អន្តរជាតិ
តើចិន អាចនាំមុខអាម៉េរិកផ្នែកសេដ្ឋកិច្ចនៅត្រឹមឆ្នាំ ២០៣០ តាមវិធីណា?
23, Jan 2022 , 10:19 pm        
រូបភាព
រួបថត Xinhua
រួបថត Xinhua
ដោយ: VOA
ទីក្រុង SAN FRANCISCO រដ្ឋ CALIFORNIA - អ្នកវិភាគនានាបានព្យាករថា សេដ្ឋកិច្ចប្រទេសចិន នឹងពឹងផ្អែកកាន់តែខ្លាំងលើការវិនិយោគរបស់រដ្ឋ ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប និងការប្រើប្រាស់ក្នុងស្រុក ជាងលើផលិតកម្មសម្រាប់ការនាំចេញកាលពីមុនរបស់ខ្លួន ស្របពេលដែលប្រទេសនេះ ស្ថិតក្នុងជំហរឈានឆ្ពោះទៅការនាំមុខសហរដ្ឋអាម៉េរិកនៅក្នុងទសវត្សរ៍ខាងមុខនេះ។

 
ផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ប្រទេសចិន អាចនឹងកើនឡើង ៥,៧% រហូតដល់ឆ្នាំ ២០២៥ ហើយបន្ទាប់មក នឹងកើន ៤,៧% រហូតដល់ឆ្នាំ ២០៣០ ខាងមុខ។ នេះបើយោងតាមការព្យាកររបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងអាជីវកម្ម (Center for Economics and Business Research (CEBR)) របស់ចក្រភពអង់គ្លេស។
 
ការព្យាកររបស់មជ្ឈមណ្ឌលនេះបានបង្ហាញថា ប្រទេសចិនដែលនៅពេលបច្ចុប្បន្ននេះ មានសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅលើពិភពលោក អាចនឹងនាំមុខសហរដ្ឋអាម៉េរិកដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោកនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។ ក្រុមហ៊ុន Euler Hermes ដែលជាក្រុមហ៊ុនធានារ៉ាប់រងឥណទាន ក៏បានធ្វើការព្យាករស្រដៀងគ្នានេះផងដែរ។
 
ក្នុងពេលមួយទសវត្សរ៍ចុងក្រោយនេះ ថ្នាក់ដឹកនាំរបស់ចិន បានជំរុញសេដ្ឋកិច្ចឲ្យពឹងផ្អែកច្រើនជាងមុនលើសេវាកម្មដែលមានតម្លៃបន្ថែម ជាងលើការនាំចេញផលិតផលរោងចក្រ។ នេះ បើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន។
 
ជម្លោះពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិក និងការបិទកន្លែងអាជីវកម្មនានាកាលពីដើមឆ្នាំ ២០២០ ដោយសាវវិបត្តិជំងឺកូវីដ១៩ បានដាក់សម្ពាធបន្ថែមទៀតដល់វិស័យផលិតកម្មនៅក្នុងប្រទេសចិន។
 
ដោយសារការកាត់បន្ថយទិន្នផលរោងចក្រនៅក្នុងប្រទេសចិន ក្រុមហ៊ុនពហុជាតិបរទេសនានាបានពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗទៀតក្រៅពីប្រទេសចិន ដូចជាប្រទេសវៀតណាមជាដើម ដើម្បីជៀសពីការចំណាយច្រើនលើប្រាក់បៀវត្សរ៍ដែលកើនឡើង និងការចំណាយលើវិធានការអនុលោមតាមច្បាប់ស្ដីពីការការពារបរិស្ថាន។
 
តាមរយៈការបណ្ដាក់ទុកនៅក្នុងប្រទេសជាច្រើន ក្រុមហ៊ុនទាំងនោះសង្ឃឹមថា នឹងអាចបង្ការមិនឲ្យកើតឡើងម្ដងទៀតនូវស្ថានការណ៍ដូចទៅនឹងស្ថានការណ៍បិទខ្ទប់របស់ចិនកាលពីដើមឆ្នាំ ២០២០ ដោយសារវិបត្តិកូវីដ១៩ ដែលបានបិទរោងចក្រនានា។
 
