ជាតិ
​​​ន​យោ​បាយ​ជាតិ​
ផ្ទុះការតវ៉ាក្នុងសន្និបាតបក្សប្រជាជននៅសង្កាត់ជ្រាវ ដោយសារដកចៅសង្កាត់រងចេញ
26, Jan 2022 , 12:59 pm        
រូបភាព
សមាជិកគណបក្សប្រជាជនកម្ពុជាមួយចំនួនក្នុងសង្កាត់ជ្រាវ នាំគ្នាតវ៉ាក្នុងអង្គសន្និបាត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដោយសារបាត់ឈ្មោះលោក គង់ ប៊ឹប ជាចៅសង្កាត់រងទី១ ក្នុងបញ្ជីបេក្ខជនសមាជិក្រុមប្រឹក្សា សម្រាប់អាណត្តិទី៥។
សមាជិកគណបក្សប្រជាជនកម្ពុជាមួយចំនួនក្នុងសង្កាត់ជ្រាវ នាំគ្នាតវ៉ាក្នុងអង្គសន្និបាត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដោយសារបាត់ឈ្មោះលោក គង់ ប៊ឹប ជាចៅសង្កាត់រងទី១ ក្នុងបញ្ជីបេក្ខជនសមាជិក្រុមប្រឹក្សា សម្រាប់អាណត្តិទី៥។
សមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប នាំគ្នាតវ៉ាក្នុងអំឡុងធ្វើសន្និបាត ដោយសារចៅសង្កាត់រងទី១ គឺលោក គង់ ប៊ឹប មិនបានឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់អាណត្តិថ្មី។ លោក ទៀ សីហា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បកស្រាយថា គណបក្ស មិនបោះបង់លោក គង់ ប៊ឹប ឡើយ ហើយលោក អាចនឹងទទួលបានតំណែងនៅថ្នាក់ក្រុងក៏ថាបាន។

 
 
គណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានបើកសន្និបាត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដើម្បីបង្ហាញពីលទ្ធផលការងារគណបក្ស និងផែនការ សម្រាប់ថ្ងៃមុខ។ ក្រៅពីបង្ហាញលទ្ធផលការងារ អង្គសន្និបាត បានប្រកាសបេក្ខជន-បេក្ខនារីទាំងពេញសិទ្ធិ និងបម្រុងជិត២០នាក់ ដែលត្រូវឈរឈ្មោះឲ្យគេបោះឆ្នោតធ្វើជាសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ បញ្ជីឈ្មោះបេក្ខជននោះ ចុះហត្ថលេខាដោយលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។ 
 
ក្នុងចំណោមបេក្ខជន-បេក្ខនារីជិត២០នាក់នោះ មិនមានឈ្មោះសមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ គឺលោក គង់ ប៊ឹប។ លោក គង់ ប៊ឹប គឺជាចៅសង្កាត់រងទី១នៃសង្កាត់ជ្រាវ សម្រាប់អាណត្តិទី៤នេះ (២០១៧-២០២២)។ ពេលមិនមានឈ្មោះលោក គង់ ប៊ឹប ក្នុងបញ្ជីសម្រាប់ឈរឈ្មោះឲ្យគេបោះឆ្នោតធ្វើជាសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ នៅអាណត្តិថ្មី គឺអាណត្តិទី៥ (២០២២-២០២៧) កូនប្រុសរបស់លោក ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាដែរនោះ រួមទាំងសមាជិកគណបក្សប្រជាជនកម្ពុជាផ្សេងទៀត ក៏នាំគ្នាសួរដេញដោលតែម្តង ទាំងដែលអង្គសន្និបាតកំពុងដំណើរការ។ 
 
យុវជនម្នាក់ បានទៅសួរបុរស-ស្រ្តី២នាក់ ដែលជាគណៈអធិបតីក្នុងអង្គសន្និបាត ថា មូលហេតុអ្វី បានដកលោក គង់ ប៊ឹប ចេញពីបញ្ជីបេក្ខជនក្រុមប្រឹក្សាសង្កាត់ជ្រាវ សម្រាប់អាណត្តិទី៥? យុវជននោះ ពុំបានទទួលចម្លើយឡើយ។ គណៈអធិបតីទាំង២នាក់ និយាយដូចគ្នានូវពាក្យយ៉ាងខ្លីទៅកាន់យុវជននោះថា ការសម្រេចអំពីបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាជ្រាវ គឺជាបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។ យុវជននោះ អះអាងថា ខ្លួនជាកូនប្រុសរបស់លោក គង់ ប៊ឹប។ 
 
