កីឡាអន្តរជាតិ
អន្តរជាតិ
ប្រមុខការទូតអាម៉េរិក ព្រមានថា រុស្ស៊ីអាចវាយប្រហារអ៊ុយក្រែនក្នុងរយៈពេលខ្លី
20, Jan 2022 , 2:01 pm        
រូបភាព
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្នុងដំណើរទស្សនកិច្ចនៅក្រុងកៀវ អ៊ុយក្រែន នៅថ្ងៃទី១៩ ខែមករា។ រូបភាព៖ Twitter-រដ្ឋមន្រ្តីការបរទេសអាម៉េរិក
លោកអាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្នុងដំណើរទស្សនកិច្ចនៅក្រុងកៀវ អ៊ុយក្រែន នៅថ្ងៃទី១៩ ខែមករា។ រូបភាព៖ Twitter-រដ្ឋមន្រ្តីការបរទេសអាម៉េរិក
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី១៩ ខែមករា បានព្រមានថា រុស្ស៊ីអាចវាយប្រហារអ៊ុយក្រែន ក្នុងរយៈពេលខ្លី ដោយសំអាងលើការប្រមូលផ្គុំទ័ពយ៉ាងឆាប់រហ័សនៅក្បែរព្រំដែន។ រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានលើកឡើងដដែលៗថា រុស្ស៊ី អាចរងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែនជាថ្មី។

 
លោក អាន់តូនី ប្លីងខិន បានចាប់ផ្តើមធ្វើទស្សនកិច្ចចាប់ពីថ្ងៃទី១៩ ខែមករា ទៅអ៊ុយក្រែន អាល្លឺម៉ង់ និងស្វ៊ីស ដើម្បីជជែកពីវិបត្តិនយោបាយនៅអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ី បានពង្រាយទ័ពជាង​១០ម៉ឺននាក់ នៅតំបន់ព្រំដែនភាគខាងលិចរបស់ខ្លួន។ ការប្រមូលផ្គុំទ័ពនោះ ត្រូវបានរុស្ស៊ីអះអាងថា ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសលោកខាងលិច និងពីអ៊ុយក្រែន។ 
 
នៅដំណើរទស្សនកិច្ចថ្ងៃដំបូងក្នុងទីក្រុងកៀវ រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ក្នុងគោលបំណងជជែកពីបញ្ហាមួយចំនួន ជាពិសេសប្រធានបទទាក់ទិននឹងរុស្ស៊ី។ ក្នុងជំនួបនោះ លោក ប្លីងខិន យល់ឃើញពីមិនខុសពីប្រមុខការទូតអាល្លឺម៉ង់ដែលទើបបញ្ចប់ទស្សនកិច្ចនៅកៀវថា  ការប្រមូលផ្តុំទ័ពរុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន ធ្វើឡើងដោយមិនមានអ្នករករឿង និងគ្មានហេតុផល។ 
 
«យើងដឹងថា រុស្ស៊ីមានគម្រោងក្នុងការបង្កើនកម្លាំងទ័ពក្នុងរយៈពេលខ្លី»។ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា ការបង្កើនទ័ពក្បែរព្រំដែន បានធ្វើឱ្យប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន មានសមត្ថភាព និងរយៈពេលខ្លី ក្នុងការចាត់វិធានការឈ្លានពានលើអ៊ុយក្រែន។ ក្នុងន័យនេះ លោក ប្លីងខិន បញ្ជាក់ថា អាម៉េរិក នឹងខិតខំប្រើប្រាស់ការទូតរបស់ខ្លួន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី និងជំរុញកិច្ចចរចា រួមទាំងសន្តិភាព។ 
 
ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែននេះ លោក ប្លីងខិន បានព្រមានជាថ្មីថា រុស្ស៊ីនឹងរងទណ្ឌកម្មធ្ងន់ធរ ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែន។ ថ្នាក់ដឹកនាំអាម៉េរិករូបនេះ បានចោទរុស្ស៊ីថា ព្យាយាមធ្វើឱ្យស្ថាប័នការទូតអ៊ុយក្រែនទន់ខ្សោយ និងបំបែកបំបាក់សង្គមអ៊ុយក្រែនតាមរយៈការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ 
 
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy បានអរគុណលោកប្លីងខិនចំពោះទស្សនកិច្ចមកកាន់ប្រទេសខ្លួន រួមទាំងការគាំទ្រ ជំនួយយោធា និងការការពារអធិបតេយ្យរបស់អ៊ុយក្រែន។ 
 
មុននឹងជួបជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov  នៅទីក្រុងហ្សឺណែវ ស្វ៊ីស ក្នុងថ្ងៃទី២១ ខែមករា លោក ប្លីងខិន នឹងជួបជាមួយសម្ព័ន្ធមិត្តអាល្លឺម៉ង់ ដើម្បីជជែកពីបញ្ហាអ៊ុយក្រែន និងរុស្ស៊ីនេះដែរ។ 
 
គួររំលឹកថា ជំនួបរុស្ស៊ី-អាម៉េរិក និងរុស្ស៊ី-ណាតូ ដែលបានធ្វើឡើងនាពេលកន្លងទៅ មិនទទួលបានលទ្ធផលអ្វីឡើយ ដោយភាគីទាំងនោះ នៅតែបន្តខ្វែងគំនិតគ្នា ជុំវិញការបញ្ចូលអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។ រុស្ស៊ី មិនចង់ឱ្យអ៊ុយក្រែនចូលជាសមាជិកណាតូឡើយ ព្រោះវាបើកលទ្ធផលឱ្យសម្ព័ន្ធយោធាមួយនេះ ពង្រាយប្រព័ន្ធអាវុធក្នុងដីអ៊ុយក្រែន និងប៉ះពាល់សន្តិសុខរុស្ស៊ី ខណៈពេលណាតូ គាំទ្រឱ្យអ៊ុយក្រែនចូលជាសមាជិក បើត្រូវតាមលក្ខខណ្ឌ៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com