អន្តរជាតិ
មនុស្សរាប់ពាន់នាក់ដង្ហែក្បួននៅវ៉ាស៊ីនតោនប្រឆាំងការតម្រូវឲ្យពាក់ម៉ាស់ និងចាក់វ៉ាក់សាំង
25, Jan 2022 , 8:29 pm        
រូបភាព
ក្រុមអ្នក​តវ៉ានៅ Lincoln Memorial ក្នុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី២៣ ខែមករា។ រូបថត AFP
ក្រុមអ្នក​តវ៉ានៅ Lincoln Memorial ក្នុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី២៣ ខែមករា។ រូបថត AFP
ដោយ: VOA
រដ្ឋធានីវ៉ាស៊ីនតោន - ពួកអ្នកតវ៉ារាប់ពាន់នាក់ប្រឆាំងនឹងការពាក់ម៉ាស់ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានជួបជុំគ្នាក្នុងទីលានក្នុងរដ្ឋធានីវ៉ា់ស៊ីនតោនកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីប្រឆាំងតវ៉ានឹងគោលនយោបាយតម្រូវឲ្យចាក់វ៉ាក់សាំង និងពាក់ម៉ាស់ការពារជំងឺកូវីដ១៩ ដែលដាក់ចេញដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden។

 
ដោយជួបជុំគ្នានៅទីលាន National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបន្ទាប់មក បានដើរទៅកាន់វិមានរំឭកគុណប្រធានាធិបតី Lincoln អ្នកតវ៉ាប្រឆាំង បានលើកបដាដោយមានពាក្យស្លោកថា «សេចក្តីស្រឡាញ់ មិនមែនជាការដាក់បញ្ជានោះឡើយ» ហើយ«ការបង្ខិតបង្ខំ មិនមែនជាជម្រើសទេ»។
 
រហូតមកដល់ពេលនេះ ជំងឺកូវីដ១៩ បានសម្លាប់មនុស្សប្រមាណជាង៨សែន ៦ម៉ឺននាក់នៅក្នុងសហរដ្ឋអាមេរិក និងជាង៥លាន ៥សែននាក់នៅទូទាំងពិភពលោក។ ជំងឺរាតត្បាតនេះ បានកើតមានឡើងអស់រយៈពេលជាង២ឆ្នាំមកហើយ និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
 
កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ តុលាការកំពូលសហរដ្ឋអាមេរិក បានរាំងខ្ទប់ដល់បទបញ្ជារបស់លោកប្រធានាធីបតី Joe Biden ដែលបានតម្រូវឲ្យក្រុមហ៊ុនអាមេរិកធំៗ ត្រូវចាក់វ៉ាក់សាំង ឬធ្វើតេស្តជំងឺកូវីដ១៩ដល់បុគ្គលិករបស់ខ្លួនជាគោលនយោបាយមួយដែលអ្នកអភិរក្សនិយម គិតថា ជារឿងមិនសមហេតុផលលើជីវិតនិងសុខភាពរបស់ពលរដ្ឋអាមេរិកកាំងជាច្រើននាក់ ស្របពេលដែលតម្រូវឲ្យមានគោលការណ៍វ៉ាក់សាំងសហព័ន្ធដាច់ដោយឡែកមួយទៀតសម្រាប់មណ្ឌលថែរក្សាសុខភាព។
 
ក្រុមហ៊ុនអាមេរិកជាច្រើន បានអនុវត្តនូវគោលនយោបាយដែលតម្រូវឲ្យពាក់ម៉ាស់នេះ ដើម្បីការពារដល់បុគ្គលិករបស់ពួកគេ ហើយទីក្រុងជាច្រើន និងអង្គការវប្បធម៌នានា ក៏បានអនុវត្តដូចគ្នានេះផងដែរ។
 
ដោយឡែក រដ្ឋអាមេរិកជាច្រើន ដែលមាននិន្នាការគាំទ្រគណបក្សសាធារណរដ្ឋ ពុំបានដាក់ចេញគោលកាណ៍តម្រូវឲ្យពាក់ម៉ាស់នោះឡើយ។ រីឯរដ្ឋដែលមានអភិបាលរដ្ឋមកពីខាងគណបក្សប្រជាធិបតេយ្យ ដូចជារដ្ឋ California ជាដើម បានដាក់ចេញឡើងវិញនូវគោលការណ៍តម្រូវឲ្យពាក់ម៉ាស់នៅក្នុងអគារ ឬទីកន្លែងបិទជិត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com