ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ស្នើឲ្យទីម័រខាងកើត រៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងមិនយកពន្ធត្រួតស៊ីគ្នា
29, Jan 2022 , 10:19 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ស្នើឲ្យទីម័រខាងកើត ពិនិត្យលទ្ធភាពរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងមិនយកពន្ធត្រួតស៊ីគ្នា។ សម្ដេចថ្លែងបែបនេះ នៅក្នុងជំនួប លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពីថ្ងៃទី២៨ មករា នៅវិមានសន្តិភាព។


សម្ដេច ហ៊ុន សែន ចង់ឲ្យមានកិច្ចព្រៀមព្រៀងទាំងនេះ ដើម្បីជំរុញផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។«ស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិជាពិសេសពិនិត្យឲ្យមានកិច្ចសន្យានិងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ»។ នេះបើតាមរយៈហ្វេសប៊ុកសម្ដេច ហ៊ុន សែន ។
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏ស្នើឲ្យទីម័រខាងកើត ពិនិត្យលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយចាប់ផ្តើមលើវិស័យសេដ្ឋកិច្ច តាមរយៈការបញ្ជាទិញអង្ករពីកម្ពុជា។ នាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា៖« អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូវ ទាំងខាងឃ្លាំងស្តុកស្រូវ និងទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បីជាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់អង្ករ ទៅកាន់ប្រទេសទីម័រខាងកើត»។
 
ការលើកឡើងរបស់សម្ដេចបែបនេះ ធ្វើឡើងក្រោយពីលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសទីម័រខាងកើត ចង់បានកិច្ចសហប្រតិបត្តិការ នៃវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងភាគីទាំងពីរឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
 
លោកស្រី Adaljiza Albertina ក៏បានស្នើសុំសម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យអ្នកបច្ចេកទេសទីម័រខាងកើតមកសិក្សាអំពីកម្ពុជា ពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការចូលជាសមាជិកសហគមន៍អាស៊ានផងដែរ។
 
សម្ដេច ហ៊ុន សែន យល់ព្រមតាមសំណើរបស់រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត។ ប្រមុខរដ្ឋាភិបាល បានឆ្លើយតបដូច្នេះថា៖«ស្វាគមន៍ក្នុងការបញ្ជូនអ្នកបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការចូលជាសមាជិកអង្គការ WTO ចូលជាសមាជិកអាស៊ាន ហើយក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីជំរុញឲ្យមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មឡើងវិញ។ ជាពិសេសជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះហត្ថលេខារួចហើយ»។
 
សម្ដេច ហ៊ុន សែន ក៏សន្យាជួយទីម័រខាងកើត ឱ្យក្លាយជាសមាជិកអាស៊ាន តាមរយៈបេសកម្មស្វែងរកការពិតនៃប្រទេសនេះ ឱ្យស្របតាមលក្ខខណ្ឌនៃបេក្ខភាពអាស៊ានដែរ៕
 

Tag:
 ហ៊ុន សែន
  ការទូតអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com