ជាតិ
កញ្ញា ម៉េង សុវណ្ណលីលីន ផ្សារភ្ជាប់ខ្លួនជាមួយស្ថាបត្យកម្មប្រាសាទបុរាណនៅរមណីយដ្ឋានអង្គរ
27, Jan 2022 , 8:59 am        
រូបភាព
កញ្ញា ម៉េង សុវណ្ណលីលីន កំពុងឈរថតនៅពីមុខក្លោងទ្វារតាកាវ​
កញ្ញា ម៉េង សុវណ្ណលីលីន កំពុងឈរថតនៅពីមុខក្លោងទ្វារតាកាវ​
សៀមរាប៖ កញ្ញា ម៉េង សុវណ្ណលីលីន ជាស្ថាបត្យករ និងអ្នកបច្ចេកទេសជួសជុលសំណង់ប្រាសាទ នៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមសកម្មភាពក្នុងការជួសជុលប្រាសាទបុរាណនានា នៅរមណីយដ្ឋានអង្គរ។ សម្រាប់កិច្ចការងារនេះ សុវណ្ណលីលីន មានមោទកភាពយ៉ាងខ្លាំង ដែលបានចូលរួមអភិរក្សបុរាណដ្ឋាន និងប្រាសាទជាកេរដំណែលបន្សល់ពីដូនតាឱ្យឈររឹងមាំឡើងវិញ សម្រាប់មនុស្សជំនាន់ក្រោយ។

 
ស្របពេលដែលនិស្សិតខ្មែរជាច្រើន ដែលបញ្ចប់ជំនាញផ្នែកស្ថាបត្យកម្ម ផ្តោតទៅលើការសាងសង់សំណង់ទំនើប ឬអភិវឌ្ឍសំណង់អគារធំៗនោះ កញ្ញា ម៉េង សុវណ្ណលីលីន ងាកទៅចូលរួមសកម្មភាពក្នុងការជួសជុលប្រាសាទបុរាណ នៅរមណីយដ្ឋានអង្គរ។ អស់រយៈពេលជាង៤ឆ្នាំមកហើយ ដែលសុវណ្ណលីលីន បានចូលរួមអភិរក្សប្រាសាទបុរាណ។ 


សកម្មភាពក្រុមការ របស់កញ្ញា ម៉េង សុវណ្ណលីលីន កំពុងជួសជុលខ្លោងទ្វារតាកាវ។

កំពុងតែមមាញឹកនៅការដ្ឋានជួសជុលខ្លោងទ្វារតាកាវនៃរមណីយដ្ឋានអង្គរ សុវណ្ណលីលីន ឆ្លៀតផ្ដល់បទសម្ភាស ដល់សារព័ត៌មានថ្មីៗ ដោយរៀបរាប់ពីមូលហេតុដែលខ្លួនសម្រេចចិត្តមកបម្រើការនៅទីនេះថា៖«ការចូលមកនេះ [គឺ] ខ្ញុំចង់ផ្សារភ្ជាប់ខ្ញុំជាមួយស្ថាបត្យកម្ម បុរាណ។  យើងជួយរក្សាអតីតកាលរបស់យើងដែលជាសំណង់អ៊ីចឹងឱ្យនៅយូរ ដើម្បីអនាគតឱ្យសំណង់ហ្នឹងនៅស្ថិតស្ថិរ នៅឈររហូត»។ 
 
បើតាមកញ្ញា សុវណ្ណលីលីន បច្ចុប្បន្នការងារជួសជុលប្រាសាទបុរាណនៅកម្ពុជា គឺមិនសូវមានអ្នកជួយធ្វើទេ ខណៈការសាងសង់សំណង់ទំនើបៗ និងទាន់សម័យ ហាក់មានចំនួនច្រើនជាងតម្រូវការ។ ទន្ទឹមនឹងការស្រឡាញ់ការងារ ជាអ្នកអភិរក្សប្រាសាទបុរាណនេះ កញ្ញា សុវណ្ណលីលីន យល់ឃើញថា ការងារជួសជុលប្រាសាទបុរាណ ជារឿងសំខាន់ណាស់។ ស្ត្រីវ័យ២៧ឆ្នាំរូបនេះ  ពន្យល់ដូច្នេះថា៖«វាសំខាន់ ដោយសារប្រាសាទបុរាណ ដូចជាដួងព្រលឹងរបស់យើង ជាអត្តសញ្ញាណ។ ប្រសិនបើយើងអត់មានប្រាសាទបុរាណទាំងអស់ហ្នឹង យើងអត់អាចដើរទៅមុខបានទេ។ វាដូចជាអតីតកាលដ៏ល្អរបស់យើង ហើយវាក៏ជាអត្តសញ្ញាណរបស់ខ្មែរ»។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 


