ជាតិ
សេដ្ឋកិច្ច
ចូលឆ្នាំចិន៖ អាជីវករមួយចំនួន បារម្ភលក់ដើមផ្កាអង្គាសីលថយចុះ ខណៈឆ្នាំនេះអ្នកទិញមិនសូវអ៊ូអរ
29, Jan 2022 , 10:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ «ដើមផ្កាអង្គាសីល»ត្រូវដាក់លក់ព្រោងព្រាតតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញមុនថ្ងៃចូលឆ្នាំចិន និងវៀតណាមមកដល់។ ក្នុងឆ្នាំនេះ អាជីវករមួយចំនួនហាក់បារម្ភពីការលក់ដើមផ្កាអង្គាសីលថយចុះ ខណៈអ្នកទិញមិនសូវអ៊ូអរដូចឆ្នាំមុនៗឡើយ។

 
សូមអញ្ជើញលោកអ្នក ទស្សនាវីដេអូខាងក្រោម៖ 
 
 
អ្នកស្រីពេជ្រ ធារី អាជីវករលក់ផ្កានៅជិតវត្តសំពៅមាស បានប្រាប់សារព័ត៌មានថ្មីៗ២៥ថាអ្នកស្រីប្រកបរបរលក់ផ្កាអង្គាសីលតាមរដូវនៅទីតាំងខាងលើនេះជាង៧ឆ្នាំហើយ។ អ្នកស្រី បានលើកឡើងថាក្នុងឆ្នាំនេះផ្កាអង្គាសីលដែលអ្នកស្រីទិញបានយកមកពីខេត្តពោធិ៍សាត់និងប្រទេសវៀតណាម។  អ្នកស្រីលើកឡើងថា ចំពោះផ្កានាំមកពីខេត្តពោធិ៍សាត់ តម្លៃប្រហាក់ប្រហែលឆ្នាំមុនប៉ុន្ដែផ្កានាំចូលមកពីក្រៅប្រទេសឡើងថ្លៃប្រមាណ ១០ទៅ២០ដុល្លារក្នុងមួយដើម។ អាជីវកររូបនេះបានបញ្ជាក់ថា អ្នកស្រីកាត់បន្ថយចំនួនផ្កាដែលត្រូវទិញចូលព្រោះបារម្ភគ្មានអតិថិជនច្រើនដូចរាល់ឆ្នាំ។ 
 
ផ្កាអង្គាសីល ពីខេត្តពោធិ៍សាត់
 
អ្នកស្រីធារី លើកឡើងដូច្នេះ៖ « ផ្កាអង្គាសីលវៀតណាមឆ្នាំនេះឡើង។ ឆ្នាំមុនយើងទិញតម្លៃ៧០ដុល្លារឆ្នាំនេះទិញចូល៨០ទៅ៩០ដុល្លារ។ ឆ្នាំនេះ ខ្ញុំទិញតិចជាងឆ្នាំទៅឆ្ងាយណាស់មិនហ៊ានទិញច្រើនទេ ព្រោះមានជំងឺកូវីដ-១៩ផង អ្នកទិញក៏មានមិនច្រើនដែរ»។
 
 ផ្កាអង្គាសីលថូ មកពីប្រទេសវៀតណាម

ជាមួយគ្នានេះអ្នកស្រី ឆែម មុំ អាជីវករលក់ផ្កាអង្គាសីលនៅមុខវត្តទឹកថ្លាក្នុងរាជធានីភ្នំពេញបានលើកឡើងថា ឆ្នាំនេះអ្នកស្រីនៅតែបន្តលក់ផ្កាអង្គាសីលដែលទិញពីខេត្តពោធិ៍សាត់ដូចរាល់ឆ្នាំប៉ុន្ដែអ្នកស្រីទិញផ្កាមកលក់តិចជាងឆ្នាំមុនៗ។ ទន្ទឹមគ្នានេះ អ្នកស្រីកំពុងបារម្ភថាផ្ការបស់អ្នកស្រី អាចនឹងពិបាកលក់ដោយសារចលនានៃការទិញផ្ការបស់អតិថិជននៅស្ងាត់នៅឡើយ ។ 
 
« ខ្ញុំទិញផ្កា១០ទៅ២០ដើមប៉ុណ្ណោះ ព្រោះមើលទៅឆ្នាំនេះផ្កាលក់មិនសូវដាច់។ ចំពោះហេតុផលខ្ញុំមិនទាន់ច្បាស់នៅឡើយទេ។  បើខ្ញុំមើលទៅឆ្នាំនេះ មិនសូវអ្នកទិញចេញចូល ហើយពេលដកជើងធូបក៏មានមនុស្សតិចដែរ។ ដូច្នេះចំនួនភ្ញៀវអាចនឹងធ្លាក់ចុះតាមហ្នឹង»។ នេះជាការលើកឡើងរបស់អ្នកស្រី មុំ។
 
ខុសពីអាជីវករពីររូបខាងលើអ្នកស្រី គឹមលី ជាអ្នកលក់ផ្កានៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីបានលើកឡើងថាឆ្នាំនេះកន្លែងលក់របស់អ្នកស្រីលក់ដាច់ជាងឆ្នាំកន្លងទៅ លើប្រភេទផ្កាអង្គាសីលដាក់ក្នុងផើងដែលនាំចូលពីវៀតណាម។ អ្នកស្រី បានបញ្ជាក់ថាផ្កាមានផើង ងាយស្រួលតាំង អាចរក្សាទុក និងផ្ការីកបានយូរ ។ជាពិសេសអាចទុកដល់ឆ្នាំក្រោយៗបាន ទើបគេនិយមទិញ។ « ឆ្នាំនេះផ្កាកន្លែងខ្ញុំលក់ដាច់ជាងឆ្នាំមុនៗ។ ខ្ញុំត្រៀម៣០០ផើង ដើម្បីលក់ ហើយសង្ឃឹមមួយរយភាគរយថាលក់អស់»។ នេះជាការលើកឡើងរបស់អ្នកស្រី គឹមលី៕ 
 
 

Tag:
 ផ្កាអង្គាសីល
  ចូលឆ្នាំចិន
  ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com