សេដ្ឋកិច្ចរបស់ចិនកាលពីឆ្នាំ ២០២០ មានទឹកប្រាក់សរុបចំនួន ១៥,៩២ លានលានដុល្លារអាម៉េរិក ហើយក្រុមហ៊ុន IHS Markit ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ចិនបានកើនដល់ចំនួន ១៨ លានលានដុល្លារ កាលពីឆ្នាំមុន ដោយសារកំណើនផលិតកម្មសម្រាប់ការនាំចេញ និងមូលធនសម្រាប់គម្រោងថ្មីៗ។
 
ចំណែកឯសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកវិញ គឺមានចំនួនប្រហែល ២៣ លានលានដុល្លារកាលពីឆ្នាំមុន។ នេះ បើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន IHS Markit ដដែលនេះ។
 
ការវិនិយោគរបស់រដ្ឋាភិបាល
សេដ្ឋវិទូនានារំពឹងថា នៅក្នុងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿននៅក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនឹងគ្រប់គ្រងបន្ថែមទៀតលើផ្នែកសំខាន់ៗនៃសេដ្ឋកិច្ច បន្ទាប់ពីខ្លួនបានធ្វើអន្តរាគមន៍នៅក្នុងផ្នែកជាច្រើនរួចមកហើយដូចជាផ្នែកអ៊ីនធឺណិតជាដើម កាលពីឆ្នាំ ២០២១។
 
លោក Denny Roy អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌល East-West Center នៅក្នុងទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាម៉េរិក បាននិយាយថា៖ «រដ្ឋាភិបាលចិនមានថវិកា និងអំណាចនយោបាយដ៏ទូលំទូលាយនៅក្នុងប្រទេស ដើម្បីប្រើប្រាស់ហិរញ្ញវត្ថុរដ្ឋដ៏ច្រើននៅក្នុងការវិនិយោគបែបយុទ្ធសាស្ត្រដើម្បីបម្រើដល់គោលបំណងរបស់ថ្នាក់ដឹកនាំចិនទាំងក្នុងកម្រិតជាតិនិងកម្រិតអន្តរជាតិ»។
 
នៅក្នុងសន្ទស្សន៍របស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ស្ដីពីការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋាភិបាលលើសហគ្រាសនានា ប្រទេសចិនមានពិន្ទុ ២,៩៨ កាលពីឆ្នាំ ២០១៨ ដែលកើនឡើងពីពិន្ទុ ២,៤៥ កាលពី ៨ ឆ្នាំមុនឆ្នាំ ២០១៨ នោះ និងកំពុងឈានទៅកើនឡើងប្រហែល ៣ ដងលើសកម្រិតពិន្ទុជាមធ្យមរបស់ប្រទេសនានានៅលើពិភពលោក។
ចំណុចនេះ មានន័យថា ការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋាភិបាលលើសហគ្រាសនានា «បានកើនហួសធម្យមភាគសេដ្ឋកិច្ចសេរី» និង «ឆ្លុះបញ្ចាំងឲ្យឃើញពីការផ្ដោតកាន់តែខ្លាំងរបស់ចិនលើតួនាទីរបស់រដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ចនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping»។ នេះ បើយោងតាមការលើកឡើងរបស់អង្គការក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) នៅក្នុងរបាយការណ៍ខែតុលា ឆ្នាំ ២០២១ របស់ខ្លួន ដែលមានចំណងជើងថា «China Pathfinder: Annual Scorecard»។
 
កំណើនផ្នែកផលិតកម្មហាដវែរ (hardware)
សេដ្ឋវិទូនានាបាននិយាយថា ថ្នាក់ដឹកនាំចិននឹងប្រហែលជាផ្ដល់អាទិភាពលើវិស័យបច្ចេកវិទ្យា ជាពិសេសលើហាដវែរកុំព្យូទ័រ (hardware) ដែលមិនតម្រូវឲ្យមានការច្នៃប្រឌិតជាបន្តបន្ទាប់ ដើម្បីធ្វើជាក្បាលម៉ាស៊ីនសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន។
 
ការអន្តរាគមន៍របស់រដ្ឋាភិបាលនៅក្នុងវិស័យអ៊ីនធឺណិត នឹងមិនបង្កភាពរអាក់រអួលដល់ការពង្រីកផលិតកម្មវត្ថុធាតុអេឡិចត្រូនិក Semiconductor និងសុសវែរកុំព្យូទ័រ (software) សម្រាប់សហគ្រាសនានានោះទេ។ នេះបើតាមការបញ្ជាក់របស់លោក Zennon Kapron ដែលជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Kapronasia ដែលជាក្រុមហ៊ុនស្រាវជ្រាវឧហ្សាហកម្មហិរញ្ញវត្ថុមានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។
 
