានាជូនរយៈពេល៥ឆ្នាំសម្រាប់ D60 ផងដែរ។ ដូច្នេះម្ចាស់រថយន្តនឹងទទួលបានទំនុកចិត្តកាន់តែខ្លាំងក្នុងពេលប្រើប្រាស់។
 
ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នាដ៏ធំបំផុតរវាងរថយន្តSUVទាំងពីរខាងលើគឺតម្លៃ និងទំហំ។ តម្លៃចាប់ពី 42,990 ដុល្លារ សម្រាប់ SUV 7កៅអី និង 46,900 ដុល្លារសម្រាប់ 5កៅអី។ ទំហំ Boot Space របស់ Toyota Corolla Cross គឺ487លីត្រ ដែលតូចជាងទំហំ500លីត្ររបស់ Maxus D60 ។ ក្នុងនាមជារថយន្តដែលស្ថិតក្នុងជួរតម្លៃប្រមាណជាង 40,000 ដុល្លារ, Toyota Corolla Cross និង Maxus D60 មានភាពខុសគ្នាមួយចំនួនសម្រាប់អ្នកទិញសម្រេចចិត្ត និងពិចារណា។ ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត លោកអ្នកអាចទស្សនា និងបើកសាកល្បងនៅអគារតាំងបង្ហាញរបស់ពួកគេបាន៕
  








(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com