កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកការទូតអាម៉េរិក៖ អូឡាំពិកប៉េកាំង អាចបង្អាក់រុស្ស៊ីប៉ុនប៉ងឈ្លានពានអ៊ុយក្រែន
28, Jan 2022 , 2:01 pm        
រូបភាព
អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិកអ្នកស្រី Wendy Sherman
អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិកអ្នកស្រី Wendy Sherman
អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិកអ្នកស្រី Wendy Sherman យល់ឃើញថា កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អាចប៉ះពាល់ដល់ពេលវេលាលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន។ អ្នកស្រី Sherman លើកឡើងដូច្នេះ នៅថ្ងៃទី២៦ ខែមករា ដោយបន្ថែមថា ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងមិនសប្បាយចិត្តទេ ប្រសិនជាបញ្ហាកើតឡើង អំឡុងពេលព្រឹត្តិការណ៍កីឡាឆ្នាំ២០២២។



អ្នកស្រី Sherman ដែលបានដឹកនាំគណៈប្រតិភូអាម៉េរិក ក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីរុស្ស៊ីនៅអឺរ៉ុប កាលពីដើមខែមករានេះ មិនដឹងថា តើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន សម្រេចចិត្តឈ្លានពានអ៊ុយក្រែន ឬអត់នោះទេ ប៉ុន្តែបើមានការលុកលុយមែន អាចនឹងកើតឡើងចន្លោះពាក់កណ្តាលខែកុម្ភៈ។
 
«យើងទាំងអស់គ្នាបានដឹងហើយថា ព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំង នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ និងជាថ្ងៃបើកកម្មវិធី ហើយប្រធានាធិបតី ពូទីន រំពឹងថានឹងមានវត្តមាននៅទីនោះ។ ខ្ញុំគិតថាប្រហែលជាលោក ស៊ី នឹងមិនសប្បាយចិត្តទេ ប្រសិនបើលោក ពូទីន ជ្រើសរើសពេលវេលានោះ ដើម្បីវាយលុកអ៊ុយក្រែន»។ អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំមួយដែលរៀបចំដោយស្ថាប័ន Yalta European Strategy។
 
ការលើកឡើងរបស់អ្នកស្រី Sherman ក្រោយស្ថានទូតអាម៉េរិកប្រចាំអ៊ុយក្រែន បានជំរុញឱ្យពលរដ្ឋខ្លួន ពិចារណាចាកចេញពីអ៊ុយក្រែននៅពេលនេះ ស្របពេលស្ថានភាពសន្តិសុខនៅក្នុងប្រទេសនេះកាន់តែយ៉ាប់យ៉ឺន ដោយសារការគំរាមកំហែងកាន់តែខ្លាំងឡើង របស់យោធារុស្ស៊ី។
 
អាម៉េរិក និងសម្ព័ន្ធមិត្ត បានព្រមានរុស្ស៊ី ពីការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹង ប្រសិនបើរុស្ស៊ីបន្តការលុកលុយអ៊ុយក្រែន។ យ៉ាងណាក៏ដោយ នៅពេលនេះទាហានរុស្ស៊ីប្រមាណ ១០០,០០០ នាក់នៅតែនៅតាមតំបន់ព្រំដែនអ៊ុយក្រែនដដែល៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com