ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី ចាត់ទុកការជ្រើសយកលោក ហ៊ុន ម៉ាណែត ជាអនាគតមេដឹកនាំ ថាជាផែនការច្បាស់លាស់
23, Jan 2022 , 9:40 pm        
រូបភាព
ជាថ្មីម្តងទៀត លោក ហ៊ុន ម៉ានី ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបង ដែលត្រូវជ្រើសតាំងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី ហើយលោក មើលឃើញថា ជ្រើសតាំងបងខ្លួននេះ គឺជាការបង្ហាញផែនការច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា និងការធានាមិនឲ្យមានវិបត្តិនៃការដឹកនាំ។



លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តពីគណបក្សប្រជាជនកម្ពុជា និងជាកូនប្រុសពៅរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគាំទ្របងប្រុសលោក គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាថ្ងៃអនាគត។ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ដែលនៅក្នុងគណបក្សប្រជាជនកម្ពុជា ជាសមាជិកគណៈកម្មាធិការកណ្តាលមួយរូបនោះ បានអះអាងដូច្នេះថា៖«ការសម្រេចជ្រើសយកឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត ជាការបង្ហាញផែនការច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមានវិបត្តិនៃការដឹកនាំ»។


 
លើសពីនេះ លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់បន្ថែមថា ការរៀបចំផែនការបន្តវេនច្បាស់លាស់ នឹងបន្តនិរន្តភាពជាតិ សុខសន្តិភាពសង្គម ពិសេសធានាការជឿជាក់ដល់សមាជិកគណបក្សប្រជាជនកម្ពុជាផងដែរ។ លោក សង្កត់ធ្ងន់ថា កត្តាស្មារតី ឯកភាពផ្ទៃក្នុង គឺជាកត្តាសំខាន់ និងជាអាទិភាពខ្ពស់របស់សមាជិកគណបក្ស។ 
 
«កត្តាកំណត់ភាពជោគជ័យរបស់បក្ស គឺជាការអនុវត្តជាក់ស្តែងនូវកម្មវិធីនយោបាយនៅតាមកម្រិតមូលដ្ឋានផ្ទាល់ ដើម្បីបម្រី និងបំពេញតម្រូវការជាក់ស្តែងជូនដល់បងប្អូនប្រជាពលរដ្ឋ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
  


សូមបញ្ជាក់ថា មានតែលោក ហ៊ុន ម៉ាណែត ម្នាក់ប៉ុណ្ណោះ ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីតាមរយៈការលើកដៃ សម្រាប់ជំនួសសម្តេច ហ៊ុន សែន នាពេលអនាគត។ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្រ្តី គឺជាសមាជិកម្នាក់ក្នុងគណៈអចិន្រ្តៃយ៍ ដែលជាស្ថាប័នខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងជួរកងទ័ព លោក គឺជាអគ្គមេបញ្ជាការរងនៃកងយោធលពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com