ជាតិ
សេដ្ឋកិច្ច
ជប៉ុន បន្តជួយពង្រឹងប្រព័ន្ធវេជ្ជសាស្រ្ដនិងសង់សាលារៀន នៅខេត្តបាត់ដំបង ក្រចេះ កំពង់ចាម
20, Jan 2022 , 6:59 pm        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា(កណ្តាល)
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា(កណ្តាល)
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងប្រមាណ៧០ម៉ឺនដុល្លារទៀត ដើម្បីជួយពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ និងកែលម្អបរិស្ថានសិក្សាក្នុងខេត្តចំនួន៣នៅកម្ពុជា តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

 
ថវិកាចំនួន៧២៨ ៥០១ដុល្លារអាម៉េរិក ត្រូវបានរដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ឱ្យអង្គការចំនួន៣នៅកម្ពុជា  សម្រាប់ជួយពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ, ថែទាំសុខភាពសហគមន៍និងបណ្តាញគាំទ្រសម្រាប់កុមារ និងការកែលម្អបរិស្ថានសិក្សា តាមរយៈការសាងសង់សាលាបឋមសិក្សា។ 
 
ក្នុងចំណោមជំនួយឥតសំណងខាងលើនេះ គឺមាន ១២៥ ០១២ ដុល្លារ ត្រូវបានផ្តល់ឱ្យអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍនិងជំនួយសង្គ្រោះអន្តរជាតិ(FIDR) ដើម្បីអនុវត្តគម្រោង«សម្រាប់សល្យសាស្រ្តកុមារ»ប្រចាំខេត្តក្រចេះ ក្នុងឆ្នាំទី៣។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៩មករា ឆ្នាំ២០២២ គម្រោងនេះនឹងជួយពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ តាមរយៈការបណ្តុះបណ្តាលដល់បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត, មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ ដើម្បីកែលម្អគុណភាពនៃការអនុវត្តការវះកាត់ នៅក្នុងមន្ទីរពេទ្យបង្អែក, ពង្រឹងបណ្ដាញដឹកជញ្ជូនអ្នកជំងឺក្នុងខេត្តក្រចេះ និងបង្កើនការយល់ដឹងអំពីការថែទាំវេជ្ជសាស្ត្រក្នុងសហគមន៍ខេត្តក្រចេះទៀតផង។
 
សម្រាប់ថវិកាជាង២០ម៉ឺនដុល្លារ ត្រូវបានផ្តល់ឱ្យអង្គការមូលនិធិជប៉ុន(PHJ)ដើម្បីអនុវត្ត«គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំទី៣។ ថវិកានេះ នឹងប្រើប្រាស់ក្នុងគោលដៅកាត់បន្ថយអត្រាមរណភាពកុមារក្រោមអាយុប្រាំឆ្នាំ និងលើកកម្ពស់ការលូតលាស់ប្រកបដោយសុខភាពល្អរបស់កុមារ។ ដើម្បីសម្រេចបានគោលដៅនេះ អង្គការPHJ នឹងបន្តសកម្មភាពរបស់ខ្លួន ក្នុងការគាំទ្រដល់ការបណ្តុះបណ្តាលចំណេះដឹងដល់បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តសុខាភិបាល ក៏ដូចជាការពង្រីកបណ្តាញរបស់ខ្លួនជាមួយនឹងអ្នកភូមិនៅក្នុងសហគមន៍។
 
ដោយឡែក ថវិកាជាង៤០ម៉ឺនដុល្លារ គឺរដ្ឋាភិបាលជប៉ុនបានផ្តល់ឱ្យការសន្តិស្ម័គ្រចិត្ត (SVA) ដើម្បីអនុវត្ត គម្រោង«ធ្វើឱ្យប្រសើរឡើងនូវបរិស្ថានសិក្សា តាមរយៈការសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាក្នុងខេត្តបាត់ដំបង»។ គម្រោងនេះ នឹងជួយសង់អគារសិក្សា ដែលរួមមានបន្ទប់បណ្ណាល័យ បង្គន់អនាម័យ និងកន្លែងលាងដៃមួយ នៅសាលាបឋមសិក្សាចំនួនបី ក្នុងខេត្តបាត់ដំបង ដើម្បីកែលម្អបរិស្ថានសិក្សា និងអនាម័យ។ តាមរយៈគម្រោងនេះ សិស្សនិងគ្រូចំនួន១,១៤០នាក់នៅសាលារៀនគោលដៅ គឺអាចសិក្សាក្នុងបរិស្ថាន ដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន និងទទួលបានការអប់រំប្រកបដោយគុណភាពប្រសើរជាងមុន។
 
បើតាមលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចាប់ពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៤៥លានដុល្លារដល់គម្រោងចំនួន១៣៨នៅកម្ពុជា ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន។ លោកបានបន្ថែម ថាទនឹ្ទកនឹងគ្នានេះ ជប៉ុន ក៏បានផ្តល់កម្ចីហិរញ្ញប្បទាន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំផងដែរ។  ដូចជា៖ គម្រោងអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ការស្តារផ្លូវជាតិលេខ៥ និងការគាំទ្រដល់ការឆ្លើយតបបន្ទាន់នឹងវិបត្តិកូវីដ-១៩ ជាមួយនឹងទឹកប្រាក់ប្រមាណ១៧០លានដុល្លារទៀត ផងដែរ៕ 
 
 
 

Tag:
 បរិស្ថាន
  អប់រំ
  បាត់ដំបង
  ក្រចេះ
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com