ជាតិ
អន្ទាក់ដាក់សត្វ ក្នុងសហគមន៍ប្រាំបីមុមនាខេត្តកំពង់ស្ពឺ កើនទ្វេដងក្នុងឆ្នាំ២០២១
29, Jan 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សត្វព្រៃនៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម នៅតែប្រឈមគ្រោះថ្នាក់ដល់ជីវិត ដោយសារការលួចដាក់អន្ទាក់ ពីជនខិលខូច នៅតាមព្រៃក្រៅដីសហគមន៍។ អន្ទាក់ទាំងនោះ ត្រូវបានគេដាក់បង្កប់ ក្នុងតំបន់ជាប់ចម្ការអំពៅ និងទីតាំងដែលមានប្រភពទឹក នៅក្រៅតំបន់ការពារ។ លោក សឿន ឡាយ ប្រធានសហគមន៍ប្រាំបីមុម បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា នៅក្នុងឆ្នាំ២០២១ ប្រជាសហគមន៍បានដោះអន្ទាក់ចេញប្រមាណ៥០០អន្ទាក់ដែលចំនួននេះ កើនឡើងទ្វេដង ធៀបនឹងឆ្នាំ២០២០។

 
អន្ទាក់ដាក់សត្វ តែងតែត្រូវបានប្រជាសហគមន៍ប្រទះឃើញរៀងរាល់ពេលចុះល្បាត នៅក្នុងតំបន់ព្រៃឈើប្រាំបីមុម និងក្រៅព្រៃនៃតំបន់ការពារ។ លោក សឿន ឡាយ ប្រធានសហគមន៍ប្រាំបីមុម បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ត្រឹមកន្លះខែ នៃខែមករា ឆ្នាំ២០២២នេះ ប្រជាសហគមន៍បានប្រទះអន្ទាក់ដាក់ថ្មីចំនួន ១០ នៅចំណុចដីក្បែរចម្ការអំពៅជាប់ដីសហគមន៍។
 
លោក សឿន ឡាយ បន្តទៀតថា អន្ទាក់ដែលដោះបាននៅដើមឆ្នាំ២០២២នេះ ត្រូវជនខិលខូច ដាក់នៅក្នុងព្រៃឫស្សី និងដែលមានចន្លោះពីគ្នាពីបី ទៅបួនម៉ែត្រប៉ុណ្ណោះ។ ដោះអន្ទាក់បណ្តើរ លោក សៀណ ឡាយ បន្តរៀបរាប់ទាំងព្រួយបារម្ភបណ្តើរថា៖ «មួយកន្លែង ដីដប់ម៉ែត្របួនជ្រុង ជួនមានអន្ទាក់១០ ឬ២០ឯណោះ។ សត្វចៀស(ផុត)មួយ ជាន់មួយ។ នៅពេលដោះមិនទាន់គឺជាប់សត្វ សត្វនឹងងាប់»។ 


រូបភាពដោយសហគមន៍ប្រាំបីមុម
 
បើតាមប្រធានសហគមន៍ព្រៃឈើប្រាំបីមុម អន្ទាក់ត្រូវបានលួចដាក់នៅក្នុងតំបន់តាមទីតាំងដែលសម្បូរស្មៅ ឬចម្ការអំពៅ និងប្រភពទឹកជាដើម។ វាបានក្លាយជាឧបករណ៍ប្រមាញ់យ៉ាងសាហាវ  និងគ្រោះថ្នាក់ដែលអាចផ្ដាច់ជីវិតសត្វទាំងតូច ទាំងធំគ្រប់ពេល។ បើទោះសត្វទាំងនោះមានសំណាង អាចរួចពីអន្ទាក់ក៏ដោយ ក៏មិនប្រាកដថា នឹងរស់បានយូរនោះទេ ព្រោះរបួសដោយសារជាប់អន្ទាក់នោះ នឹងក្លាយជាជំងឺដែលអាចបង្កជាបញ្ហាដល់ជីវិតរបស់ពួកវា។ «នៅក្នុងដីសហគមន៍ រឿងអន្ទាក់មិនចោទជាបញ្ហាធំទេ ដោយសារភាគច្រើនអាចការពារបាន។ ប៉ុន្ដែចំណុចក្តៅដែលជាហានិយភ័យនោះ គឺអន្ទាក់នៅក្រៅដីសហគមន៍ ឬតាមដីជាប់ចម្ការអំពៅ នឹងជាប់ប្រភពទឹកក្រៅតំបន់ការពារ ទើបជាកត្តាគួរឱ្យព្រួយបារម្ភ»។ នេះជាកង្វល់របស់លោក សឿន ឡាយ។ 
 
សហគមន៍សហគមន៍ព្រៃឈើ ប្រាំបីមុម មានផ្ទៃដីសរុប ១ ២២១ហិកតា ស្ថិតក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ព្រៃសហគមន៍នេះ មានប្រភេទសត្វព្រៃដូចជា ខ្ទីង ទន្សោង ឈ្លូស ក្ងោក និងពង្រូលជាដើម។ តាមលោក សឿន ឡាយ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២១ អន្ទាក់បានសម្លាប់ជីវិតទន្សោងសរុប២៧ក្បាល។  
 
សូមជម្រាបថា នៅឆ្នាំ២០១៨  ប្រជាសហគមន៍បានដោះអន្ទាក់ ជាង៤០០ចេញពីព្រៃសហគមន៍ និងទីតាំងនានាក្រៅតំបន់ការពារ ខណៈឆ្នាំ២០១៩ និង២០២០ មានអន្ទាក់ជាង២០០ ត្រូវបានដោះចេញដែរ។ ដោយឡែក ក្នុងឆ្នាំ២០២១ ចំនួនអន្ទាក់ដែលប្រជាសហគមន៍បានដោះចេញ កើនជាង៥០០អន្ទាក់ឯណោះ។ កំណើនទ្វេដងនៃអន្ទាក់ដែលប្រជាសហគមន៍ដោះបាន បានក្លាយជាកង្វល់សម្រាប់សហគមន៍ ជាពិសេសហានិភ័យចំពោះជីវិតសត្វព្រៃនៅក្នុងតំបន់នេះ។ 
 
ទោះជាយ៉ាងនេះក្តី លោក សឿន ឡាយ បានប្តេជ្ញាបង្កើនការល្បាត និងជំរុញសកម្មភាពដោះអន្ទាក់ឱ្យកាន់តែមានប្រសិទ្ធភាព។ លោក សឿន ឡាយ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងសហគមន៍រួបរួមគ្នា ការពារជីវិតសត្វព្រៃ និងរាយការណ៍ទៅកាន់អាជ្ញាធរ ឬតំណាងសហគមន៍ព្រៃឈើ ក្នុងករណីប្រទះឃើញបទល្មើលសត្វព្រៃនានា៕

រូបភាពដោយសហគមន៍ប្រាំបីមុម៖





Tag:
 សហគមន៍ព្រៃឈើប្រាំបីមុម
  អន្ទាក់
© រក្សាសិទ្ធិដោយ thmeythmey.com