កីឡាអន្តរជាតិ
អន្តរជាតិ
ចិន រកឃើញអ្នកពាក់ព័ន្ធអូឡាំពិកប៉េកាំងឆ្លងកូវីដ ៧៨ករណី​ តែមិនទាន់មានអត្តពលិក
24, Jan 2022 , 10:59 pm        
រូបភាព
គណៈកម្មាធិការរៀបចំកីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០២២ បានប្រកាសនៅថ្ងៃទី២៣ ខែមករាថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់ថែមទៀត ដែលសរុបកើនដល់៧៨ករណី។ ទាំង៧៨ករណី ភាគច្រើនសុទ្ធសឹងជាបុគ្គលិក ដែលធ្វើដំណើរទៅដល់ទឹកដីចិនចូលរួមកីឡារដូវរងា ខណៈអត្តពលិកនៅមិនទាន់រកឃើញថាមានឆ្លងនៅឡើយទេ។


ក្នុង​ចំណោម​ករណី​ថ្មី​ចំនួន៦រូប មាន៤​នាក់​ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើដំណើរទៅដល់ក្នុងប៉េកាំងទាំង ៥២៩ នាក់នៅអាកាសយានដ្ឋាននៅថ្ងៃទី២៣ ខែមករា ខណៈ​ពីរ​នាក់​ទៀត​ជា​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើ​តេស្តក្នុងស្រុក។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា អះអាងថា បូកទាំង៦ករណីនេះទៀត បានរកឃើញករណីឆ្លងកូវីដ-១៩ សរុប៧៨ករណីក្នុងចំណោមបុគ្គលិកទាំង២៥៨៦នាក់ដែលទទួលការធ្វើតេស្តចាប់តាំងពីពួកគេចូលដល់ប្រទេសចិនគិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២២ ខែមករា។
 
យ៉ាងណាក៏ដោយ មកទល់ពេលនេះនៅមិនទាន់មានករណីណាមួយត្រូវបានរកឃើញក្នុងចំណោមអត្តពលិក និងមន្ត្រីទាំង១៧១នាក់ដែលមកដល់ក្រុងប៉េកាំងដើម្បីត្រៀមដណ្តើមមេដាយអូឡាំពិកដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ខែកុម្ភៈនេះឡើយ។
 
ម្ចាស់ផ្ទះចិន បានដាក់គោលការណ៍រឹតបន្តឹងខ្លាំងឡើង ជាពិសេសលើអ្នកគាំទ្រដើម្បីសុវត្ថិភាពអំឡុងព្រឹត្តិការណ៍ ស្របពេលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងវាយឡុកកាន់តែខ្លាំងឡើងនៅជុំវិញពិភពលោក។ គិតត្រឹមថ្ងៃទី២៤ ខែមករា កីឡារដូវរងាឆ្នាំ២០២២ នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះនឹងចាប់ផ្តើមការប្រកួតផ្លូវការហើយ ខណៈក្រុមមន្ត្រី បុគ្គលិក និងអត្តពលិកពីជុំវិញពិភពលោក បានធ្វើដំណើរទៅកាន់ប្រទេសចិនបណ្តើរៗហើយ៕
 

Tag:
 Beijing 2022
  COVID-19)
© រក្សាសិទ្ធិដោយ thmeythmey.com