ជាតិ
ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរី សប្បាយចិត្តនឹងទទួលទិន្នផលគ្រាប់កាហ្វេបានច្រើន និងតម្លៃខ្ពស់
22, Jan 2022 , 8:19 pm        
រូបភាព
(រូបភាពពីក្រសួងបរិស្ថាន)
(រូបភាពពីក្រសួងបរិស្ថាន)
ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី  សប្បាយចិត្តនឹងការប្រមូលផលគ្រាប់កាហ្វេ ក្រោយទទួលបានទិន្នផលច្រើន និងតម្លៃខ្ពស់ជាងឆ្នាំមុន។ គ្រាប់កាហ្វេ មានតម្លៃចន្លោះពី ៧ទៅ៨ពាន់រៀលក្នុងមួយគីឡូ សម្រាប់គ្រាប់ស្ងួត និង២ពាន់រៀលសម្រាប់គ្រាប់ស្រស់។



លោក ង៉ូច ស្មេន កសិករដាំកាហ្វេ១ហិកតា ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី២១ ខែមករានេះថា ទិន្នផលគ្រាប់កាហ្វេឆ្នាំនេះ កើនឡើងចន្លោះពី៧០០គីឡូក្រាមទៅជាង១តោនក្នុងមួយហិកតា បើធៀបនឹងឆ្នាំ២០២០។ រីឯតម្លៃ លោក អាចលក់បានចន្លោះពី៧-៨ពាន់រៀលក្នុងមួយគីឡូក្រាម សម្រាប់គ្រាប់កាហ្វេស្ងួតបកសំបករួច និងតម្លៃ២ពាន់រៀលសម្រាប់គ្រាប់ស្រស់។ លោក បន្តថា គ្រាប់កាហ្វេមណ្ឌលគិរី ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ពិសេសលក់ចេញទៅឈ្មួញនៅរាជធានីភ្នំពេញ។ 


 
កសិករដាំកាហ្វេជាច្រើនក្នុងភូមិប៊ូស្រា រួមទាំងលោក ស្មេន ផងដែរនោះ សប្បាយចិត្តនៅពេលទទួលបានទិន្នផលល្អដូច្នេះ។ លោក លើកឡើងថា៖«ក្នុងមួយឆ្នាំៗ យើងប្រមូលផលគ្រាប់កាហ្វេបានតែម្ដងទេ តែឆ្នាំនេះទិន្នផលគ្រាប់កាហ្វេល្អជាងឆ្នាំមុន។ តម្លៃឆ្នាំនេះក៏ល្អ ល្មមឱ្យកសិករគាត់មានកម្លាំងចិត្តដាំបន្តទៀត។ និយាយទៅ ទោះបីហត់ប៉ុណ្ណា ក៏យើងសប្បាយចិត្តដែរ ព្រោះវាជាលទ្ធផលដែលយើងខំប្រឹង សមនឹងតម្លៃដែលយើងចំណាយ»។ 
 
ដ្បិតតម្លៃ ទីផ្សារ និងទិន្នផលបានខ្ពស់ ប៉ុន្តែរបស់របរប្រើប្រាស់មួយចំនួនបានហក់ឡើងថ្លៃខ្ពស់ដូចជា ជី ថ្នាំ និងសាំងជាដើម ដែលធ្វើឱ្យកសិករចំណាយកាន់តែច្រើន។ នេះជាការអះអាងរបស់លោក ស្មេន ដោយបន្តថា រដូវប្រមូលផលគ្រាប់កាហ្វេចាប់ផ្ដើមចន្លោះពីខែវិច្ឆិកា ដល់ខែមករា។
  


ចំណែក លោក ជួយ ម្អីង កសិករម្នាក់ទៀត ដែលដាំកាហ្វេកន្លះហិកតា បានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផលកាហ្វេកើនឡើងជាបន្តបន្ទាប់។ ដ្បិតប្រកបរបរនេះ រយៈពេល៤ឆ្នាំហើយ លោក ជួយ ម្អីង ឃើញថាមានកសិករជាច្រើនសម្រុកដាំកាហ្វេក្នុងឆ្នាំនេះ ព្រោះមានទីផ្សារច្រើន និងតម្លៃល្អ ជាងដំណាំផ្សេងទៀត។
 
លោក ម្អីង បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«នៅខាងប៊ូស្រា មានអ្នកដាំកាហ្វេច្រើនដែរ ហើយប៉ុន្មានឆ្នាំនេះ ម្នាក់ៗសម្រុកដាំគ្រប់គ្នាតែម្ដង។ ទី១ អ្នកខ្លះដាំតាមគេតាមឯង ព្រោះឃើញអ្នកមុនៗគាត់ដាំបានផល និងជួយជីវភាពពួកគាត់ឱ្យប្រសើ អ៊ីចឹងម្នាក់ចេះតែដាំតាមគេតាមឯងទៅ។ ទី២ មានក្រុមសមាគម បើកបង្រៀនពីវិធីដំដុះ ដូច្នេះ វាជួយជំរុញឱ្យពួកគាត់ដាំថែមទៀត»។ ជាមួយគ្នានេះ លោក ជួយ ម្អីង ក៏ជំរុញឱ្យកសិករពង្រីកការដាំដំណាំកាហ្វេបន្ថែមទៀត ដើម្បីជួយដល់ជីវភាពគ្រួសារ និងការផ្គង់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។ 


 
ដោយឡែក លោក សុខ ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានលើកឡើងដូច្នេះ ផ្ទៃដីដាំដុះកាហ្វេបានកើនឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងនៅឆ្នាំ២០២២នេះ ផ្ទៃដីដាំដុះកាហ្វេមានជា៣០០ហិកតា ដែលអាចផលិតគ្រាប់កាហ្វេបានប្រមាណ ៦០០តោនក្នុងមួយឆ្នាំ។ លោក បន្តថា តម្លៃឆ្នាំនេះ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ គឺចន្លោះពី៧ ទៅ៨ពាន់រៀលក្នុងមួយគីឡូក្រាមសម្រាប់គ្រាប់កាហ្វេបកសំបករួច៕
 


Tag:
 កាហ្វេមណ្ឌលគិរី
  ជនជាតិដើមភាគតិចព្នង
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com