ជាតិ
សង្គមជាតិ
អ្នកចាក់សាក់ មិនអាចចូលធ្វើប៉ូលិសបានឡើយ
21, Jan 2022 , 1:59 pm        
រូបភាព
បុរសម្នាក់ ចាក់សាក់រូបខ្លាលើដៃ (រូបពីគណនីហ្វេសប៊ុក Koyphanit Kpt)។ និស្សិតជំនាន់ទី៩ ប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល កាលពីខែធ្នូ ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុកបណ្ឌិត្យសភានគរបាលកម្ពុជា)។
បុរសម្នាក់ ចាក់សាក់រូបខ្លាលើដៃ (រូបពីគណនីហ្វេសប៊ុក Koyphanit Kpt)។ និស្សិតជំនាន់ទី៩ ប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល កាលពីខែធ្នូ ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុកបណ្ឌិត្យសភានគរបាលកម្ពុជា)។
បើបុគ្គលណា មានសាក់ ឬស្នាមសាក់លើដងខ្លួន បុគ្គលនោះ មិនអាចប្រឡងចូលក្របខ័ណ្ឌនគរបាល (ប៉ូលិស) បានឡើយ។ ការកំណត់មិនឲ្យមានសាក់លើដងខ្លួននេះ គឺជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត សម្រាប់អ្នក ដែលចង់ប្រឡងចូលធ្វើជានគរបាល។



លោកឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បកស្រាយក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ថា ការដាក់លក្ខខណ្ឌមិនឲ្យសិស្ស ដែលប្រឡងចូលក្របខ័ណ្ឌនគរបាល មានសាក់លើដងខ្លួន ព្រោះបណ្ឌិត្យសភានគរបាលកម្ពុជា មិនចង់ឲ្យមានសញ្ញា អត្តសញ្ញាណ ឬ កំណត់សម្គាល់ណាមួយ លើកាយសម្បទារបស់ពួកគេ។ លោក បន្ថែមថា បើអ្នកណាម្នាក់ មានសាក់លើខ្លួន ហើយមានចេតនាចង់ប្រឡងចូលធ្វើជានគរបាល គេ អាចលុបវិញបាន។ 
 
អ្នកមានសាក់លើខ្លួន គឺបង្ហាញថា មានអត្តចរិតមិនល្អឬ ទើបបណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចមិនយកពួកគេ? លោក ស្វាយ ចាន់ដា មិនធ្វើសេចក្តីវិនិច្ឆ័យដោយអត្តនោម័តិខ្លួនឯងឡើយថា អ្នក មានសាក់លើខ្លួន ជាមនុស្សមានអត្តចរិតមិនល្អ ហើយអ្នកមិនមានសាក់លើខ្លួន ជាមនុស្សមានអត្តចរិតល្អ។ ប៉ុន្តែ លោក ប្រាប់ឲ្យពិចារណាថា៖«យើង យល់ទាំងអស់ហើយ បរិបទសង្គមបច្ចុប្បន្ន កាលណាឃើញអ្នកដែលមានសាក់មានអី តើមានអត្តចរិត ឬការគិតយ៉ាងម៉េច?»។ 
 
បន្ទាប់មក មន្រ្តីនគរបាលជាន់ខ្ពស់នៃបណ្ឌិត្យសភានគរបាលកម្ពុជារូបនេះ បន្តថា៖«យើង អត់ចង់ឲ្យមានការភាន់ច្រឡំណាមួយក្នុងបរិបទបច្ចុប្បន្នហ្នឹងឯង។ យើង ឃើញក្នុងសង្គមយើង កាលណាមានអ្នកចាក់សាក់ គេច្រើន យល់ទៅផ្លូវមួយផ្សេង។ អ្នកខ្លះ ក៏យល់អវិជ្ជមាន អ្នកខ្លះ ក៏យល់វិជ្ជមាន។ អ៊ីចឹង ដើម្បីឲ្យឈរលើចំណុចកណ្តាល យើង គិតថា បងប្អូនទាំងអស់ ដែលជានិស្សិតទើបចប់បាក់ឌុបថ្មីៗនេះ គាត់ មិនមានសាក់ទេ»។ 
 
