អន្តរជាតិ
ន័រវែសការពារនូវកិច្ចប្រជុំដែលខ្លួនបានរៀបចំឡើងជាមួយក្រុមតាលីបង់
27, Jan 2022 , 10:29 pm        
រូបភាព
រូបថត​ដែល​ចេញផ្សាយ​ដោយ​តាលីបង់​ និង​ថត​នៅ​ថ្ងៃទី២២ ខែមករា បង្ហាញ​ពី​មន្ត្រី​ជាន់ខ្ពស់​តាលីបង់​លោក Anas Haqqani ស្តាំ និងប្រតិភូ ​អង្គុយ​លើ​យន្តហោះ​មុនចេញ​ដំណើរ​ទៅ​កាន់​អូស្លូ
រូបថត​ដែល​ចេញផ្សាយ​ដោយ​តាលីបង់​ និង​ថត​នៅ​ថ្ងៃទី២២ ខែមករា បង្ហាញ​ពី​មន្ត្រី​ជាន់ខ្ពស់​តាលីបង់​លោក Anas Haqqani ស្តាំ និងប្រតិភូ ​អង្គុយ​លើ​យន្តហោះ​មុនចេញ​ដំណើរ​ទៅ​កាន់​អូស្លូ
ដោយ: VOA
ទីក្រុងអ៊ិស្លាម៉ាបាដ - នាយករដ្ឋមន្ត្រីប្រទេសន័រវែសលោក Jonas Gahr Stoere បានពណ៌នាការចរចាដែលបានធ្វើឡើងក្នុងប្រទេសរបស់លោកក្នុងសប្តាហ៍នេះ រវាងក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន និងសកម្មជនសង្គមស៊ីវិលអាហ្វហ្គានីស្ថាន ក៏ដូចជាមួយក្រុមអ្នកការទូតប្រទេសលោកខាងលិចថា មានលក្ខណៈ«ហ្មត់ចត់» និង«ស្មោះត្រង់» ជុំវិញវិបត្តិមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

 
ការចរចាដែលមានរយៈពេល៣ថ្ងៃ បានបញ្ចប់ទៅកាលពីថ្ងៃអង្គារ នៅពេលដែលមានការប្រឆាំងតវ៉ា និងការរិះគន់ផងដែរ ជាពិសេសពីក្រុមសិទ្ធិមនុស្សអាហ្វហ្គានីស្ថានអំពីការសម្រេចចិត្តរបស់ប្រទេសន័រវែសក្នុងការរៀបចំនូវកិច្ចប្រជុំនេះឡើងជាមួយក្រុមអ៊ិស្លាមតាលីបង់ ដែលបានដណ្តើមអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហាឆ្នាំទៅ។
 
លោក Gahr Stoere បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងញូវយ៉កថា កិច្ចប្រជុំទាំងនោះ មិនមែនជាការទទួលស្គាល់នូវភាពស្របច្បាប់របស់រដ្ឋាភិបាលក្រុមតាលីបង់ដែលប្រកាន់នយោបាយតឹងតែងនៅក្នុងទីក្រុងកាប៊ុលនោះទេ។ លោកបន្ថែមទៀតថា នេះជាជំហានដំបូងមួយនៅក្នុងការទាក់ទងជាមួយអាជ្ញាធរអាហ្វហ្គានីស្ថានដើម្បីរារាំងគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងប្រទេសនោះ។
 
លោកនាយករដ្ឋមន្ត្រីនិយាយទៀតថា «វាមិនមែនជាសកម្មភាពនៃការទទួលស្គាល់ក្រុមតាលីបង់នោះទេ។ វាគ្រាន់តែស្ថិតនៅក្នុងក្របខណ្ឌនៃការដោះស្រាយបញ្ហាមនុស្សធម៌...វាជាការបញ្ជូនសារដ៏ច្បាស់ទៅក្រុមតាលីបង់ និងការបញ្ជាក់នូវការរំពឹងទុករបស់អន្តរជាតិ និងការស្តាប់សាររបស់ក្រុមតាលីបង់តែប៉ុណ្ណោះ។ ដូចនេះ ខ្ញុំជឿថា នេះ ជាវិធានការមួយដែលអាចទៅរួចដើម្បីឲ្យអ្នកដែលកាន់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ធ្វើការទទួលខុសត្រូវ»។
 
គណៈប្រតិភូរបស់ក្រុមតាលីបង់ដែលដឹកនាំដោយលោករដ្ឋមន្ត្រីការបរទេស Amir Khan Muttaqi បានជួបប្រជុំពិភាក្សាជាមួយសមាជិកនៃក្រុមសង្គមស៊ីវិលអាហ្វហ្គានីស្ថានដែលរួមមានស្ត្រីផងដែរកាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់មកនៅថ្ងៃចន្ទ និងថ្ងៃអង្គារ មានការចរចាពហុភាគីជាមួយក្រុមអ្នកការទូតមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស បារាំង អ៊ីតាលី អង្គការសហប្រជាជាតិ និងប្រទេសន័រវែសដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
 
កិច្ចប្រជុំសម្ងាត់នេះដែលត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារមួយក្នុងរាជធានីអូស្លូ ប្រទេសន័រវែស ត្រូវបានពិភាក្សាបញ្ហាជាច្រើនដែលក្នុងនោះរួមមានការសិក្សាអប់រំសម្រាប់ស្ត្រីអាហ្វហ្គានីស្ថាន ជំនួយមនុស្សធម៌ និងការដាក់បញ្ជូលគ្រប់ភាគីទាំងអស់ទៅក្នុងរដ្ឋាភិបាលចាំផ្ទះ ដែលក្រុមតាលីបង់បានរៀបចំឡើងចាប់តាំងពីខ្លួនចូលគ្រប់គ្រងនៅក្នុងប្រទេសដែលហែកហូរដោយជម្លោះនោះ។
 
រហូតមកដល់ពេលនេះ នៅមិនទាន់មានប្រទេសណាមួយ ប្រកាសទទួលស្គាល់របបតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយនោះទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com