រថយន្ត
អន្តរជាតិ
អ្នកបើកបររថយន្តដឹកកុងតឺន័រភេទស្រី ចូលបម្រើការ ខណៈពេលខ្វះអ្នកបើកបរ
24, Jan 2022 , 8:29 pm        
រូបភាព
លោក​ស្រី ​Vanita Johnson នៅ​ក្នុង​រដ្ឋ Georgia សហរដ្ឋអាមេរិក បាន​ក្លាយ​ជា​អ្នក​បើក​រថយន្តដឹក​កុងតឺន័រអស់​ពេលជិត​១ឆ្នាំ​ហើយ។ Matt Haines វីអូអេ
លោក​ស្រី ​Vanita Johnson នៅ​ក្នុង​រដ្ឋ Georgia សហរដ្ឋអាមេរិក បាន​ក្លាយ​ជា​អ្នក​បើក​រថយន្តដឹក​កុងតឺន័រអស់​ពេលជិត​១ឆ្នាំ​ហើយ។ Matt Haines វីអូអេ
ដោយ: VOA
ទីក្រុង NEW ORLEANS រដ្ឋ LOUISIANA -លោកស្រី Sherri Garner Brumbaugh ប្រធាន និងជានាយិកាប្រតិបត្តិក្រុមហ៊ុនរថយន្តដឹកទំនិញធំៗ បានប្រាប់វីអូអេថា វានៅតែជារឿងពិសេសមួយ ដែលបានឃើញអ្នកបើករថយន្តដឹកកុងតឺន័រជាស្ត្រី បើទោះបីជារឿងនេះ មិនសូវជាពិសេសខ្លាំងដូចពេលកន្លងមកក្តី»។ លោកស្រីថា «ចំនួនស្ត្រីដែលបើករថយន្តដឹកកុងតឺន័រនៅពេលនេះ កំពុងកើនឡើង ហើយនៅពេលដែលខ្ញុំឃើញអ្នកបើករថយន្តប្រភេទនេះ ជាស្ត្រីនោះ ខ្ញុំតែងលើកមេដៃគាំទ្រពួកគេ ពីព្រោះពួកគេ កំពុងតែផ្លាស់ប្តូរឧស្សាហកម្មរបស់យើង»។

 
នេះ ជាការផ្លាស់ប្តូរមួយដែលអ្នកជំនាញនិយាយថា បានប្រើពេលជាច្រើនទសវត្សរ៍ និងបានជំរុញដោយជំងឺរាតត្បាតកូវីដ១៩ផងនោះ បានធ្វើឲ្យស្ត្រីអាមេរិកាំងកាន់តែច្រើននាក់ថែមទៀត ចាប់ផ្តើមចាប់យកអាជីពជាអ្នកបើកបររថយន្តដឹកកុងតឺន័រនៅលើផ្លូវជាតិទាំងឡាយក្នុងសហរដ្ឋអាមេរិក។
 
ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្តធំៗ ត្រូវការអ្នកបើកបរទាំងអស់ ដែលគេអាចរកបាន នៅពេលដែលមានកុងតឺន័រ នៅកកស្ទះតាមកំពង់ផែអាមេរិក ហើយពុំមានអ្នកបើកបរគ្រប់គ្រាន់ ដើម្បីដឹកទំនិញទៅកាន់ទីតាំងទៅចែកចាយនៅទីផ្សារនោះ។ ការកើនឡើងនូវការចំណាយរបស់អ្នកទិញទំនិញប្រើប្រាស់ បានកើនលើសពីសមត្ថភាពនៃសង្វាក់ផ្គត់ផ្គង់ ដើម្បីដឹកជញ្ជូនទំនិញទាំងនោះ ទៅដល់ដៃពលរដ្ឋអាមេរិកាំង ដែលបានបញ្ជាទិញទំនិញទាំងនោះ។
 
សម្រាប់ក្រុមហ៊ុនដឹកជញ្ជួនជាច្រើន ការជ្រើសរើសអ្នកបើកបររថយន្តដឹកកុងតឺន័រភេទស្រី កំពុងជួយបំពេញការខ្វះខាតកម្លាំងពលកម្ម។
 