លោក Kapron បាននិយាយថា៖ «ប្រសិនបើប្រទេសចិន អាចពឹងពាក់លើខ្លួនឯងបានទាក់ទិននឹងផ្នែកបច្ចេកវិទ្យា នោះចិននឹងអាចលក់និងនាំចេញផលិតផលនិងសេវាកម្មដែលផ្អែកលើបច្ចេកវិទ្យាទាំងនោះ ដែលនេះនឹងជួយផ្ដល់កំណើនខ្ពស់ដល់សេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែវិស័យបច្ចេកវិទ្យា គឺជាចលករដ៏សំខាន់មួយសម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិកនៅពេលបច្ចុប្បន្ននេះ»។
 
លោក Kapron បានទស្សន៍ទាយថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នឹងនៅតែកើនឡើងតទៅមុខទៀត ប៉ុន្តែមិនមានការកើនឡើងគួរឲ្យកត់សម្គាល់ខ្លាំងនោះទេ រហូតដល់ឆ្នាំ ២០៣០ ខាងមុខ។
 
ប្រទេសចិនមាន «វិស្វករជាច្រើន» ទោះបីជាមានការច្នៃប្រឌិតតិចជាងអ្វីដែលខ្លួនត្រូវការដើម្បីបង្កើតនូវ «គំនិតប្លែកៗ» ដែលជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗក៏ដោយ។ នេះ បើតាមការបញ្ជាក់របស់លោក Douglas McWilliams ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិរងនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងអាជីវកម្ម (Center for Economics and Business Research (CEBR)) របស់ចក្រភពអង់គ្លេស។
 
ការចំណាយរបស់អ្នកប្រើប្រាស់
ការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន បានជួយជំរុញភាគច្រើនបំផុតឲ្យសេដ្ឋកិច្ចចិនរីកចម្រើននៅមុនឆ្នាំ ២០២១ នៅពេលដែលប្រទេសចិន បានកាត់បន្ថយទំនាក់ទំនងរបស់ខ្លួនជាមួយពិភពលោក ដោយសារតែខ្លួនមានជម្លោះពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិក។ នេះ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន McKinsey & Co. នៅក្នុងរបាយការណ៍ឆ្នាំ ២០២១ របស់ខ្លួនស្ដីពីអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។
 
ក្រុមហ៊ុន McKinsey & Co. បានបន្ថែមថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនមានលក្ខណៈ «វិវត្តពេញទំហឹង និងផ្ដោតតែនៅក្នុងប្រទេស ហើយសមត្ថភាពនវានុវត្តន៍របស់ខ្លួនមានភាពប្រសើរឡើង»។
 
ទំនោរនេះ ទំនងជានៅបន្តទៅមុខតទៅទៀត បើទោះបីជាប្រទេសចិនរងផលប៉ះពាល់ចំពោះប្រាក់ចំណេញរបស់ខ្លួនដោយសារការបិទខ្ទប់ដំណើរការអាជីវកម្មនានាក្នុងអំឡុងពេលឆ្នាំដំបូងនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏ដោយ។ នេះ បើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
 
ប្រជាពលរដ្ឋចិនមានចំនួនច្រើនជាងប្រជាពលរដ្ឋសហរដ្ឋអាម៉េរិកចំនួន ៣ ដងកន្លះ បើទោះបីជាជាមធ្យម អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាម៉េរិក មានជីវភាពធូរធារជាងអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនក៏ដោយ។
 
លោក Rajiv Biswas ប្រធានផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន IHS Markit បាននិយាយថា៖ «នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់នៅក្នុងប្រទេសចិន បានក្លាយជាកត្តាកាន់តែសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដោយសារតែទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង»។
 
ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលចិន «មានបំណងបង្កើតការងារថ្មីចំនួនជាង ១១ លានការងារទៀតនៅតាមទីក្រុង និងពង្រីកតម្រូវការក្នុងស្រុកនិងការវិនិយោគប្រកបដោយប្រសិទ្ធភាព»។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិនកាលពីពាក់កណ្ដាលឆ្នាំ ២០២១ កន្លងទៅនេះ។
 