ការប្រឡងចូលធ្វើជាមន្រ្តីរាជការស៊ីវិល និង ការប្រឡងចូលធ្វើជាកងកម្លាំងទាំងបីប្រភេទ គឺកងទ័ព កងរាជអាវុធហត្ថ កងអង្គរក្ស ដែលស្ថិតក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ មិនមានកំណត់លក្ខខណ្ឌហាមអ្នកមានសាក់លើខ្លួនឡើយ គឺមានន័យថា អ្នកមានសាក់លើខ្លួន ក៏អាចប្រឡងចូលធ្វើជាមន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងបីប្រភេទនេះបានដែរ។ នេះបើតាមលោកឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ និង លោក យក់ ប៊ុនណា អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ ដែលថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
 
បើតាមលោក ស្វាយ ចាន់ដា តាមពិត លក្ខខណ្ឌមិនឲ្យអ្នកមានសាក់ ប្រឡងចូលធ្វើជានគរបាល ត្រូវបានកំណត់បីឆ្នាំមកហើយ។ ប៉ុន្តែ សាធារណជន ហាក់ទើបចាប់អារម្មណ៍ខ្លាំង នៅពេលឃើញបណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ស្តីពីការជ្រើសរើសនិស្សិត២០០នាក់ ឲ្យប្រឡងយកអាហារូបករណ៍ ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយសេចក្តីជូនដំណឹងនោះ មានលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត បានតម្រូវឲ្យនិស្សិត មិនត្រូវមានសាក់លើខ្លួននោះទេ។  
 
នៅលើបណ្តាញសង្គម មានអ្នកខ្លះ បង្ហាញការមិនគាំទ្រចំពោះការដាក់លក្ខខណ្ឌហាមមិនឲ្យអ្នកមានសាក់លើខ្លួនប្រឡងចូលធ្វើជានគរបាល ព្រោះពួកគេ យល់ថា ជាទម្រង់នៃការរើសអើងមួយ។ យ៉ាងណា លោក ស្វាយ ចាន់ដា និយាយជាមួយសារព័ត៌មានថ្មីៗថា មិនទាន់មានអ្នកណា ចោទប្រកាន់បណ្ឌិត្យសភានគរបាលកម្ពុជាថា ការកំណត់លក្ខខណ្ឌបែបនេះ ជាការរើសអើងឡើយ។    
 
អ្នក ដែលចូលធ្វើជានគរបាល ត្រូវឆ្លងកាត់ការរៀនផ្នែកវិទ្យាសាស្រ្តនគរបាលជាមុនសិន។ ជាទូទៅ មានសាលាពីរប្រភេទ សម្រាប់បណ្តុះបណ្តាលនគរបាល គឺបណ្ឌិត្យសភានគរបាលកម្ពុជា និង សាលានគរបាលជាតិភូមិភាគតាមខេត្ត។ ស្ថាប័នកងកម្លាំងនគរបាលទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ មានបួនថ្នាក់ គឺអគ្គស្នងការដ្ឋានគរបាលជាតិ ជាស្ថាប័ននគរបាលខ្ពស់បំផុត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាស្ថាប័ននគរបាលលំដាប់ទីពីរនៅតាមរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ ជាស្ថាប័ននគរបាលកម្រិតទីបីនៅតាមក្រុង-ស្រុក-ខណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ជាស្ថាប័ននគរក្រោមគេបង្អស់នៅតាមឃុំ-សង្កាត់៕ 
 

Tag:
 ប្រឡងធ្វើនគរបាល
  រូបសាក់
© រក្សាសិទ្ធិដោយ thmeythmey.com