អន្តរជាតិ
អារ៉ាប៊ីសាអូឌីត និងថៃ ស្តារទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីការលួចត្បូងពេជ្រមានតម្លៃអស់ជាច្រើនទសវត្សរ៍មក
29, Jan 2022 , 8:29 am        
រូបភាព
នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ​ជាមួយ​ព្រះអ~n bin Abdulaziz អភិបាលរង​ក្រុង Riyadh កាលពីថ្ងៃ ទី២៥ ខែមករា
នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ​ជាមួយ​ព្រះអ~n bin Abdulaziz អភិបាលរង​ក្រុង Riyadh កាលពីថ្ងៃ ទី២៥ ខែមករា
ដោយ: VOA
រាជធានីរីយ៉ាដ - ប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសថៃ បានប្រកាសពីការបន្តឡើងវិញនូវទំនាក់ទំនងការទូតរបស់ខ្លួន បន្ទាប់ពីបានផ្អាកអស់រយៈពេលជាង៣ទសវត្សរ៍កន្លងទៅ ដោយសារបញ្ហាពាក់ព័ន្ធនឹងការលួចគ្រឿងអលង្ការពីព្រះបរមរាជវាំងអារ៉ាប៊ីសាអូឌីត។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

 
នៅឆ្នាំ១៩៨៩ ជនជាតិថៃដែលជាអ្នកសម្អាតអាគារម្នាក់ឈ្មោះ Kriangkrai Techamong បានលួចយកត្បូងពេជ្រដែលមានតម្លៃ ២០ លានដុល្លារអាមេរិកពីក្នុងផ្ទះរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតមួយព្រះអង្គដែលបណ្តាលឲ្យមានការធ្វើឃាតទៅលើមនុស្សជាច្រើននាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ នៅពេលនោះ និងបង្កើតឲ្យមានជម្លាះរវាងប្រទេសទាំងពីរ ដែលត្រូវបានគេហៅថា «រឿងអាស្រូវពេជ្រពណ៌ខៀវ ឬ Blue Diamond Affair»។
 
ប្រទេសទាំងពីរ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីយប់ថ្ងៃអង្គារ ស្តីពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតដ៏ពេញលេញមួយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-O-Cha ទៅកាន់រាជធានីរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត។
 
បើតាមសេចក្តីថ្លែងការណ៍រួមដែលត្រូវបានធ្វើឡើងក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីថៃ និងព្រះអង្គម្ចាស់រាជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា «ជំហាននៃប្រវត្តិសាស្រ្តនេះ ជាលទ្ធផលនៃការប្រឹងប្រែងដ៏យូរលង់មកហើយ នៅគ្រប់កម្រិតទាំងអស់ដើម្បីស្តារឡើងវិញនូវទំនាក់ទំនងជាមិត្តភ័ក្ត និងជំនឿទុកចិត្តគ្នាទៅវិញទៅមក»។
 
ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាដើម្បីតែងតាំងឯកអគ្គរដ្ឋរាជទូតសម្រាប់ប្រទេសរៀងៗខ្លួន នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។
 
ទន្ទឹមនេះដែរ ក្រុមហ៊ុនអាកាសចរណ៍របស់អារ៉ាប៊ីសាអូឌីត បានប្រកាសបន្តជើងហោះហើរឡើងវិញទៅកាន់ប្រទេសថៃ ក្នុងខែឧសភាខាងមុខនេះ។
 
រដ្ឋាភិបាលថៃ បានឲ្យដឹងថា អារ៉ាប៊ីសាអូឌីត បានបង្ហាញថា ខ្លួនកំពុងស្វែងរកកម្មករដែលមានជំនាញប្រមាណ៨លាននាក់សម្រាប់ធ្វើការងារនៅក្នុងវិស័យសណ្ឋាគារ ការថែសុខភាព និងគម្រោងសាងសង់ផ្សេងៗ។
 
អារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ប៉ូលិសថៃជាយូរមកហើយថា បានធ្វើឲ្យប៉ះពាល់ដល់ការស៊ើបអង្កេតរបស់ខ្លូនជុំវិញករណីចោរកម្មលួចយកត្បូងពេជ្រដ៏មានតម្លៃរបស់ខ្លួន និងបានចោទប្រកាន់ថា ការលួចយកត្បូងពេជ្រដ៏មានតម្លៃនេះ ត្រូវបានធ្វើឡើងដោយមានការចូលដៃពីមន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ។
 
ក្រុមប៉ូលិសថៃ ក្រោយមក បានប្រគល់ជូនគ្រឿងអលង្ការខ្លះៗ ដែលបានលួចនោះ ទៅឲ្យអារ៉ាប់ប៊ីសាអូឌីតវិញ ប៉ុន្តែ មន្ត្រីអារ៉ាប៊ីសាអូឌីត អះអាងថា គ្រឿងពេជ្រដែលប្រគល់ឲ្យទៅខ្លួនវិញមួយចំនួនធំជារបស់ក្លែងក្លាយ ហើយគេនៅមិនទាន់ដឹងប្រាកដនៅឡើយទេថា តើត្បូងពេជ្រពណ៌ខៀវទំហំ៥០ការ៉ាត់ដ៏មានតម្លៃមួយនោះ នៅទីណានៅឡើយទេ រហូតមកដល់ពេលនេះ។
 
រាជរដ្ឋាភិបាលក្រុងរីយ៉ាដ បានបញ្ជូនអ្នកជំនួញម្នាក់មកធ្វើការស៊ើបអង្កេតនៅប្រទេសថៃ កាលពីឆ្នាំ១៩៩០ ប៉ុន្តែអ្នកជំនួញនោះត្រូវបានបាត់ខ្លួននៅក្នុងទីក្រុងបាងកក ប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកការទូតអារ៉ាប៊ីសាអូឌីត៣នាក់ទៀត ត្រូវបានគេបាញ់សម្លាប់នៅក្នុងទីក្រុងបាងកកនៅពេលនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com