អន្តរជាតិ
គ្រោះរាំងស្ងួតខ្លាំងរយៈពេល៤០ឆ្នាំគំរាមកំហែងដល់មនុស្សរាប់លាននៅសូម៉ាលី និងអេត្យូពី
22, Jan 2022 , 9:29 am        
រូបភាព
ស្ត្រី​ភៀស​ខ្លួន​ចេញ​ពី​​គ្រោះ​រាំង​ស្ងួតតម្រង់ជួរ​ដើម្បី​ទទួល​អាហារ​នៅ​ជំរំ​សម្រាប់​ជន​ភៀស​ខ្លួន​ក្នុង​សង្កាត់ Daynile ជាយ​ក្រុង Mogadishu ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០១៩
ស្ត្រី​ភៀស​ខ្លួន​ចេញ​ពី​​គ្រោះ​រាំង​ស្ងួតតម្រង់ជួរ​ដើម្បី​ទទួល​អាហារ​នៅ​ជំរំ​សម្រាប់​ជន​ភៀស​ខ្លួន​ក្នុង​សង្កាត់ Daynile ជាយ​ក្រុង Mogadishu ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០១៩
ដោយ: VOA
រដ្ឋធានីណៃរូប៊ី-ប្រទេសអេត្យូពី និងសូម៉ាលី ស្ថិតក្នុងចំណោមប្រទេសចំនួន ២០ ក្នុងបញ្ជីឃ្លាំមើលបន្ទាន់សម្រាប់ឆ្នាំ ២០២២ របស់គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ (IRC)។ លោក Richard Crothers នាយកអង្គការ IRC ប្រចាំប្រទេសសូម៉ាលីថ្លែងថា ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសពីរនេះមិនល្អនោះទេ។

 
លោក Richard Crothers បានថ្លែងក្នុងសម្តីដើមថា៖ «ឧបទ្វីបអាហ្វ្រិកស្ថិតនៅមាត់ជ្រោះនៃវិបត្តិអស់មួយរយៈពេលហើយ។ តំបន់នេះមិនមានភ្លៀងនៅក្នុងរដូវវស្សាប៉ុន្មានឆ្នាំជាប់ៗគ្នា។ ស្ថានភាពនៅពេលនេះគឺថា យើងកំពុងមានអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ និងការភៀសខ្លួន»។
 
អង្គការ IRC ឲ្យដឹងថា កង្វះទឹកភ្លៀងធ្វើឱ្យមានភាពក្តៅស្ងួតខ្លាំងនៅក្នុងរយៈពេល ៤០ ឆ្នាំនេះនៅតំបន់នានាក្នុងប្រទេសសូម៉ាលី និងអេត្យូពី។
 
មនុស្សយ៉ាងហោចណាស់ ៣ លាននាក់បានរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះ ហើយមនុស្សជាង ១៧០.០០០ នាក់ បានភៀសខ្លួនពីផ្ទះសម្បែងដើម្បីស្វែងរកទឹក វាលស្មៅ និងជំនួយមនុស្សធម៌។
 
លោក Noor Ahmed វ័យ៤៧ ឆ្នាំបានភៀសខ្លួនចេញពីស្រុកកំណើតជាមួយនឹងគោក្របី ៦០ ក្បាលរបស់លោក។ លោកថា លោកបានដឹកគោក្របីរបស់លោកពីទីក្រុង Bir-qod ទៅទីក្រុង Harorays។
 
លោក Noor Ahmed ថ្លែងក្នុងសម្តីថ្លែងថា៖ «នៅក្នុងស្រុក Harorays រដ្ឋបាលមូលដ្ឋាន និងពលរដ្ឋនៅទីនោះបានស្វាគមន៍យើង។ ខ្ញុំបន្តនៅទីនេះ»។
លោកថា លោកជួបបញ្ហាប្រឈមមួយចំនួន។
 
