អន្តរជាតិ
ក្រុមអ្នកជំនួញ​​ស្លូវេនី រង​ការរិះគន់​ពី​ចិន ក្រោយ​នាយក​រដ្ឋមន្ត្រី​​ខ្លួន បាន​កោតសរសើរ​ពីតៃវ៉ាន់
26, Jan 2022 , 10:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីប្រទេសស្លូវេនី Janez Jansa នៅពេលលោកថ្លែងសុន្ទរកថាក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅឯមជ្ឈមណ្ឌលសន្និបាត Brdo ជិត Ljubljana ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១
នាយករដ្ឋមន្ត្រីប្រទេសស្លូវេនី Janez Jansa នៅពេលលោកថ្លែងសុន្ទរកថាក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅឯមជ្ឈមណ្ឌលសន្និបាត Brdo ជិត Ljubljana ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១
ដោយ: VOA
ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់-អ្នក​ជំនួញ​របស់​ប្រទេស​ស្លូវេនី​មួយ​ក្រុម បាន​និយាយ​ថា សមាជិក​របស់​ខ្លួន​កំពុង​ប្រឈម​ការ​រិះគន់ជា​ខ្លាំង​ពី​ប្រទេស​ចិន​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ប្រទេស​ស្លូវេនីលោក Janez Jansa បាន​ពិភាក្សា​ពី​ក្តី​សង្ឃឹម​របស់​លោក ​នៅ​ក្នុង​កិច្ច​សម្ភាសន៍មួយ​អំពី​ទំនាក់​ទំនងកាន់​តែ​ជិតស្និទ​ថែម​ទៀត​ជា​មួយកោះ​តៃវ៉ាន់។ នេះ​ ជា​ករណី​ថ្មីៗបំផុតមួយ​របស់​ចិន​ក្នុង​ការ​បន្តបដិសេធ​ និង​មិន​អត់​ឱនដល់​បញ្ហា​ស្វ័យភាព​របស់ដែន​កោះ​តៃវ៉ាន់។

 
 
កាល​ពីថ្ងៃទី​១៧ ខែមករា​ កន្លង​ទៅនេះ នាយក​រដ្ឋមន្ត្រីប្រទេស​ស្លូវេនី​ លោក Jansa បាន​ប្រាប់បណ្តាញ​ព័ត៌មាន​ឥណ្ឌានៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា លោក​សង្ឃឹម​ថា តៃវ៉ាន់ ​និង​ប្រទេស​ស្លូវេនី អាច​បើកការិយាល័យ​តំណាងមួយ​នៅ​ក្នុង​ប្រទេស​រៀង​ៗខ្លួន។ លោក​ ក៏​បាន​កោត​សរសើរ​ដល់​កោះ​តៃវ៉ាន់​ផងដែរ​ ​នៅ​ក្នុងការទប់ទល់​នឹង​ជំងឺ​កូវីដ១៩ ហើយ​ថា តៃវ៉ាន់​គួរ​សម្រេចចិត្ត​ខ្លួន​ឯងនូវ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយចិន​ដីគោក។
 
ការរិះគន់​ភ្លាម​ៗប្រឆាំង​នាយក​រដ្ឋមន្ត្រី​ស្លូវេនី​ ត្រូវ​បានធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​ ដោយ​ហៅការថ្លែង​របស់​លោក​ក្នុង​កិច្ច​សម្ភាសន៍​នោះ​ថា មាន​លក្ខណៈ​គ្រោះថ្នាក់។ ចិន​ តែងតែបាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា ជា​ខេត្ត​មួយ​របស់​ខ្លួន ហើយ​ចាត់​ទុក​ការពិភាក្សា​ណា​មួយជុំវិញ​បញ្ហា​នយោបាយ​ជា​មួយកោះ​តៃវ៉ាន់ ថា​ជា​រឿងដ៏​រស៊ើប​មួយ។
 
ជា​មួយ​គ្នា​នេះ​ដែរ ប៉ុន្មាន​ថ្ងៃក្រោយ​កិច្ច​សម្ភាសន៍​របស់​នាយករដ្ឋមន្ត្រីស្លូវេនី​រួច​មក ក្រុមប្រឹក្សា​ជំនួញចិន​និង​ស្លូវេនី​បាន​និយាយ​ថា ដៃគូចិន​របស់​ខ្លួន​បាន​លុបចោល​កិច្ចសន្យានិង​ចាកចេញ​ពីការវិនិយោគ​ដែល​បាន​ព្រម​ព្រៀង​គ្នា​ក្នុង​ពេល​កន្លង​ទៅ។ នេះ​ បើតាមការផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានស្លូវេនី។
 
សេចក្តីថ្លែងការណ៍​នោះ ក៏​បានធ្វើ​ឲ្យ​មាន​ការរិះគន់​ពី​ក្រុម​ប្រឆាំង ​និង​ពាណិជ្ជករ​ស្លូវេនីដែលមាន​ចំណងទាក់​ទង​ជាមួយ​ចិន​ដែរ។ នៅ​ក្នុង​ការឆ្លើយតប​តាម​សារ​អ៊ីមែល​មួយ​មក​កាន់​វីអូអេ លោក Sasa Istenic នាយក​នៃ​មជ្ឈមណ្ឌល​ការសិក្សា​កោះ​តៃវ៉ាន់​នៅឯ​សាកលវិទ្យាល័យ Ljubljana ​បាន​និយាយ​ថា កំណត់​សម្គាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី «ជា​ជំហរ​ផ្ទាល់​ខ្លួន​របស់​លោក មិន​មាន​ការទាក់ទិន​ជាមួយ​សភា​ជាតិ​ ហើយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ប្រទេស​ស្លូវេនី​ជាមួយ​ចិន»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com