កីឡាជាតិ
ជាតិ
កីឡាការិនី អ៊ុក ស្រីមុំ ទទួលឋានន្តរស័ក្តិ ជាឧត្ដមសេនីយ៍ត្រី
28, Jan 2022 , 11:04 am        
រូបភាព
អ៊ុក ស្រីមុំ ទទួល ឋានន្ដរសក្ដិ រូប ពីសហព័ន្ធប៊ូល
អ៊ុក ស្រីមុំ ទទួល ឋានន្ដរសក្ដិ រូប ពីសហព័ន្ធប៊ូល
កីឡាការិនីជម្រើសជាតិប៉េតង់កម្ពុជា អ៊ុក ស្រីមុំ ត្រូវបានដំឡើងជាឧត្ដមសេនីយ៍ត្រី និងជានាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។ តាមអនុសាសន៍របស់ សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការដំឡើងឋានន្តរស័ក្តិ ដល់កីឡាករ កីឡាការិនី ក្នុងជួរមន្ដ្រីរាជការ ដើម្បីជាការលើកទឹកចិត្ត បន្ថែមលើជោគជ័យក្នុងការឈ្នះមេដាយមាសពិភពលោក ។


ក្រោយពីការទទួលបានជោគជ័យ ពីការប្រកួតកីឡាប៉េតង់ជើង​ឯកពិភពលោក នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ២០២១កន្លងមក កីឡាការិនី អ៊ុក ស្រីមុំ បានទទួលការស្វាគមន៍ និងរង្វាន់ពីប្រមុខរាជរដ្ឋាភិបាល ។ កីឡាការិនីរូបនេះ បញ្ជាក់ប្រាប់សារពត៌មានថ្មីៗថា មុនចេញទៅប្រកួត ខ្លួនមានតួនាទីជាវីរៈសេនីយ៍ឯក (សក្ដិ៥) ហើយ លុះពេលបានប្រកួតឈ្នះមេដាយមាសពិភពលោកនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានដំឡើងឲ្យមួយសក្ដិទៀត ដើម្បីលើកទឹកចិត្តសម្រាប់ជ័យជម្នះរបស់កម្ពុជានេះ ។
 
ការបំពាក់ឋានន្តរស័ក្តិ ជាឧត្ដមសេនីយ៍ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំ បូកសរុបការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២២ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។ 
 
នាព្រឹកថ្ងៃទី៥ ខែមករា កន្លងទៅ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការដំឡើងឋានន្តរស័ក «មួយថ្នាក់»ទៀត ដល់កីឡាករ កីឡាការិនី ដែលបម្រើការងារក្នុងជួរមន្ត្រីរាជការនេះ ដើម្បីលើកទឹកចិត្តពួកគេ។ សម្ដេច បានបន្ថែមថា ការប្រកួតនៅឆាកអន្ដរជាតិ មិនមែនជាការប្រកួតផ្ទាល់ខ្លួនទេ តែគឺជាការប្រកួតតំណាងឲ្យកម្ពុជាទាំងមូល ។ «មិនមែនបញ្ហាផ្ទាល់ខ្លួនទេ ប៉ុន្តែតំណាងឲ្យជាតិទាំងមូល» ។ នេះបើតាមប្រមុខរដ្ឋាភិបាល ។
 
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានផ្ដល់ទឹកប្រាក់ចំនួន ៤០លានរៀល របស់ក្រសួងអប់រំ យុវជន និងកីឡា បូករួមជាមួយថវិកាផ្ទាល់ខ្លួន សម្ដេច ១០,០០០ដុល្លារ ដល់ឧត្ដមសេនីត្រីរូបនេះ កាលពីថ្ងៃទី៥ ខែមករា កន្លងទៅនេះ ។
 

Tag:
 ប៉េតង់
  អ៊ុក ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com