ភ្លាមៗនោះ យុវជនជាកូនរបស់លោក គង់ ប៊ឹប និងសមាជិកគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត ក៏ស្រែកខ្លាំងព្រមៗគ្នាថា «មិនសុខចិត្ត»។ ពួកគេ ចាត់ទុក ការដកលោក គង់ ប៊ឹប ចេញពីបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាជ្រាវ ថា ជាអំពើអយុត្តិធម៌ និងប្រៀបដូចជាក្បត់ឆន្ទៈរាស្រ្ត។

ស្រ្តីជាអ្នកសម្របសម្រួល បានប្រាប់តាមឧគ្ឃោសនសព្ទថា ពួកគេ មិនគួរតវ៉ាក្នុងអង្គសន្និបាតឡើយ តែគួរទៅតវ៉ាដល់គណបក្សខេត្ត ដ្បិតបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ ត្រូវបានសម្រេចដោយគណបក្សខេត្ត។ ដោយសារការតវ៉ា ផ្ទុះឡើងកាន់តែខ្លាំង ស្រ្តីជាអ្នកសម្របសម្រួល ក៏សម្រេចប្រកាសរំសាយអង្គសន្និបាតនៅពាក់កណ្តាលទី។
 
រឿងអ្វី បានដកលោក គង់ ប៊ឹប ចេញដោយគ្មានមូលហេតុ? បើគាត់ខុស ថ្នាក់ដឹកនាំ គួរហៅគាត់ទៅសួរ។ នេះជាអ្វីដែលពួកគេ នាំគ្នានិយាយឮៗ និងដដែលៗ ទៅកាន់អ្នកសារព័ត៌មាន ទោះជាអង្គសន្និបាត ត្រូវបានរំសាយ ហើយគណៈអធិបតីបានចាកចេញអស់ហើយក៏ដោយ។   
 
គាត់ តែងសកម្មក្នុងការជួយសង្គម ជួយប្រជាជនក្រីក្រ លះបង់កម្លាំងកាយ លះបង់ថវិកាផ្ទាល់ខ្លួន ជួយកសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់។ គាត់ ជាអ្នកដឹកនាំល្អម្នាក់ក្នុងក្រសែភ្នែកប្រជាជន។ សមិទ្ធផលរបស់គាត់ មានច្រើនណាស់។ ទាំងនេះ គឺជាគុណសម្បត្តិរបស់លោក គង់ ប៊ឹប ដែលត្រូវពួកគេ បរិយាយឡើង។ 
 
យុវជនជាកូនរបស់លោក គង់ ប៊ឹប បង្ហាញពីអារម្មណ៍របស់ខ្លួនថា៖«ធ្វើជាមេបាគេ បើធ្វើឲ្យកូនចៅឈឺចាប់អ៊ីចឹង តើធ្វើជាមេបាយ៉ាងម៉េច? ប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ទាំងឈឺទាំងជា លទ្ធផលចុងក្រោយបែរជាដកគាត់ចោលដូចស្ពៃ»។   
 
លោក ទៀ សីហា បង្ហាញការសោកស្តាយថា ការតវ៉ានេះ មិនគួរណាកើតឡើងនោះទេ។ លោក បំភ្លឺថា លោក គង់ ប៊ឹប នៅតែជាសមាជិកគណបក្សប្រជាជនកម្ពុជាដដែល ទោះជាលោក មិនត្រូវបានបញ្ជូលទៅក្នុងបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាជ្រាវសម្រាប់អាណត្តិថ្មីក៏ដោយ។ លោក ចាត់ទុកការផ្សាយថា លោក គង់ ប៊ឹប ត្រូវបានដកចេញពីគណបក្ស ជាការភាន់ច្រឡំ។ លោក អះអាងថា គណបក្ស ចេះចាត់ចែង និងផ្តល់តួនាទីផ្សេងជូនលោក គង់ ប៊ឹប នៅអាណត្តិបន្ទាប់ ពោលគឺ គណបក្ស មិនបោះបង់លោកចោលឡើយ។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បញ្ជាក់ថា៖«មិនមែនលោកពូ គង់ ប៊ឹប ជាអ្នកតវ៉ាទេ គឺកូនរបស់គាត់ ដែលមានការយល់ច្រឡំ មកតវ៉ារឿងនេះ។ តាមពិតក្នុងជួរគណបក្ស ​មិនមានបញ្ហាអីទេ ទាំងសាមីខ្លួន ក៏មិនមានបញ្ហាជាមួយគណបក្សដែរ»។ លោក បន្តថា៖«លោកពូ គង់ ប៊ឹប ក៏មិនចាំបាច់ថា ជាចៅសង្កាត់រងទី១ ឬជាចៅសង្កាត់ នៅអាណត្តិក្រោយទេ តែក៏មានលទ្ធភាពអាចជាក្រុមប្រឹក្សាសង្កាត់ ឬមួយក៏ក្រុមប្រឹក្សាក្រុងក៏ថាបាន ទៅតាមការសម្រេចរបស់គណបក្សនៅថ្ងៃខាងមុខ»។ 
 
ជាគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា មុនបញ្ជូនបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទៅឲ្យគណបក្សប្រជាជនកម្ពុជានៅថ្នាក់ខេត្តសម្រេច គឺត្រូវឆ្លងកាត់ការបោះឆ្នោតស្ទង់មតិពីសមាជិកគណបក្សឃុំ-សង្កាត់សិន ដែលជាការបោះឆ្នោតផ្ទៃក្នុងគណបក្សថ្នាក់ឃុំ-សង្កាត់។ ការបោះឆ្នោតស្ទង់មតិនៅថ្នាក់ឃុំ-សង្កាត់នេះ គឺដើម្បីស្ទង់មើលថា អ្នកណា អាចមានលក្ខណសម្បត្តិឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បាន។

សមាជិកគណបក្សប្រជាជនកម្ពុជា ដែលគាំទ្រលោក គង់ ប៊ឹប មើលឃើញថា ការបោះឆ្នោតផ្ទៃក្នុងគណបក្ស មិនមានសុក្រិតភាពឡើយ ហើយពួកគេ ទាមទារឲ្យបោះឆ្នោតផ្ទៃក្នុងគណបក្សឡើងវិញ រួចរាប់សន្លឹកឆ្នោតនៅកន្លែងតែម្តង ដោយមិនចាំបាច់បញ្ជូនទៅគណបក្សខេត្តនោះទេ។ លុះត្រាតែធ្វើដូច្នេះ ទើបពួកគេ ជឿថា ការបោះឆ្នោតផ្ទៃក្នុងគណបក្ស មានសុក្រិតភាព ហើយលោក គង់ ប៊ឹប ពិតជាជាប់ឆ្នោតជាបេក្ខជនសមាជិកក្រុមប្រឹក្សាសង្កាត់ ឬមិនជាប់។
 
ពួកគេ បង្ហាញមន្ទិលថា លោក គង់ ប៊ឹប ប្រឹងធ្វើការជាមួយរាស្រ្ត បម្រើរាស្រ្ត ខំកសាងសមិទ្ធផល និង​ មានស្នាដៃល្អ តើហេតុអ្វីបានជាមិនជាប់ឆ្នោតក្នុងបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាជ្រាវ?
 
លោក ទៀ សីហា ពន្យល់ថា ការរៀបចំបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ គឺជារឿងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ លោក សង្កត់ធ្ងន់ថា ការបោះឆ្នោតស្ទាបស្ទង់នៅសង្កាត់ជ្រាវ គឺធ្វើទៅតាមលក្ខន្តិកៈគណបក្ស ហើយអង្គបោះឆ្នោត បានបោះឆ្នោតដោយតម្លាភាព ព្រមទាំងបានឆ្លងកាត់ការប្រជុំក្នុងគណៈអចិន្រៃ្តយ៍គណបក្សខេត្តរួចហើយ។  

ក្នុងរោងអង្គសន្និបាត ក្រុមអ្នកគាំទ្រលោក គង់ ប៊ឹប ដង្ហើយហៅសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យជួយពិនិត្យមើលលើការសម្រេចដកលោក គង់ ប៊ឹប ចេញពីបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាជ្រាវ ដើម្បីផ្តល់យុត្តិធម៌ជូនលោក។ 
 