លោកស្រី Ellen Voie ប្រធាន និងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុនអ្នកបើកបររថយន្តដឹកកុងតឺន័រជាស្ត្រីភេទ ដែលជាក្រុមហ៊ុនមិនរកកម្រៃមួយ ដែលលើកទឹកចិត្តស្ត្រីឲ្យចូលរួមនៅក្នុងវិស័យបើកបរនេះ បាននិយាយថា៖
 
«នៅពាក់កណ្តាលសតវត្សរ៍ទី២០ គេតែងមើលឃើញថា ការបើកបររថយន្តដឹកទំនិញធំៗ ជាការងាររបស់បុរស គឺដោយសារតែតម្រូវការនៃកម្លាំងរបស់ពួកគេ។ ប៉ុន្តែការរីកចម្រើនខាងបច្ចេកវិទ្យា ដូចជាចង្កូតដែលស្រួលកាច់ និងហ្រ្វាំងដែលស្រួលជាន់ជាដើម ដែលដើរដោយថាមពល និងរបៀបដោះកុងតឺន័រចេញពីរថយន្ត និងរឿងផ្សេងជាច្រើនទៀត ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបនោះ នាំឲ្យលែងត្រូវការអ្នកបើកបរ ដែលត្រូវតែមានមាឌធំ និងកម្លាំងខ្លាំងក្លាទៀតហើយ។ ហើយការពិត ស្ត្រីកំពុងបង្ហាញថា ពួកគេមានទេពកោសល្យជាក់លាក់ជាច្រើន ដែលធ្វើឲ្យពួកគេមានគុណសម្បត្តិពិសេសនៅក្នុងការងារប្រភេទនេះ»។
 
ចំនួនអ្នកបើកបរភេទស្រី កើនឡើង
លោកស្រី Vanita Johnson នៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក បានក្លាយជាអ្នកបើករថយន្តដឹកកុងតឺន័រអស់ពេលជិត១ឆ្នាំហើយ។ លោកស្រីនិយាយថា៖ «ខ្ញុំមានអាយុ៥០ឆ្នាំហើយៗទើបចាប់ផ្តើមអាជីពជាអ្នកបរបររថយន្តដឹកកុងតឺន័រនេះ ប៉ុន្តែខ្ញុំមានការចាប់អារម្មណ៍ជាមួយរថយន្តប្រភេទធំៗតាំងពីខ្ញុំនៅតូច»។
 
លោកស្រីបានរំឭកនូវការចងចាំរបស់លោកស្រីកាលពីនៅវ័យក្មេង នៅពេលធ្វើដំណើរតាមរថយន្តជាមួយឪពុកម្តាយរបស់លោកស្រីពីផ្ទះនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ទៅលេងក្រុមគ្រួសារនៅរដ្ឋ West Virginia រដ្ឋ Maryland និងរដ្ឋ Ohio។ នៅពេលនោះ នៅលើផ្លូវធំ លោកស្រីបានឃើញរថយន្តដឹកកុងតឺន័រជាច្រើនកំពុងធ្វើដំណើរ ហើយចេះតែឆ្ងល់ថា តើរថយន្តទាំងនោះ កំពុងទៅណា។
 
អ្នកស្រី Voie និយាយថា ជនជាតិអាមេរិកាំង តែងតែឲ្យតម្លៃអ្នកបើកបររថយន្តដឹកកុងតឺន័រលើផ្លូវធំៗ។
 
អ្នកស្រីបន្ថែមទៀតថា៖ «យើងមិនគ្រាន់តែចាត់ទុកថា ពួកគេជាអ្នកដឹកទំនិញសេដ្ឋកិច្ចសម្រាប់ប្រទេសអាមេរិកតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថា ពួកគេជាអ្នកជួយពួកយើងដែលជាអ្នកបើកឡានធម្មតា នៅពេលណាដែលឡានយើងខូចតាមផ្លូវ។ ពូកគេជាមនុស្សដែលជួយយកអាសារអ្នកដទៃ ហើយអាជីពរបស់ពួកគេមានគុណធម៌ខ្ពស់»។


