ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនមួយ បោះទុន ១៣០០លានដុល្លារ សង់មណ្ឌលភស្តុភារកម្ម និងផែពហុបំណងនៅខេត្តកំពត
19, Jan 2022 , 7:59 pm        
រូបភាព
រូបតំណាង៖ ទីរួមខេត្តកំពត។ រូបថត៖ ជឿន ស្រីណយ
រូបតំណាង៖ ទីរួមខេត្តកំពត។ រូបថត៖ ជឿន ស្រីណយ
ភ្នំពេញ៖ ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យបង្កើតមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងទឹកដីខេត្តកំពត កាលពីថ្ងៃទី១៧មករា ឆ្នាំ២០២២។ CDC បានបញ្ជាក់ថា ក្រុមហ៊ុននេះបានបោះទុនវិនិយោគចំនួន ១៣០០លានដុល្លារ ដើម្បីអភិវឌ្ឍលើវិស័យដឹកជញ្ជូននេះ។

 
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុញ្ញាតឱ្យ ក្រុមហ៊ុនKAMPOT LOGISTICS AND PORT COMPANY LIMITED វិនិយោគលើការអភិវឌ្ឍមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ក្នុងទំហំទឹកប្រាក់ ១៣០០លានដុល្លារ។ CDC បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ អាចបង្កើតការងារដល់ពលរដ្ឋបានជិត៦០០កន្លែង។ 
 
ចំពោះគម្រោងអភិវឌ្ឍលើវិស័យដឹកជញ្ជូនរបស់ក្រុមហ៊ុនខាងលើនេះ គឺជាការរួមចំណែកមួយយ៉ាងធំ ក្នុងការសម្រួលដល់ថ្លៃនិងល្បឿននៃការដឹកជញ្ជូនរបស់កម្ពុជា ទាំងក្នុងនិងក្រៅស្រុក។ នេះជាលើកឡើងរបស់ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ដោយបានបញ្ជាក់ថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ នឹងត្រូវបានតភ្ជាប់យ៉ាងល្អប្រសើរ សម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញទំនិញនានា ជាពិសេសផលិតផលកសិកម្ម។ 
 
លោក ស៊ិន ចន្ធី បាននិយាយប្រាប់សារព័ត៌មានThmeyThmeyតាមទូរសព្ទ នារសៀលថ្ងៃទី១៨មករា ឆ្នាំ២០២២ ដូច្នេះ ៖«ការសាងសង់នូវមណ្ឌលភស្តុភារកម្មនិងកំពង់ផែពហុបំណងនេះ គឺជាការល្អប្រសើរមែនទែន សម្រាប់កម្ពុជា ហើយវាប្រាកដ ជាបានជួយសម្រួលទៅដល់វិស័យដឹកជញ្ជូនក្នុងការនាំចេញ និងនាំចូលរបស់យើង»។ 
 
ជាមួយគ្នានេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានលើកឡើងថា មណ្ឌលភស្តុភារកម្មនិងកំពង់ផែពហុបំណងនៅខេត្តកំពតនេះ នឹង  សម្រួលដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជាទៅទីផ្សារបរទេសបានកាន់តែច្រើន ជាពិសេសគឺទីផ្សារប្រទេសចិន។ លោក បន្តថា ការវិនិយោគរបស់ក្រុមហ៊ុនKAMPOT LOGISTICS AND PORT COMPANY LIMITED នេះ គឺជាការបើកច្រកផ្លូវឱ្យវិនិយោគិនផ្សេងៗទៀត ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូននៅកម្ពុជា។
 
បើតាមលោក លឹម ហេង ប្រសិនបើមានការវិនិយោគលើផ្នែកដឹកជញ្ជូននេះនៅកម្ពុជាច្រើន នោះវាធ្វើឱ្យថ្លៃ តម្លៃប្រកួតប្រជែងទំនិញក្នុងនិងក្រៅប្រទេសគឺកាន់តែទាប។  លោក បាននិយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ខ្ញុំចង់ឱ្យមានការវិនិយោគបែបនេះ និងការវិនិយោគលើផែស្ងូតគ្រប់ខេត្តដែលមានសក្កានុពលនៅជុំវិញប្រទេសយើង ដើម្បីឱ្យយើងផលិតទំនិញបានហើយគឺមានច្រកលំហូរវាចេញតែម្តង។ ការធ្វើដូចនេះ គឺដើម្បីសម្រួលដល់ថ្លៃដឹកជញ្ជូន រក្សាគុណភាពទំនិញជាពិសេសផលិតផលកសិកម្ម និងបង្កើនប្រសិទ្ធភាពនៃការប្រកួតប្រជែងជាមួយទំនិញបរទេស»៕ 
 
 
 
 

Tag:
 ដឹកជញ្ជូន
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com