ទីភ្នាក់ងារព័ត៌មាន Xinhua បានបន្ថែមថា វិធានការទាំងនេះ «ត្រូវគេរំពឹងថា នឹងធ្វើឲ្យសេដ្ឋកិច្ច [របស់ប្រទេសចិន] វិលទៅរកស្ថានភាពរស់រវើកឡើងវិញដូចមុនពេលវិបត្តិកូវីដ១៩»។
 
តើមានអ្វីកើតឡើង ប្រសិនបើចិន នាំមុខសហរដ្ឋអាម៉េរិកផ្នែកសេដ្ឋកិច្ច?
សេដ្ឋវិទូនានាបាននិយាយថា ឋានៈជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅលើពិភពលោក មិនមែនធ្វើឲ្យប្រទេសនោះ មានប្រៀបដោយស្វ័យប្រវត្តិជាងប្រទេសដទៃនោះទេ ប៉ុន្តែបណ្ដាប្រទេសដែលពឹងផ្អែកលើសេដ្ឋកិច្ចប្រទេសចិន នឹងយកចិត្តទុកដាក់ចំពោះរឿងនេះ។
 
លោក McWilliams នៃមជ្ឈមណ្ឌល CEBR បានប្រាប់ VOA ថា៖ «មិនមានមេដាយមាស ឬក៏អ្វីៗដូចនេះ [សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេលើពិភពលោក] នោះទេ។ ប៉ុន្តែ នៅពេលដែលអ្នកមានប្រាក់ច្រើនដើម្បីចំណាយ អ្នកប្រាកដជាមានលទ្ធភាពនៅក្នុងការជះឥទ្ធិពលដល់អ្វីៗផ្សេងៗ ហើយប្រទេសចិន នឹងមានលទ្ធភាពនៅក្នុងការជះឥទ្ធិពលដូចនេះ»។
 
លោកបាននិយាយថា ប្រទេសចិន នឹងមានគោលជំហរប្រសើរជាងមុននៅក្នុងការជំរុញទៅមុខនូវគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ខ្លួន។ គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មនេះ គឺជាកិច្ចប្រឹងប្រែងរយៈពេល ៩ ឆ្នាំកន្លងមក ដែលមានបំណងកសាងផ្លូវពាណិជ្ជកម្មទាំងផ្លូវគោក និងផ្លូវទឹកកាត់តាមទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក តាមរយៈគម្រោង និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។
 
មន្ត្រីរដ្ឋាភិបាលចិន កំពុងបង្កើនឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនរួចទៅហើយនៅក្នុងជម្លោះជាមួយនឹងប្រទេសផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់លោក Roy នៃមជ្ឈមណ្ឌល East-West Center។ ប្រទេសចិន មានជម្លោះដែនសមុទ្រជាមួយនឹងប្រទេសចំនួន ៤ នៅតំបន់អាស៊ីអាគ្នេយ៍ មានជម្លោះដណ្ដើមគ្រប់គ្រងកូនកោះតូចៗជាមួយប្រទេសជប៉ុន និងមានជម្លោះព្រំដែនជាមួយប្រទេសឥណ្ឌាតាំងពីឆ្នាំ ២០១៧ មក។
 
លោក Roy បាននិយាយថា៖ «លទ្ធផលនៃការរំពឹងទុកដែលថា ចិននិងនាំមុខសហរដ្ឋអាម៉េរិកផ្នែកសេដ្ឋកិច្ច បានក្លាយជាគោលនយោបាយការបរទេសដ៏ខ្លាំងក្លាមួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានបំណងចង់ដោះស្រាយជម្លោះក្នុងតំបន់ដែលផ្ដល់ផលចំណេញដល់ខ្លួន និងមានបំណងបំបាក់ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់និងលើពិភពលោក នៅក្រោមការសន្មត់ថា ប្រទេសចិន មានទិសដៅកំណត់ក្បួនច្បាប់ថ្មីៗក្នុងវិស័យទំនាក់ទំនងអន្តរជាតិ»៕
ប្រែសម្រួលដោយអ្នកនាង ទែន សុខស្រីនិត
 

© រក្សាសិទ្ធិដោយ thmeythmey.com