 លោកស្រី Kellylynn McLaughlin ជាអ្នក​បើក​រថយន្ត​ដឹក​កុងតឺន័រម្នាក់

ទស្សនៈទាំងនេះ បានរលប់បន្តិចម្តងៗនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារតែអ្នកបើកបរ ដែលមានបទពិសោធន៍ជាច្រើន បានចូលនិវត្តន៍ ហើយមិនសូវមានអ្នកបើកបរវ័យក្មេងចូលមកជំនួសអ្នកចូលនិវត្តន៍ទាំងនោះ។ សមាគមអ្នកបើរបររថយន្តដឹកកុងតឺន័រប៉ាន់ប្រមាណថា ឧស្សាហកម្មនេះ ត្រូវការអ្នកបើកបរថ្មីចំនួនជាង១លាន ២សែននាក់នៅក្នុងទសវត្សរ៍ខាងមុខ ហើយជំរុញឲ្យក្រុមហ៊ុនធ្វើការងារបានប្រសើរជាងមុន ក្នុងការទាក់ទាញដើម្បីជ្រើសរើសអ្នកបើកបរថ្មី។
 
លោកស្រី Brumbaugh បានពន្យល់ថា៖ «អ្នកគ្រប់គ្រងក្រុមហ៊ុនរថយន្តដឹកកុងតឺន័រ ត្រូវរកវិធីសាស្ត្រនានា ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ក្នុងការស្វែងរកអ្នកបើកបរថ្មី។ នេះមានន័យថា ប្រសិនបើអ្នកបើកបរម្នាក់និយាយថា គាត់ត្រូវឈប់សម្រាកនៅផ្ទះនៅចុងសប្តាហ៍ យើងត្រូវរកវិធីដើម្បីឲ្យគាត់បានឈប់សម្រាកបាន។ ប៉ុន្តែនេះ ក៏មានន័យថា យើងត្រូវទាក់ទាញអ្នកបើកបរភេទស្រី ដែលយើងមិនសូវនឹកនាដល់ក្នុងពេលកន្លងទៅ ជាពិសេសអ្នកដែលមានវ័យកណ្តាលនិងចំណាស់ ដែលអាចចាប់អារម្មណ៍លើការបើកបររថយន្តដឹកកុងតឺន័រនៅតាមផ្លូវធំៗនោះ»។
 
ការទាក់ទាញរបស់ឧស្សាហកម្មនេះ ហាក់ដូចជាកំពុងដំណើរការទៅមុខ បើទោះបីជា មានភាពយឺតយ៉ាវបន្តិចក្តី។
 
ទោះបីចំនួនអ្នកបើកបររថយន្តដឹកកុងតឺន័រភេទស្រី មានប្រមាណតែ៣%ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៧ ដែលជាឆ្នាំដំបូងនៃក្រុមអ្នកបើកបរជាស្ត្រីភេទ ត្រូវបានបង្កើតឡើងនោះក៏ដោយ ក៏ការស្ទង់មតិនាពេលថ្មីៗរបស់ក្រុមនេះ បានរកឃើញថា ចំនួនអ្នកបើកបរភេទស្រី បានកើនឡើងលើស៣ដង។
 
ការងារនៅតាមដងផ្លូវធំៗ
លោកស្រី Vanita Johnson បានឲ្យដឹងទៀតថា ការរាតត្បាតជំងឺកូវីដ១៩ បានទាក់ទាញស្ត្រីជាច្រើនឲ្យចូលរួមនៅក្នុងឧស្សាហកម្មបើកបររថយន្តដឹកកុងតឺន័រនេះ។
 
លោកស្រីបានថ្លែងថា៖ «ខ្ញុំធ្លាប់បម្រើការងារនៅក្នុងវិស័យអប់រំអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែតែងតែរំឭកចងចាំនូវសុបិនរបស់ខ្ញុំកាលពីនៅតូច ចង់ក្លាយជាអ្នកបើកបររថយន្តដឹកកុងតឺន័រម្នាក់។ នៅពេលដែលយើងផ្លាស់ប្តូរមកបង្រៀននៅតាមប្រព័ន្ធអនឡាញនៅផ្ទះវិញ ដោយសារតែជំងឺកូវីដ១៩នោះ នោះមិនមែនជាអ្វីដែលខ្ញុំចង់ធ្វើឡើយ។ ខ្ញុំបានលាឈប់ពីការងារនោះ និងបានព្យាយាមនឹកគិតថា តើខ្ញុំគួរត្រូវចាប់យកងារងារអ្វីធ្វើបន្ទាប់ពីនេះ។ ពេលនោះ ខ្ញុំក៏សម្រេចចិត្តប្រឡងយកប័ណ្ណបើកបរសម្រាប់រថយន្តដឹកកុងតឺន័រនេះតែម្តង»។
 
