ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹង​យកពន្ធលើតម្លៃ​បន្ថែម ​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​ពី​ថ្ងៃ​១​មេសាតទៅ
24, Jan 2022 , 3:00 pm        
រូបភាព
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) នឹង​​អនុវត្ត​អាករ​លើតម្លៃ​បន្ថែម(VAT)​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce) ​ចាប់​ពី​ថ្ងៃ​ទី១មេសា ឆ្នាំ២០២២តទៅ ខណៈ GDT បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាច្រើន ​សម្រាប់​ដាក់​ឱ្យ​អ្នក​ជាប់ពន្ធ​អនុវត្ត​។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់GDT។​

 
បន្ទាប់ពីកំណត់ពេលវេលាច្បាស់លាស់ ក្នុងការយកអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១មេសា តទៅ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើសិក្ខា​សាលា​ផ្សព្វផ្សាយ​តាម​អនឡាញ​ ដើម្បីបញ្ជ្រាប​ចំណេះ​ដឹង ​ដល់​អ្នក​ជាប់ពន្ធ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែមនេះ។ 
 
ក្នុងសិក្ខាសាលាស្តីពី«ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក»  កាលពីថ្ងៃទី១៨មករា ឆ្នាំ២០២២ លោក អេង រតនា​ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នកជាប់​ពន្ធ​ធំនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានបញ្ជាក់ថា ការបញ្ជ្រាប​ចំណេះ​ដឹង​ដល់​អ្នក​ជាប់ពន្ធ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែមនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបនឹងយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ២០១៩-២០២៣​ ដែលរដ្ឋាភិបាលមានគោលនយោបាយ មិនបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មី ដោយ​ត្រូវ​ពង្រឹង​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ដែល​មាន​ស្រាប់ និង​ពង្រឹង​ការ​គ្រប់គ្រងប្រមូល​ចំណូលពន្ធ ​ឱ្យ​អស់​សក្តានុពល។
 
បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ពន្ធដារ ​សម្រាប់​ដាក់​ឱ្យ​អ្នក​ជាប់ពន្ធ​អនុវត្ត​ជា​បន្តបន្ទាប់ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ជាប់ពន្ធ និងកាត់​បន្ថយ​ពេល​វេលា ​ស្របតាម​របត់​នៃ​បច្ចេកវិទ្យា​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន។ បើតាមលោក អេង រតនា ទំនើបកម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា ដែលអគ្គនាយកដ្ឋានពន្ធដារដាក់ឱ្យដំណើរនោះមាន  Tol E-Filing,  E-Filing, E-Payment, GDT Tax Pre-filing App និង​ប្រព័ន្ធ​ទទួល​លិខិត​ប្រកាស​ពន្ធ, ពាក្យ​ស្នើសុំ​លិខិត​រដ្ឋបាល និង/ឬ​ឯកសារ​នានា ​តាម​រយៈប្រព័ន្ធ​បញ្ជូន​ឯកសារ​អេឡិចត្រូនិក (E-Document Submission System) ព្រម​ទាំងការ​ស្នើសុំ​វិញ្ញាបនបត្រ/លិខិត​អនុញ្ញាត​នានា​ តាម​ប្រព័ន្ធ​អនឡាញ ជាដើម។
 
ជាមួយគ្នានេះ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការអនុវត្តអាករលើតម្លៃបន្ថែមនេះ គឺមានវិសាលភាពគ្រប់ដណ្តប់អាជីវកម្មណាដែលប្រតិ្តបត្តិការតាមប្រព័ន្ធអនឡាញដោយមិនឆ្លងច្រកចេញចូលនៃដែនសមត្ថកិច្ចគយ។ ដូចជា៖ ទិន្នន័យឌីជីថល, Software, iCloud ជាដើម។   លោក បានបញ្ជាក់នៅក្នុងកម្មវិធីពន្ធដារកម្ពុជា ស្តីពី «អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក»នាព្រឹកថ្ងៃទី២៤មករាថា៖ «រាល់ទំនិញប្រភេទឌីជីថល ដែលលក់ចេញពីក្រៅប្រទេសមក ដោយមានអ្នកប្រើប្រាស់នៅក្នុងស្រុក នោះហើយ គឺស្ថិតនៅក្នុងវិសាលភាពនៃអាករលើតម្លៃបន្ថែមនេះ»។
 
លោក កែន សម្បត្តិ ក៏ក្រើនរំលឹកដល់អ្នកជាប់ពន្ធជាអវិនាសជនទាំងអស់ដែលផ្គត់ផ្គង់ទំនិញ-សេវាកម្មឌីជីថលឬក៏ការធ្វើសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកកម្ពុជា ដែលមានផលរបបចាប់ពី២៥០លានរៀល(ប្រមាណ ៦២ ៥០០លានដុល្លារ) គឺត្រូវរួសរានមកចុះបញ្ជីអាករលើតម្លៃបន្ថែមនេះ ឱ្យបានមុនថ្ងៃទី១មេសា ឆ្នាំ២០២២។ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បានថ្លែងយ៉ាងដូច្នេះ៖« ក្នុងករណីដែលអ្នកជាប់ពន្ធមិនគោរពតាមបទបញ្ញត្តិ ដោយមិនមកចុះបញ្ជី និងមិនមកធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬក៏មិនដាក់លិខិតប្រកាសពន្ធនោះគាត់នឹងត្រូវរងទោសទណ្ឌតាមបទបញ្ញាត្តិស្តីពីពន្ធដារ ជាធរមាន»។ 
 
កាលពីថ្ងៃទី៣មករា សម្តេច ហ៊ុន សែន ប្រកាសថា កម្ពុជាទទួលបានចំណូលពីពន្ធដារបាន ២ ៧៨២លានដុល្លារ នៅក្នុងឆ្នាំ២០២១។ ចំណូលនេះ គឺ​លើសផែនការរហូត ជាង២៤ភាគរយ៕ 
 

Tag:
 ពាណិជ្ជកម្ម
  អេឡិចត្រូនិក
  ពន្ធដារ
  VAT
  E-Commerce
  អេង រតនា​
© រក្សាសិទ្ធិដោយ thmeythmey.com