កីឡាអន្តរជាតិ
អន្តរជាតិ
បណ្តាញសង្គម Weibo ព្រមានអ្នកប្រើប្រាស់ឱ្យប្រយ័ត្នពីការបង្ហោះសារអំឡុងអូឡាំពិកប៉េកាំង
29, Jan 2022 , 11:00 am        
រូបភាព
បណ្តាញសង្គមដ៏ល្បីរបស់ចិន Weibo ដែលមានប្រជាប្រិយប្រហែល Twitter បានផ្ញើសារទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន នៅថ្ងៃទី២៨ ខែមករា ឱ្យប្រយ័ត្នពីការបង្ហោះខ្លឹមសារណាមួយ ជុំវិញព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០២២។ Weibo ព្រមានពីការបង្ហោះពាក់ព័ន្ធកម្មសិទ្ធិចាក់ផ្សាយ ដែលឈានដល់ការបិទគណនីតែម្តង។


Weibo សព្វថ្ងៃមានអ្នកប្រើប្រាស់សកម្មជាប្រចាំជាង ៥៧០ លាននាក់។ បណ្តាញសង្គមមួយនេះ បានបង្ហោះការជូនដំណឹងនៅលើគណនីផ្លូវការរបស់ខ្លួន និងបានផ្ញើសារដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ ដោយព្រមានពីការបង្ហោះសារណាមួយទាក់ទិននឹងកីឡាអូឡាំពិករដូវរងា។
 
នៅក្នុងសេចក្តីជូនដំណឹងនោះ Weibo បានសរសេរថា ទូរទស្សន៍រដ្ឋរបស់ចិន CCTV បានកាន់កាប់សិទ្ធិចាក់ផ្សាយផ្តាច់មុខ សម្រាប់កីឡារដូវរងាដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ដល់ទី២០ ខែកុម្ភៈ ដូច្នេះការបង្ហោះខ្លឹមសារណាមួយ ដែលគ្មានការយល់ព្រមពី CCTV នឹងចាត់ទុកថាជាការរំលោភសិទ្ធិរបស់ពួកគេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ប្រសិនមានករណីខាងលើនេះកើតឡើង Weibo នឹងធ្វើតាមសំណើរបស់ម្ចាស់កម្មសិទ្ធិបញ្ញា ចាត់វិធានការដូចជាលុបគណនី ហើយអ្នកប្រព្រឹត្តល្មើសធ្ងន់ធ្ងរនឹងត្រូវទទួលទោសដោយការហាមឃាត់ និងការពិន័យផ្សេងៗ។
 
«សូមចូលរួមជាមួយកីឡាអូឡាំពិកតាមរបៀបស៊ីវិល័យ និងផ្លូវច្បាប់ លើការផ្សព្វផ្សាយខ្លឹមសារកីឡាអូឡាំពិក និងលើកទឹកចិត្តអត្តពលិកចិនទាំងអស់គ្នា»។ ទាំងនេះជាសំណេរដែល Weibo បានសរសេរផ្ញើទៅអ្នកប្រើប្រាស់របស់ខ្លួន។
 
ក្រោយការជូនដំណឹងនេះ អ្នកប្រើប្រាស់ Weibo ជាច្រើនបានបង្ហាញការមិនពេញចិត្ត។ ពួកគេបានបង្ហោះសារបែបសើចចម្អកទាក់ទងការជូនដំណឹងរបស់ Weibo នេះ។ 
 
ជុំវិញករណីខាងលើ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ការពារយ៉ាងតឹងរ៉ឹងអំពីសិទ្ធិអ្នកផ្សព្វផ្សាយ សិទ្ធិសម្រាប់ការប្រកួត ហើយបាននិយាយថា ការចែករំលែកវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមិនត្រូវបានអនុញ្ញាតទេ សូម្បីតែសម្រាប់អត្តពលិកក៏ដោយ។
 
អំឡុងការប្រកួតអូឡាំពិកក្រុងតូក្យូ កីឡាការិនីរត់ប្រណាំង Elaine Thompson-Herah សញ្ជាតិហ្សាម៉ាអ៊ីកដែលឈ្នះមេដាយមាសពីរ ត្រូវបានបិទគណនី Instagram មួយរយៈ បន្ទាប់ពីនាងបានបង្ហោះវីដេអូជ័យជម្នះនៃការរត់ប្រណាំងចម្ងាយ ១០០និង ២០០ ម៉ែត្ររបស់ខ្លួនដែលមានអ្នក follow ជាង៣សែនអ្នក៕
 

Tag:
 Weibo
  Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com