អន្តរជាតិ
ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ពន្យារការប្រើប្រាស់សេវាកម្ម 5G នៅក្បែរអាកាសយានដ្ឋានខ្លះ
20, Jan 2022 , 7:29 pm        
រូបភាព
ដោយ: VOA
រដ្ឋធានីវ៉ាស៊ីនតោន - ក្រុមហ៊ុនទូរគមនាគមន៍សំខាន់ៗរបស់សហរដ្ឋអាមេរិកដូចជា Verizon និង AT&T បានយល់ព្រមកាលពីថ្ងៃអង្គារដើម្បីពន្យាពេលនៃការដាក់ពង្រាយសេវាកម្មទូស័ព្ទចល័ត 5G ថ្មីរបស់ខ្លួននៅជុំវិញអាកាសយានដ្ឋានសំខាន់ៗ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានអះអាងថា បច្ចេកវិទ្យានេះ បានគំរាមកំហែងសុវត្ថិភាពរបស់យន្តហោះ។

 
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុនទូរគមនាគមន៍ នឹង«បញ្ចៀសការអាចបង្អាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើររបស់អ្នកជិះយន្តហោះ ដល់កិច្ចប្រតិបត្តិការដឹកជញ្ជូនទំនិញ និងដល់ការងើបឡើងវិញនូវសេដ្ឋកិច្ចរបស់យើង» ខណៈដែលអនុញ្ញាតឲ្យពួកគេដាក់ពង្រាយស្ថានីយទូរស័ព្ទចល័តរបស់ពួកគេជាង៩០ភាគរយនៅថ្ងៃពុធដូចដែលពួកគេបានគ្រោងទុក។
 
លោកប្រធានាធិបតី Biden បានថ្លែងទៀតថា «កិច្ចព្រមព្រៀងនេះ ការពារសុវត្ថិភាពរបស់យន្តហោះ និងអនុញ្ញាតឲ្យកិច្ចប្រតិបត្តិការរបស់យន្តហោះបន្តដោយគ្មានការបង្អាក់ធំដុំ ហើយនឹងផ្តល់ជម្រើសប្រព័ន្ធ Internet កាន់តែលឿនដល់ប្រជាពលរដ្ឋអាមេរិកាំងរាប់លាននាក់»។
 
ក្រុមហ៊ុនទូរគមនាគមន៍២ បានធ្វើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរសហព័ន្ធ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃចន្ទថា ពាណិជ្ជកម្មរបស់អាមេរិក នឹងធ្លាក់ចុះ ប្រសិនបើ បច្ចេកវិទ្យាទូស័ព្ទចល័ត 5G បានត្រូវដាក់ពង្រាយនៅជិតអាកាសយានដ្ឋានធំៗនោះ។ សេតវិមាន មិនបាននិយាយថា តើចំណតយន្តហោះចំនួនប៉ុន្មានដែលបច្ចេកវិទ្យា 5G នឹងត្រូវពន្យាពេលក្នុងការឲ្យប្រើនោះទេ។
 
លោកប្រធានាធិបតី Biden បានអរគុណក្រុមហ៊ុនទូស័ព្ទចល័តចំពោះការពន្យាពេលនេះ ហើយបានថ្លែងថា ការចរចានឹងបន្ត៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press។
 

© រក្សាសិទ្ធិដោយ thmeythmey.com