លោកស្រី Johnson លើកឡើងទៀតថា លោកស្រីមានការភ្ញាក់ផ្អើល ដោយបានឃើញថា អ្នកប្រឡងជាប់ថ្មីចំនួន៦នាក់ ក្នុងចំណោម១០នាក់ នៅក្នុងថ្នាក់រៀនបើកបររបស់លោកស្រី ជាស្រ្តី។
 
លោកស្រីបន្ថែមទៀតថា៖ «មានស្ត្រីពូកែៗជាច្រើនដោយរួមទាំងស្រ្តីមួយចំនួនដែលមានអាយុច្រើនជាងលោកស្រីផងដែរ ដែលកំពុងបើកបររថយន្តដឹកកុងតឺន័រ នៅលើផ្លូវធំៗ។ ស្ត្រីគ្រប់ប្រភេទ ទាំងអ្នកដែលមានមាឌតូច មាឌធំ អាយុតិច ឬច្រើន និងគ្រប់ពណ៌សម្បុរ បានចូលប្រឡូកក្នុងការងារនេះ។ វាបានបង្កើតនូវបរិយាកាសកក់ក្តៅដូចជាបងប្អូនស្រីក្នុងគ្រួសារ។
 
លោកស្រី Voie បាននិយាយថា លោកស្រីបានឃើញអ្នកបើកបរថ្មីដែលមានភេទស្រី ជាច្រើននាក់ ដូចលោកស្រី Johnson ជាដើម ដែលបានស្រឡាញ់អាជីពថ្មីរបស់ពួកគេ។
 
លោកស្រីបន្ថែមទៀតថា «ការងារនេះ បានផ្តល់ប្រាក់កម្រៃខ្ពស់ដល់អ្នកបើកបរ ខណៈពេលដែលមនុស្សជាច្រើន កំពុងបាត់បង់ការងាររបស់គេ។ ម្យ៉ាងទៀតការងារនេះ មានលក្ខណៈឯករាជ្យ ចំពេលដែលមនុស្សជាច្រើនកំពុងព្រួយបារម្ភ អំពីជំងឺរាតត្បាតកូវីដ១៩ ហើយជាការងារ ដែលផ្តល់សេរីភាពដល់អ្នកបើកបរ ពីតំបន់នៃឆ្នេរម្ខាងទៅឆ្នេរម្ខាងទៀតនៃទឹកដីសហរដ្ឋអាមេរិក។ ពួកគេ អាចទៅលេងបងប្អូន មិត្តភ័ក្តនៅតាមផ្លូវ ដែលពួកគេបើកបរនោះ។ ជាមួយគ្នានេះ ការងារនេះ ក៏បានធ្វើឲ្យពួកគេមានឱកាសមើលឃើញ ពេលព្រះអាទិត្យរះ និងលិចទៅវិញ ដែលមនុស្សភាគច្រើនគ្មានឱកាសបែបនេះទេ។ ស្ត្រីជាអ្នកបើកបរជាច្រើន ដែលខ្ញុំបាននិយាយជាមួយ បានរកឃើញនូវអ្វីដែលធ្វើឲ្យការងារបើកបរនេះ មានលក្ខណៈពិសេសជាប្រវត្តិសាស្ត្រនោះ»។
 
នេះជាការងារលំបាកមួយ
ទោះជាមានចំណុចល្អៗជាច្រើនក៏ដោយ ក៏ការបើកបើកបររថយន្តដឹកកុងតឺន័រនេះ មិនមែនជាការងាយស្រួលទេ។
 
ការបើកបរមានរយៈពេលច្រើនម៉ោង នៅលើរថយន្ត ហើយត្រូវបែកពីផ្ទះសម្បែងក្នុងរយៈពេលយូរ ត្រូវគេងយប់ក្នុងរថយន្ត និងបើកបរលើផ្លូវឆ្លងពីរដ្ឋមួយទៅរដ្ឋមួយទៀត។ ទាំងនេះ ជាបញ្ហាមួយចំនួនដែលអ្នកបើកបររថយន្តដឹកកុងតឺន័រ ជួបប្រទះ។
 