 
កន្លងមក សុវណ្ណលីលីន បានចូលរួមជួសជុលប្រាសាទអកយំ, ប្រាសាទតាអួន, ប្រាសាទកណ្តាលស្រះស្រង់, ប្រាសាទបាយ័ន និងកំពុងជួសជុលខ្លោងទ្វារតាកាវ។
 
ដ្បិតបច្ចុប្បន្ន សុវណ្ណលីលីន កំពុងធ្វើការងារជាអ្នកបច្ចេកទេសជួសជុលសំណង់ប្រាសាទបុរាណក៏ពិតមែន ប៉ុន្តែកញ្ញា ក៏អាចយល់ដឹងនិងធ្វើការលើសំណង់សម័យកាលទំនើបបាន ផងដែរ។ កញ្ញាបញ្ជាក់ថា៖«ដូចប្រាសាទដូចអី វាជាស្ថាបត្យកម្មដូចគ្នា គ្រាន់តែមួយទំនើប មួយទៀតបុរាណ។ ដូច្នេះ យើងព្យាយាមត្រលប់មកស្ថាបត្យកម្មដែលធ្លាប់មាន។  អ៊ីចឹង អ្វីដែលធ្លាប់មានហើយ ខ្ញុំអាចយល់ដឹងច្បាស់ពីតម្លៃនៃស្ថាបត្យកម្មបុរាណ យល់កាន់តែស៊ីជម្រៅ ពេលដែលខ្ញុំមានការងារជាស្ថាបត្យកម្មទំនើប ក៏ខ្ញុំទាញដូចជាការគិតពីស្ថាបត្យកម្មបុរាណ មកដាក់នៅស្ថាបត្យកម្មសម័យ ដោយអត់ឱ្យសម័យបែបបរទេសទេ គឺមានមូលដ្ឋានគ្រឹះពីខ្មែរ»។ 


 សកម្មភាពក្រុមការ របស់កញ្ញា ម៉េង សុវណ្ណលីលីន កំពុងជួសជុលខ្លោងទ្វារតាកាវ។

ការងារជាស្ថាបត្យកម្មសំណង់បុរាណនេះ កញ្ញា សុវណ្ណលីលីន គឺសប្បាយចិត្ត និងមានមោទកភាព លើអាជីពមួយនេះ។ ជាមួយនឹងគ្នានេះ សុវណ្ណលីលីន ក៏បានចែករំលែកបទពិសោធមួយចំនួន ដែលខ្លួនចាប់ផ្តើមប្រឡូកក្នុងអាជីពជាអ្នកអភិរក្ស ប្រាសាទបុរាណដែរ។ «ចាប់ផ្ដើមរៀនស្ថាបត្យកម្មនេះ យើងរឹងមាំខ្លួនឯង ដោយសារយើងត្រូវធ្វើការបណ្ដើរ គូរប្ដង់បណ្ដើរ។ បានន័យថា ការងារហ្នឹង ជាការងារហត់ យើងហត់អ៊ីចឹងទៅ ពេលយើងចាប់ផ្ដើមកំពុងរៀនហ្នឹង យើងចាប់ផ្ដើមចុះតាមការដ្ឋាន យើងចាប់ផ្ដើមបន្ស៊ាំខ្លួនឯងម្ដងបន្តិចៗ»។ នេះជាការលើកឡើងរបស់កញ្ញា សុវណ្ណលីលីន ដោយបានបន្ថែមថា៖«ពេលយើងរៀនចប់ យើងមកធ្វើការ ក៏មិនមានអីខុសប្លែកដែរ។ គ្រាន់តែវាពិបាក ដោយសារពេលយើងធ្វើការទៅ យើងត្រូវគ្រប់គ្រងកម្មករខ្លួនឯង ហើយកម្មករមួយចំនួនសុទ្ធតែប្រុស។ ដំបូងវាហត់ តែយូរៗទៅ វាដូចការងារទូទៅធម្មតា»។ 
 
ស្ត្រីដែលមានកំណើតនៅខេត្តព្រះសីហនុរូបនេះ ចង់ឃើញការអភិរក្សប្រាសាទបុរាណ ដែលមានក្នុងរមណីយដ្ឋានអង្គរ ឱ្យងើបឡើងវិញដោយធនធានមនុស្សក្នុងប្រទេស និងចង់បង្ហាញថាកូនចៅខ្មែរ ជាអ្នកជួសជុល ប្រាសាទដូនតាខ្លួន៕ 
 

Tag:
 ThmeyThmey
  ស្ថាបត្យកម្ម
  រមណីយដ្ឋានអង្គរ
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com