កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកជំនាញព្រមានបម្រែបម្រួលអាកាសធាតុកំពុងគំរាមកីឡាអូឡាំពិករដូវរងានិងកីឡាស្គីទឹកកក
27, Jan 2022 , 9:29 am        
រូបភាព
ទិដ្ឋភាពធ្លាក់ព្រិលនៅទីក្រុងប៉េកាំងដែលជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២។ រូបថត Xinhua
ទិដ្ឋភាពធ្លាក់ព្រិលនៅទីក្រុងប៉េកាំងដែលជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២។ រូបថត Xinhua
ដោយ:
របាយការណ៍មួយចេញផ្សាយដោយក្រុមអ្នកជំនាញនសាកលវិទ្យាល័យចក្រភពអង់គ្លេស ព្រមានថា​ បម្រែបម្រួលអាកាសធាតុ កំពុងគំរាមកីឡាអូឡាំពិករដូវរងា និងកីឡាស្គីទឹកកកនាពេលអនាគត។ វិបត្តិនេះអាចបង្កជាគ្រោះថ្នាក់ដល់អត្តពលិក និងអ្នកចូលរួមដែរ។ របាយការណ៍នេះចេញមួយសប្ដាហ៍មុនព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំង​។


ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំង នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈខាងមុខនេះ ហើយព្រឹត្តិការណ៍នេះ នឹងក្លាយជាកីឡាអូឡាំពិកនារដូវរងាដំបូងគេដែលប្រើព្រិលសិប្បនិម្មិតស្ទើរតែ១០០ភាគរយ។ អ្នករៀបចំ ដាក់ពង្រាយម៉ាស៊ីនផលិតព្រិលទឹកកកច្រើនជាង១០០ គ្រឿង និងបំពង់បាញ់ព្រិលចំនួន ៣០០គ្រឿងដើម្បីបង្កើនកម្រាស់ជម្រាលព្រិលទឹកកកសម្រាប់កីឡាស្គីទឹកកក។
 
«នេះមិនមែនត្រឹមតែប្រើប្រាស់ថាមពល កម្លាំងទឹក និងសារធាតុគីមីដើម្បីបន្ថយល្បឿននៃការរលាយទឹកកកទេ ​ប៉ុន្តែវាក៏ធ្វើឱ្យផ្ទៃទឹកកកមិនអាចព្យាករណ៍ទុកមុនពីសុវត្ថិភាព និងគ្រោះថ្នាក់នានា។» នេះបើយោងតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវពី Sport Ecology Group ស្ថិតនៅសកលវិទ្យាល័យ Loughborough របស់អង់គ្លេសចេញថ្ងៃទី២៦ ខែមករា។
ក្រុមអ្នកស្រាវជ្រាវ បញ្ជាក់ថា​ ក្នុងអាកាសធាតុស្ងួតបែបនេះ ទីក្រុងប៉េកាំង និង Zhangjiakou អាចប្រើប្រាស់សារធាតុគីមីប្រមាណ៤៩លានហ្គាលុង ដើម្បីបំប្លែងទឹកទៅជាកកតាមរយៈមាស៊ីនផលិតទឹកកក។
 
ជុំវិញបញ្ហានេះ រដ្ឋាភិបាលចិន បានអះអាងម្តងហើយម្តងទៀតថា ខ្លួនប្រើប្រាស់ទឹកភ្លៀងធម្មជាតិ និងទឹកដែលប្រើប្រាស់ឡើងវិញយកទៅផលិតព្រិល។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមានការព្រួយបារម្ភថា តម្រូវការប្រើប្រាស់សម្ពាធទឹកខ្លាំង អាចនឹងត្រូវការបន្ថែមសារធាតុផ្សេងទៀត។
 
បើតាមរបាយការណ៍ស្រាវជ្រាវដដែល ហានិភ័យពីបម្រែបម្រួលអាកាសធាតុ​ បានបង្ហាញឱ្យឃើញថា ការកើនឡើងកម្តៅផែនដីបង្កដោយសកម្មភាពមនុស្ស កំពុងកំហែងដល់អនាគតកីឡានារដូវរងាក្នុងរយៈពេលយូរ។ បញ្ហាអាកាសធាតុ ក៏កំពុងកាត់បន្ថយសមត្ថភាពទីកន្លែងក្នុងបណ្តាប្រទេសផ្សេងទៀតដែលត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡារដូវរងាផងដែរ។
 
ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាធ្វើឡើងដំបូងនៅ​ Chanmonix នៃទឹកដីបារាំងនៅឆ្នាំ១៩២៤មក មានតែទីតាំង២១កន្លែងប៉ុណ្ណោះ ដែលមានអាកាសធាតុសមស្របសម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡារដូវរងា។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបាននិយាយថា ត្រឹមឆ្នាំ២០៥០ ទីតាំងដែលមានអាកាសធាតុសមស្របសម្រាប់កីឡានិងមានព្រិលធ្លាក់កម្រិតធម្មជាតិ មានត្រឹម១០កន្លែងប៉ុណ្ណោះ៕
 
 
 

Tag:
 អូឡាំពិក
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com