លោកស្រី Kellylynn McLaughlin ដែលជាអ្នកបើកបររថយន្តដឹកកុងតឺន័រ បាន៧ឆ្នាំហើយ និងជាអ្នកជួយបង្ហាត់បង្រៀនអ្នកបើកបរថ្មីៗនោះ បាននិយាយថា៖ «ការងារបើកបរ ជាការងារដែលមានគ្រោះថ្នាក់បំផុតមួយ។ អ្នកបើកបរ ត្រូវយល់ដឹងខ្ពស់ពីឧបករណ៍របស់រថយន្ត និងត្រូវរំពៃមើលជាប់ជានិច្ចថា នឹងមានអ្វីកើតឡើងនៅចំពោះមុខយើង ក្នុងពេលកំពុងបើកបរ»។
 
អ្នកបើកបរភេទស្រី ក៏ត្រូវបារម្ភផងដែរអំពីការធ្វើទុក្ខបុកម្នេញនៅក្នុងឧស្សាហកម្មដឹកជញ្ជូនដែលមានអ្នកបើកបរភេទប្រុសយ៉ាងច្រើនលើសលប់នៅឡើយនោះ។ 
 
ការធ្វើទុក្ខបុកម្នេញរួមមានស្ថានភាពមានគ្រោះថ្នាក់ និងស្ថានភាពមិនអំណោយផល ក្នុងអំឡុងពេលនៃការបណ្តុះបណ្តាល ដែលត្រូវស្ថិតនៅគៀកជាមួយមនុស្សប្រុស ការធ្វើត្រាប់លេងសើច និងការមើលពីមុខ មើលពីក្រោយ នៅកន្លែងដាក់ទំនិញចុះ នៅពេលថ្ងៃ ឬនៅកន្លែងចតរថយន្តនៅពេលយប់ជាដើម។
 
លោកស្រី McLaughlin នៅចាំបានថា «ក្នុងការបើកបររយៈពេល៣ខែដំបូង ខ្ញុំបានរៀបចំការបើកបររបស់ខ្ញុំ ដើម្បីមិនចាំបាច់ត្រូវចូលកន្លែងឈប់សម្រាកនៅពេលយប់។ ខ្ញុំមានសក់វែង ព័ណ៌ទង់ដែង ដូច្នេះគេមើលមកដឹងថា ខ្ញុំជាស្ត្រីភ្លាម នៅពេលដែលខ្ញុំបើករថយន្តចូលកន្លែងសម្រាកនោះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងបើកបររថយន្ត ដោយឆ្លងកាត់អ្នកបើកបរជាមនុស្សប្រុសជាច្រើននាក់ ដែលកំពុងសម្លឹងចាំចាប់កំហុសខ្ញុំ។ ដូច្នេះ ខ្ញុំសុខចិត្តស្រូតពីព្រលឹមដើម្បីមិនបាច់ខ្វល់អំពីរឿងនេះ»។
 
នេះ ជាការងារដែលលើកទឹកចិត្តមួយ
ប៉ុន្តែលោកស្រី McLaughlin បាននិយាយថា នៅពេលដែលជំនាញរបស់លោកស្រី មានភាពកាន់តែប្រសើរឡើង លោកស្រីកាន់តែមានជំនឿជឿជាក់ទៅលើការងារនេះ។
 
លោកស្រីបាននិយាយបន្ថែមទៀតដោយញញឹមថា៖ «អ្នកដឹងទេ ឥឡូវនេះខ្ញុំអត់ខ្លាចទេ ឲ្យពួកគេមើលចុះ ព្រោះខ្ញុំពូកែណាស់។ ខ្ញុំនៅចងចាំថា ថ្ងៃមួយពេលដែលខ្ញុំចូលចតនៅកន្លែងដាក់ទំនិញចុះ ខ្ញុំឮសំឡេងមនុស្សម្នាក់ស្រែកថា អ្នកបើកបរ គឺជាស្ត្រី។ អ្នកបើកបរប្រុសៗទាំងអស់ បាននាំគ្នាចេញមកក្រពាត់ដៃឈរមើលខ្ញុំថយរថយន្ត។ ខ្ញុំធ្វើបានល្អឥតខ្ចោះ។ បេះដូងខ្ញុំសឹងតែលោតចេញពីដើមទ្រូងនៅពេលនោះ ប៉ុន្តែខ្ញុំបានបញ្ជារថយន្តរបស់ខ្ញុំបានយ៉ាងល្អ ហើយពួកគេបានទទួលស្គាល់នូវស្នាដៃបើកបរដ៏ល្អរបស់ខ្ញុំ។
 