ថ្វីបើមិនដឹងមូលហេតុច្បាស់លាស់ពីការដកលោក គង់ ប៊ឹប ចេញពីបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាសង្កាត់ជ្រាវ តែអ្នកគោរពស្រឡាញ់លោក បាននិយាយថា លោក ត្រូវគេសង្ស័យថា លោកក្បាល២។ មានន័យថា លោក ជាសមាជិកគណបក្សប្រជាជនកម្ពុជា  ដែលមកពីគណបក្សផ្សេង ហើយលោក នៅលួចមានចិត្តជាមួយគណបក្សផ្សេងនោះ។ ការចោទប្រកាន់លោកថា ជាមនុស្សក្បាល២បែបនេះ ត្រូវអ្នកគាំទ្រលោក ចាត់ទុកថា ជាការលាបពណ៌លើលោក។   
 
លោក ទៀ សីហា និយាយត្រង់ចំណុចនេះថា លោក គង់ ប៊ឹប ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាពេញសិទ្ធិអស់១អាណត្តិមកហើយ ហើយលោក បម្រើប្រជាជនក្នុងនាមគណបក្សប្រជាជនកម្ពុជា មិនមែនក្នុងនាមគណបក្សដទៃនោះទេ។ លោក ថ្លែងថា៖«គណបក្សប្រជាជនកម្ពុជា នៅថែរក្សាគាត់ដដែល។ គាត់ នៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា។ មិនមានបញ្ហាដូចគេចោទប្រកាន់ថា ដោយសារគាត់ ជាអតីតៈគណបក្សណាផ្សេង បានយកដកឈ្មោះគាត់ទេ»។  
 
បើតាមសម្តីរបស់លោក ទៀ សីហា ទោះជាមានការតវ៉ាពីអ្នកគាំទ្ររបស់លោក គង់ ប៊ឹប ក្តី តែបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាជ្រាវ នឹងមិនត្រូវសម្រេចឡើងវិញឡើយ ពោលគឺ នៅតែគ្មានឈ្មោះលោក គង់ ប៊ឹប ដដែល។ ផ្ទុយមកវិញ លោក ប្រាប់ថា គណបក្ស នឹងព្រមានកូនប្រុសរបស់លោក ចំពោះទង្វើដែលធ្វើដាក់គណបក្ស។ 
 
៤-៥ថ្ងៃក្រោយ គឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក គង់ ប៊ឹប ជាឪពុក និងយុវជន គង់ តារា ជាកូន ក៏បានចេញវីដេអូសូមអភ័យទោសដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា រាប់ចាប់ពីថ្នាក់សង្កាត់ រហូតដល់សម្តេច ហ៊ុន សែន។ លោក គង់ ប៊ឹប និយាយថា លោក សូមទោសជំនួសកូនប្រុស ដែលបង្កឲ្យមានការតវ៉ាក្នុងអង្គសន្និបាតគណបក្ស។ យុវជន គង់ តារា ខ្លួនឯង ក៏សូមទោសដែរ ចំពោះទង្វើដែលធ្វើឲ្យប៉ះពាល់ដល់អង្គសន្និបាត។ 
 
យុវជន គង់ តារ៉ា ដែលជាអ្នកនាំឲ្យមានការតវ៉ាក្នុងអង្គសន្និបាត បាននិយាយជាមួយនឹងការលើកដៃសំពះថា៖«ដោយសារខ្ញុំបាទ នៅក្មេង ហើយឆេវឆាវបន្តិច ក៏បានធ្វើឲ្យលេចកំហុសទាំងនោះកើតឡើង ដោយអចេតនា»។ 
 
រឿងហេតុនៃការតវ៉ាក្នុងអង្គសន្និបាតគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ ត្រូវបានគេថតជាប់ជាវីដេអូ និងត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គម។ អ្នកប្រឆាំងខ្លះ ចែករំលែកវីដេអូនោះ ដោយអមនឹងសំណេរថា គណបក្សប្រជាជនកម្ពុជា បែកបាក់ផ្ទៃក្នុង ដោយសារការដណ្តើមអំណាច និងតំណែងគ្នា៕ 
 

 

Tag:
 CPP
  បោះឆ្នោតឃុំ-សង្កាត់
  សង្កាត់ជ្រាវ
  គង់ ប៊ឹប
© រក្សាសិទ្ធិដោយ thmeythmey.com