ជាតិ
សេដ្ឋកិច្ច
World Bank អនុម័តហិរញ្ញប្បទាន ប្រមាណ៧០លានដុល្លារ ដើម្បីជួយវិស័យអប់រំនៅកម្ពុជា
19, Jan 2022 , 8:59 pm        
រូបភាព
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា។ រូបថត៖ ក្រសួងកសិកម្ម
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា។ រូបថត៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ ធនាគារពិភពលោក(World Bank) បានអនុម័តលើជំនួយហិរញ្ញប្បទានប្រមាណ៧០លានដុល្លារ ដើម្បីជួយកម្ពុជាធ្វើឱ្យកាន់តែប្រសើរនូវលទ្ធភាពប្រកបដោយសមធម៌ ក្នុងការទទួលបានការអប់រំជាមូលដ្ឋាន និងឆ្លើយតបឱ្យបានរហ័សនឹងវិបត្តិនានា ដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំក្នុងប្រទេស។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នាថ្ងៃទី១៨មករា។

 
កញ្ចប់មូលនិធិថ្មីចំនួន៦៩,២៥លានដុល្លារអាម៉េរិក ត្រូវបានធនាគារពិភពលោកអនុម័ត ដើម្បីជួយដល់វិស័យអប់រំនៅកម្ពុជា ជាពិសេសបង្កើនការរៀននិងលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា។ ក្នុងចំណោមថវិកាទាំងនេះ គឺមាន៦០លានដុល្លារ ដែលធនាគារពិភពលោក ផ្តល់ជាឥណទាន(កម្ចី)តាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association/ IDA) និង៩,២៥លានដុល្លារទៀត ជាជំនួយឥតសំណង ពីអង្គការភាពជាដៃគូសាកលដើម្បីការអប់រំ ។
 
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានបញ្ជាក់ថា ហិរញ្ញប្បទានទាំងនេះនឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ(General Education Improvement Project/GEIP) ក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីជួយកម្ពុជាឱ្យសម្រេចនូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនៃការអប់រំឆ្នាំ២០១៩-២០២៣ (Education Strategic Plan/ESP 2019-2023)។ បើតាមធនាគារពិភពលោក ចក្ខុវិស័យនោះគឺឆ្ពោះទៅ«ការបង្កើត និង អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និង សីលធម៌ល្អ ដើម្បីអភវិឌ្ឍឱ្យបានសង្គមមួយដែលមានចំណេះដឹងជាមូលដ្ឋាន»។ 
 
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាពិតជាបានសម្រេចសមិទ្ធផលធំៗជាច្រើន ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ។ ប៉ុន្តែក៏នៅមានបញ្ហាមួយចំនួនកើតឡើងដែលពាក់ព័ន្ធទៅនឹងលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ ជាពិសេសសម្រាប់កុមារច្រើនក្រុម ដូចជា៖ កុមាររស់នៅតាមតំបន់ដាច់ស្រយាល កុមារក្នុងគ្រួសារក្រីក្រ ឬ ក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និង កុមារមានពិការភាព ជាដើម។ 
 
ជាងនេះទៀត លទ្ធផលនៃការរៀនចេះរបស់សិស្សបានរងការប៉ះទង្គិចយ៉ាងខ្លាំង នៅពេលដែលសាលារៀនត្រូវបានបិទទ្វារយ៉ាងយូរ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកស្រី ម៉ារីយ៉ាម សាលីម បានបន្តនិយាយដូច្នេះ៖ «យើងសង្ឃឹមយ៉ាងមុតមាំ ថា គម្រោងនេះនឹងរកដំណោះស្រាយដល់បញ្ហាប្រឈមទាំងនេះ និង ស្តារការអប់រំឱ្យកាន់តែមានភាពប្រសើរឡើងវិញថែមទៀត»។
 
ជាមួយគ្នានេះ នាយិកាប្រតិបត្តិនៃអង្គការភាពជាដៃគូសាកលដើម្បីការអប់រំ លោកស្រី អាលីស អលប្រាយ (Alice P. Albright) បានលើកឡើងថា ការផ្តល់ជំនួយហិរញ្ញវត្ថុនេះ គឺចំពេលដ៏សំខាន់ ក្នុងខណៈដែលមេរោគបំប្លែងថ្មីនៃកូវីដ-១៩ កំពុងបង្កផលប៉ះពាល់កាន់តែអាក្រក់ទៅលើប្រព័ន្ធអប់រំនៅទូទាំងពិភពលោក។ លោកស្រី សង្ឃឹមថា ៖ «ជំនួយទាំងនេះនឹងជួយកម្ពុជាឱ្យបន្តពង្រីកលទ្ធភាពក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និង ធានាយ៉ាងណាឱ្យកុមារក្នុងក្រុមងាយរងគ្រោះបំផុតបានចូលសាលារៀន និង ទទួលចំណេះដឹង ផងដែរ»។
 
បើតាមធនាគារពិភពលោក គម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជាក្រោមកញ្ចប់ហិរញ្ញវត្ថុជិត៧០លានដុល្លារនេះ គឺមានសកម្មភាពធំៗចំនួន៣ដែលត្រូវអនុវត្ត។ ក្នុងការនោះ មានការអនុវត្តកម្មវិធីគ្រប់គ្រងនៅតាមសាលារៀន, ការផ្តល់ការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀន ថ្នាក់ដឹកនាំសាលា គ្រូបណ្តុះបណ្តាល និងបុគ្គលិកសិក្សា, និងការកែលម្អបរិយាកាសរៀនឱ្យប្រសើរឡើងថែមទៀត។ 
 
តាមរយៈគម្រោងនេះ ក៏មានការសាងសង់ និង ស្តារជួសជុលឡើងវិញនូវអគារសិក្សា, មន្ទីរពិសោធន៍វិទ្យាសាស្ត្រ, ស្ថាប័នបណ្តុះបណ្តាលគ្រូ និងសាលាអប់រំពិសេស ហើយនឹងទិញគ្រឿងបរិក្ខារបច្ចេកវិទ្យាសម្រាប់ការអប់រំ និងការជួយដល់សិស្សមានពិការភាព ផងដែរ។  ក្រៅពីនេះ គម្រោងនៅមានការសាកល្បងកម្មវិធីអប់រំបច្ចេកវិទ្យាមួយ (EdTech) សម្រាប់មុខវិជ្ជាគណិតសាស្ត្រ។
 
ធនាគារពិភពលោក បានបញ្ជាក់ថា គោលដៅចម្បងរបស់គម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា គឺការកែលម្អឱ្យប្រសើរឡើងនូវការប្រតិបត្តិមុខងារទូទៅនៅក្នុងប្រព័ន្ធអប់រំទាំងមូលតាមរយៈការកសាងសមត្ថភាពជាតិ សម្រាប់កម្មវិធីកែទម្រង់វិស័យអប់រំ, ការរៀបចំយុទ្ធសាស្ត្រឡើងវិញសម្រាប់អនុវិស័យ, និងការត្រួសត្រាយផ្លូវមួយឆ្ពោះទៅយកការបង្រៀនធ្វើជាអាជីព។ គម្រោងក៏មានគោលដៅជួយសម្រួលដល់ការរៀបចំផែនការយុទ្ធសាស្ត្រនៃការអប់រំឆ្នាំ២០២៤-២០២៨ និងការរៀបចំឱ្យមាន «វេទិកាឧត្តមានុវត្ត» ប្រចាំឆ្នាំក្នុងវិស័យអប់រំ ផងដែរ៕
 
 

Tag:
 អប់រំ
  World Bank
© រក្សាសិទ្ធិដោយ thmeythmey.com