លោកស្រី Voie បានកត់សម្គាល់ថា ការស្រាវជ្រាវបានបង្ហាញកាន់តែច្រើនឡើងថា ក្រុមហ៊ុនបើកបរ មានផលប្រយោជន៍ច្រើនក្នុងការជួលអ្នកបើកបរភេទស្រី។
 
លោកស្រី និយាយថា វិទ្យាស្ថានស្រាវជ្រាវអំពីវិស័យដឹកជញ្ជូនរបស់ប្រទេសអាមេរិក បានឲ្យដឹងថា អ្នកបើកបររថយន្តដឹកទំនិញភេទប្រុស ទំនងមានគ្រោះថ្នាក់បុកគ្នាច្រើនជាងស្រី្ត ចំនួន២០ភាគរយ។ ទិន្នន័យនេះ បង្ហាញថា អ្នកបើកបរភេទស្រី មានគ្រោះថ្នាក់តិចជាងអ្នកបើកបរភេទប្រុស ហើយបើទោះបីជាគេ មានគ្រោះថ្នាក់ចរាចរណ៍ក្តី ក៏អត្រានៃការបាត់បង់ជីវិត មានកម្រិតទាបជាងបុរស ដោយសារតែអ្នកបើកបរភេទស្រី បើកបរក្នុងល្បឿនយឺតជាងបុរស និងការខូចខាតសំភារៈក៏តិចតួចជាងបុរសផងដែរ។
 
លោកស្រី Voie និយាយថា លោកស្រីបានឮនូវសេចក្តីរាយការណ៍ជាច្រើននៅក្នុងមុខរបរបើកបររថយន្តដឹកកុងតឺន័រ ដែលថា ស្ត្រីផ្តល់សេវាដល់អតិថិនជនបានល្អប្រសើរជាង និងថែរក្សាឧបករណ៍រថយន្តបានល្អប្រសើរជាងបុរសផងដែរ។
 
ប៉ុន្តែលោកស្រី Johnson បាននិយាយថា ក្នុងឆ្នាំដំបូងនៃការងារបើកបរថយន្តដឹកកុងតឺន័រ បើទោះបីលោកស្រី ត្រូវប្រឈមនឹងស្ថានភាពលំបាកជាមួយក្រុមអ្នកបើកបរភេទប្រុសក្តី ក៏លោកស្រីមិនមើលឃើញថា ទំនាក់ទំនងរវាងអ្នកបើកបរជាស្ត្រីនិងបុរស មានលក្ខណៈជាសត្រូវនោះទេ។
 
លោកស្រីបន្ថែមទៀតថា៖ «មិនមែនអ្នកបើកបរភេទប្រុសទាំងអស់ សុទ្ធតែអាក្រក់នោះទេ។ មានអ្នកបើកបរភេទប្រុសជាច្រើន ដែលមានចិត្តល្អ និងចង់ឃើញអ្នកបើកបរភេទស្រី ទទួលបានជោគជ័យនៅក្នុងការងារនេះ ហើយចាត់ទុកស្ត្រីជាសហការីរួមអាជីពរបស់គេផងដែរ។ បទពិសោធបើកបររបស់ខ្ញុំ មានលក្ខណៈល្អប្រសើរខ្លាំង។ ខ្ញុំបានជួបមនុស្សល្អជាច្រើននាក់ ឃើញទេសភាពដ៏ស្រស់ត្រកាលនៃប្រទេសយើង ហើយជួយមនុស្សឲ្យទទួលបាននូវទំនិញដែលគេចង់បាន នៅក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិក កំពុងជូបប្រទះនឹងការលំបាក។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានក្លាយជាអ្នកបើកបររថយន្តដឹកកុងតឺន័រម្នាក់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com