អន្តរជាតិ
របាយការណ៍ថា CIA រកឃើញថា «រោគសញ្ញា Havana» មិនមែនជាយុទ្ធនាការដោយមហាអំណាចបរទេសទេ
21, Jan 2022 , 9:41 am        
រូបភាព
ជនជាតិ​គុយបា បើក​ឡាន​កាត់​មុខ​ស្ថានទូត​អាមេរិក​ក្នុង​អំឡុង​ពេល​ការ​ជួបជុំ​មួយ ទាមទារ​ឱ្យ​បញ្ចប់​ការបិទ​ផ្លូវ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​គុយបា នៅ​ក្នុង​ក្រុង Havana កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២១
ជនជាតិ​គុយបា បើក​ឡាន​កាត់​មុខ​ស្ថានទូត​អាមេរិក​ក្នុង​អំឡុង​ពេល​ការ​ជួបជុំ​មួយ ទាមទារ​ឱ្យ​បញ្ចប់​ការបិទ​ផ្លូវ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​គុយបា នៅ​ក្នុង​ក្រុង Havana កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២១
ដោយ: VOA
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) បានសន្និដ្ឋានថា អ្នកការទូតអាមេរិកដែលមានរោគសញ្ញាឈឺក្បាល និងចង្អោរដ៏អាថ៌កំបាំងដែលគេហៅថា «រោគសញ្ញា Havana»នោះ មិនមែនជាគោលដៅនៃយុទ្ធនាការសកលដោយមហាអំណាចបរទេសទេ។



បណ្តាញទូរទស្សន៍ NBC News កាសែត The New York Times និង Politico បានដកស្រង់សម្តីមន្ត្រីជាច្រើនដែលបានធ្វើបទបង្ហាញសង្ខេបក្នុងការវាយតម្លៃស៊ើបការណ៍សម្ងាត់របស់ CIA អំពីឧបទ្ទវហេតុដែលបានកើតឡើងជាលើកដំបូងក្នុងចំណោមអ្នកការទូតក្នុងឆ្នាំ២០១៦ ក្នុងរដ្ឋធានីឡាហាវ៉ាន ប្រទេសគុយបា ដែលមន្ត្រីអាមេរិក និងកាណាដា បានត្អូញត្អែរថា ឈឺក្បាលខ្លាំង ចង្អោរ និងការប៉ះពាល់ខួរក្បាល បន្ទាប់ពីឮសំឡេងខ្លាំងៗ។

ចាប់តាំងពីពេលនោះមក មន្ត្រីការទូត និងចារកម្មបានរាយការណ៍ឧបទ្ទវហេតុស្រដៀងគ្នានេះ នៅក្នុងប្រទេសនានា រួមមាន អូស្ត្រាលី  អូទ្រីស ចិន កូឡុំប៊ី  អាល្លឺម៉ង់ និងរុស្ស៊ី។

របាយការណ៍បាននិយាយថា CIA មិនបានបដិសេធថា ករណីប្រហែល២០ ដែលមិនទាន់អាចពន្យល់បាន ហើយដែលកំពុងបន្តស៊ើបអង្កេតនោះ មិនជាប់ពាក់ព័ន្ធរដ្ឋបរទេសទេ។

ប្រភព NBC បាននិយាយថា «នៅក្នុងករណីរាប់រយផ្សេងទៀត ទីភ្នាក់ងារនេះ បានរកឃើញការពន្យល់ដែលអាចជឿបាន»។

មន្ត្រីអាមេរិកមួយចំនួនកាលពីមុនបានចោទថា រោគសញ្ញា Havana នេះអាចជាការវាយប្រហារដោយមីក្រូវ៉េវរបស់រុស្ស៊ី  ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានបង្ហាញការសង្ស័យអំពីការសន្និដ្ឋាននេះ។
របាយការណ៍នោះនិយាយថា ឯកសារ CIA គ្រាន់តែបង្ហាញការរកឃើញបណ្តោះអាសន្នប៉ុណ្ណោះ។

បណ្តាញទូរទស្សន៍ NBC បានរាយការណ៍ដោយដកស្រង់សម្តីមន្រ្តីសហរដ្ឋអាមេរិកថា «របាយការណ៍បណ្តោះអាសន្នមិនមែនជាការសន្និដ្ឋានចុងក្រោយរបស់រដ្ឋបាលលោកBiden ឬផ្នែកស៊ើបការណ៍សម្ងាត់ទេ»។

ការរកឃើញនេះ បានធ្វើឱ្យអ្នកដែលបានធ្លាក់ខ្លួនឈឺមួយចំនួនខកចិត្ត ហើយអ្នកខ្លះនិយាយថា ការវាយតម្លៃរបស់ CIA «មិនអាចជាការសន្និដ្ឋានចុងក្រោយអំពីបញ្ហានេះទេ»។ នេះ បើតាមសេចក្តីថ្លែងការណ៍ដកស្រង់ដោយកាសែត The Times។

លោក William J. Burns នាយក CIA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយកាសែត The New York Times ថា៖ «ខណៈយើងឈានដល់ការរកឃើញបណ្តោះអាសន្នដ៏សំខាន់មួយចំនួន យើងមិនទាន់បញ្ចប់ទេ។ យើងនឹងបន្តបេសកកម្មដើម្បីស៊ើបអង្កេតឧបទ្ទវហេតុទាំងនេះ និងផ្តល់ការថែទាំសុខភាពលំដាប់ពិភពលោកសម្រាប់អ្នកដែលត្រូវការ»៕



© រក្សាសិទ្ធិដោយ thmeythmey.com