លោកបន្ថែមថា៖ «សត្វគោក្របីលំបាកក្នុងការសម្របខ្លួនទៅនឹងតំបន់នេះ ហើយយើងត្រូវការថ្នាំសង្កូវមួយចំនួន។ យើងប្រើប្រាស់ទឹកពីអណ្តូងស្នប់ ប៉ុន្តែយើងមិនមានកន្លែងស្តុកទុកគ្រប់គ្រាន់នោះទេ»។
 
លោកថា៖ «ប្រសិនបើយើងមានកន្លែងស្តុកទុកទឹក នោះនឹងជួយយើងបានច្រើន»។
 
លោក Richard Crothers នាយកអង្គការ IRC ថា ស្ត្រី និងក្មេងៗរងផលប៉ះពាល់ខ្លាំងពីគ្រោះរាំងស្ងួត។
 
លោក Crothers ថ្លែងក្នុងសម្តីដើមថា៖ «ជាពិសេសក្មេងៗក្រោមអាយុ ៥ ឆ្នាំ រងផលប៉ះពាល់ខ្លាំងបំផុត។ វាកំពុងបំផ្លាញជីវភាព ដំណាំ ហើយគោក្របីដែលធ្លាប់តែមានច្រើនត្រូវស្លាប់បាត់បណ្តើរៗ ដូច្នេះវាជាស្ថានភាពពិបាកខ្លាំងជាងធម្មតា។ ជាពិសេសស្ត្រី និងក្មេងៗរងផលប៉ះពាល់ខ្លាំងបំផុត»។
 
លោក Abdiaziz Bashir ជាអ្នកជំនួញម្នាក់នៅទីក្រុងកំពង់ផែ Kismayo ដែលទិញ និងលក់សត្វចិញ្ចឹម។ លោកបាត់បង់សត្វចំនួន ៩៩ ក្បាល ដោយសារតែគ្រោះរាំងស្ងួត។
 
លោក Abdiaziz Bashir បានថ្លែងក្នុងសម្តីដើមថា៖ «ខ្ញុំមានសត្វចិញ្ចឹមចំនួន ១១៨ ក្បាល។ ឥឡូវនេះ មានតែ ១៩ ក្បាលប៉ុណ្ណោះ នៅរស់។ ខ្ញុំបាត់សត្វផ្សេងទៀតដោយសារគ្រោះរាំងស្ងួត។ ខ្ញុំមិនទាន់រួចខ្លួនពីការខាតបង់នោះទេ»។
 
លោកបានបន្ថែមថា រឿងល្អតែមួយគត់គឺថា ខ្ញុំមិនចាំបាច់ត្រូវចំណាយប្រាក់លើចំណីដើម្បីចិញ្ចឹមសត្វដែលនៅសល់នោះទេ។ ពួកវាមានទឹក និងស្មៅហើយឥឡូវនេះ។
ទីភ្នាក់ងារផ្តល់ជំនួយនៅអេត្យូពី និងសូម៉ាលី ឲ្យដឹងថា តម្លៃស្បៀងអាហារបានកើនឡើង ហើយមនុស្សមួយចំនួនមិនអាចមានប្រាក់ទិញស្បៀងអាហារជាមូលដ្ឋានដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេបានទេ។
 
អង្គការ IRC ឲ្យដឹងថា ខ្លួនបានចាប់ផ្តើមការឆ្លើយតបនឹងវិបត្តិនេះនៅតំបន់សូម៉ាលីក្នុងប្រទេសអេត្យូពី ហើយថា ខ្លួនត្រូវការមូលនិធិបន្ថែមទៀតដើម្បីពង្រីកជំនួយមនុស្សធម៌របស់ខ្លួននៅក្នុងតំបន់ផ្សេងៗទៀត។
 
ទីភ្នាក់ងារនេះអំពាវនាវឱ្យមានការបរិច្ចាគមូលនិធិដើម្បីគាំទ្រដល់ជំនួយសាច់ប្រាក់ ស្បៀងអាហារ ទឹក និងបរិក្ខារអនាម័យដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមសុខាភិបាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com