ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីជនជាតិអាម៉េរិក ជាមិត្តរបស់អ្នកនាង សេង ធារី ត្រូវហាមមិនឲ្យចូលកម្ពុជាអស់មួយជីវិត
20, Jan 2022 , 6:05 pm        
រូបភាព
លោក ចារេដ ជេនសឺ អមដំណើរអ្នកនាង សេង ធារី ចូលតុលាការភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២១ ដោយពេលនោះ អ្នកនាង កោរសក់ និងស្លៀកពាក់ឈុនអប្សរា។ រូបពីវីដេអូរបស់វិទ្យុអាស៊ីសេរី
លោក ចារេដ ជេនសឺ អមដំណើរអ្នកនាង សេង ធារី ចូលតុលាការភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២១ ដោយពេលនោះ អ្នកនាង កោរសក់ និងស្លៀកពាក់ឈុនអប្សរា។ រូបពីវីដេអូរបស់វិទ្យុអាស៊ីសេរី
ដោយ: ថ្មីៗ
លោក ចារេដ ជេនសឺ (Jared Genser) មេធាវីជនជាតិអាម៉េរិក និងជាមិត្តភក្តិរបស់ស្រ្តីខ្មែរម្នាក់ គឺអ្នកនាង សេង ធារី ត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការសម្រេចលែងឲ្យលោកចូលកម្ពុជា «ជារៀងរហូត»។ នេះបើតាមការអះអាងរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។



លោក ខៀវ សុភ័គ ផ្តល់ព័ត៌មានថា លោក ចារេដ ជេនសឺ បានចាកចេញពីកម្ពុជាហើយ។ លោក លើកពីកំហុសធំៗរបស់លោក ចារេដ ជេនសឺ ដែលនាំឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចហាមមិនឲ្យចូលកម្ពុជាជារៀងរហូត គឺទី១ លោក សុំទិដ្ឋាការ សម្រាប់ការធ្វើដំណើរទេសចរណ៍នៅកម្ពុជា តែពេលដល់កម្ពុជា លោក បែរជាតាំងខ្លួនជាមេធាវីអន្តរជាតិ ហើយអមដំណើរអ្នកនាង សេង ធារី ចូលទៅតុលាការ ទី២ លោក បានទិតៀនតុលាការកម្ពុជា និងបង្ហាញភាពច្រងេងច្រងាងនៅតុលាការ ដែលធ្វើឲ្យកម្ពុជា ជាម្ចាស់ប្រទេស ទើសភ្នែកយ៉ាងខ្លាំង រួមទាំងមិនអាចទទួលយកបានផងដែរ។ អ្នកនាំពា្យរូបនេះ បញ្ជាក់ថា៖«ប្រទេសអធិបតេយ្យមួយ មិនអាចអនុញ្ញាតឲ្យមានការធ្វើដូច្នេះទេ»។

អ្នកនាង សេង ធារី ដែលជាអ្នករៀនជំនាញច្បាប់នៅអាម៉េរិក ជាមេធាវីអន្តរជាតិ និង មានសញ្ជាតិអាម៉េរិក និយាយក្នុងវីដេអូឃ្លីបមួយថា អ្នកនាង ធ្វើការងារផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យអស់រយៈពេលប្រមាន៣០ឆ្នាំហើយ។ មានវ័យ៥០ឆ្នាំស្តើង អ្នកនាង គឺជាជនជាប់ចោទម្នាក់ ក្នុងចំណោម១៣៩នាក់ ដែលត្រូវចោទពីបទរួមគំនិតក្បត់ (ជាតិ)។ ពួកគេ ត្រូវចោទពីបទរួមគំនិតក្បត់ (ជាតិ) ដោយសារតុលាការ រកឃើញថា ជាប់ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស។ សម្រាប់តុលាការ និងរដ្ឋាភិបាលកម្ពុជា ផែនការ៩វិច្ឆិកា គឺជាផែនការផ្តួលរំលំរដ្ឋាភិបាល។

កាលពីខែធ្នូ ឆ្នាំ២០២១ អ្នកនាង សេង ធារី បានចូលសវនាការនៃតុលាការភ្នំពេញ។ ពេលនោះ គេ ឃើញលោក ចារេដ ជេនសឺ ចូលទៅជាមួយអ្នកនាង។ អ្នកនាង ប្រកាសប្រាប់គេឯងនៅមុខតុលាការថា ចារេដ ជេនសឺ គឺជាមេធាវីអន្តរជាតិដ៏ល្បីមួយរូប ហើយលោក ជាមិត្តភក្តិជិតស្និទ្ធរបស់អ្នកនាង។ អ្នកនាង បន្តថា លោក មកកម្ពុជា ដើម្បីលើកទឹកចិត្តអ្នកនាង ក្នុងការតតាំងជាមួយតុលាការ។ 

អំឡុងលោក ស្ថិតក្នុងប្រទេសកម្ពុជា មានស្ថាប័នសារព័ត៌មានមួយចំនួន បានសម្ភាសលោក អំពីការបើកសវនាការលើអ្នកនាង សេង ធារី និង សកម្មជននយោបាយ សកម្មជនសង្គមផ្សេងទៀត។ ភាគច្រើនបំផុតនៃសម្តីរបស់លោក ដែលត្រូវបានដកស្រង់ដោយស្ថាប័នសារព័ត៌មាន គឺជាការទិតៀនតុលាការ និងរដ្ឋាភិបាលកម្ពុជា៕

Tag:
 ហាមបរទេសមិនឲ្យចូលកម្ពុជារហូត
  Jared Genser
© រក្សាសិទ្ធិដោយ thmeythmey.com