ព័ត៍មានសុខភាព
អន្តរជាតិ
ការសិក្សា៖ មេរោគខ្លាំង (Superbugs) បង្កឱ្យមនុស្សស្លាប់ច្រើនជាងអេដស៍ និងគ្រុនចាញ់
23, Jan 2022 , 8:29 am        
រូបភាព
ដោយ: VOA
ទីក្រុងឡុងដ៍ - មនុស្សជាង១,២លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការឆ្លងមេរោគបាក់តេរីដែលស៊ាំនឹងថ្នាំអង់ទីប៊ីយោទិក ដែលធ្វើឱ្យវាស៊ាំនឹងថ្នាំច្រើនប្រភេទ ហើយបង្កឱ្យមនុស្សស្លាប់ច្រើនជាងមេរោគអេដស៍/ជំងឺអេដស៍ ឬគ្រុនចាញ់ទៅទៀត។ មនុស្សស្លាប់ចំនួន៤,៩៥លាននាក់ទៀត ជាប់ទាក់ទងនឹងបាក់តេរីស៊ាំនឹងថ្នាំច្រើនប្រភេទនេះ។ នេះ បើតាមការសិក្សាថ្មីមួយ។

 
លោកស្រី Antonia Sagona អ្នកជំនាញខាងការឆ្លងមេរោគបាក់តេរី ធ្វើការនៅសាកលវិទ្យាល័យ Warwick ប្រទេសអង់គ្លេស បាននិយាយក្នុងបទសម្ភាសន៍ជាមួយវីអូអេថា «មានការប៉ាន់ប្រមាណថា បើយើងមិនអាចរកឃើញជម្រើសថ្មីត្រឹមឆ្នាំ២០៥០ ទេ នោះជីវិតមនុស្សរាប់លាននាក់ នឹងត្រូវស្លាប់ ហើយនឹងមានការខាតបង់ទិន្នផលសេដ្ឋកិច្ចចំនួន១០០លាន លានដុល្លារ»។
 
ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីពេទ្យ The Lancet ដឹកនាំដោយសាកលវិទ្យាល័យវ៉ាស៊ីនតោនក្នុងទីក្រុង Seattle បានវិភាគទិន្នន័យពីប្រទេស និងដែនដីចំនួន២០៤។ លទ្ធផលបានបង្ហាញថា ប្រទេសក្រីក្រ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយភាពស៊ាំនឹងថ្នាំអង់ទីប៊ីយោទិក ជាពិសេសប្រទេសនៅតំបន់សាហារ៉ាខាងត្បូងនៃទ្វីបអាហ្វ្រិក និងអាស៊ីខាងត្បូង។

របាយការណ៍និយាយថា «ការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងក្នុង បានបង្កឱ្យមនុស្សស្លាប់ច្រើនជាង១,៥លាននាក់ ទាក់ទងនឹងការស៊ាំនឹងថ្នាំអង់ទីប៊ីយោទិកក្នុងឆ្នាំ២០១៩ ដែលធ្វើឱ្យវាក្លាយជាបន្ទុករោគសញ្ញាជំងឺឆ្លងច្រើនបំផុត»។

ពួកអ្នកសរសេររបាយការណ៍បានព្រមានថា  ត្រូវមានការស្រាវជ្រាវបន្ទាន់បន្ថែមទៀត។

ពួកគេបានសរសេរថា «មានគម្លាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការកំណត់ទិន្នន័យនៅប្រទេសមានប្រាក់ចំណូលទាប។ ពួកគេនិយាយសង្កត់ធ្ងន់លើតម្រូវការពង្រីកសមត្ថភាពមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ និងប្រព័ន្ធប្រមូលទិន្នន័យដើម្បីបង្កើនការយល់ដឹងអំពីការគំរាមកំហែងដ៏សំខាន់ដល់សុខភាព»។

អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រើថ្នាំអង់ទីប៊ីយោទិកមិនត្រឹមត្រូវជាច្រើនទស្សវត្សរ៍ អាចធ្វើឱ្យមីក្រូសរីរាង្គវិវត្តទៅជា«ពពួកមេរោគខ្លាំង» ឬ superbugs៕
 

© រក្សាសិទ្ធិដោយ thmeythmey.com