ជាតិ
សេដ្ឋកិច្ច
កសិករខ្លះ បានប្រើបណ្តាញសង្គមលក់កសិផលខ្លួន ដោយរកចំណូលបានខ្ពស់ និងចំណេញពេល
30, Jan 2022 , 2:00 pm        
រូបភាព
សកម្មភាពរបស់កសិករនៅខេត្តកំពង់ស្ពឺកំពុងរូបថតបន្លែនានា ដើម្បីដាក់លក់នៅលើអនឡាញ
សកម្មភាពរបស់កសិករនៅខេត្តកំពង់ស្ពឺកំពុងរូបថតបន្លែនានា ដើម្បីដាក់លក់នៅលើអនឡាញ
ភ្នំពេញ៖ ការដាក់លក់ផលិតផលនានានៅលើFacebook, Telegram, Instagram  និងនៅតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផ្សេងៗពីសំណាក់ប្រជាពលរដ្ឋខ្មែរ មានការផុសផុលខ្លាំង នាប្រមាណ២ឆ្នាំចុងក្រោយនេះ។ ក្នុងនោះ ក៏មានកសិករមួយចំនួន ចេះផ្សព្វផ្សាយនិងដាក់លក់កសិផលនានារបស់សហគមន៍ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គមទាំងនេះ ផងដែរ។ កសិករទាំងនោះបានអះអាងថា ការដាក់លក់កសិផលនៅលើបណ្តាញសង្គមនេះ គឺមិនមានក្តីបារម្ភពីបញ្ហាទីផ្សារឡើយ ហើយទទួលបានចំណូលខ្ពស់ និងចំណេញពេលវេលាថែមទៀត។

 
ជិតមួយឆ្នាំហើយដែលលោក អាត ភារម្យ បានយកត្រសក់ ស្ពៃ ត្រប់ ឬបន្លែផ្សេងៗ ទៅផ្សព្វផ្សាយលក់ក្នុងទីផ្សារអនឡាញតាមរយៈគណនី និងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។ ក្រោយចេះពង្រីកទីផ្សាររបស់ខ្លួនតាមប្រព័ន្ធអនឡាញនេះ ការលក់បន្លែរបស់លោក ភារម្យ កាន់តែមានភាពងាយស្រួល និងមានការបញ្ជាទិញពីអតិថិជនច្រើន ដោយទទួលបានប្រាក់ចំណូលខ្ពស់។  
 
បើតាមលោក ភារម្យ ការចេះដាក់លក់បន្លែផ្សេងៗនៅលើហ្វេសប៊ុក ដោយទទួលបានគាំទ្រច្រើនពីអតិថិជននាពេលសព្វថ្ងៃនេះ គឺដោយសារលោកទទួលបានការបណ្តុះបណ្តាលបន្ថែមនូវបច្ចេកទេសថតរូប, រចនារូបភាព រួមទាំងបច្ចេកទេស ពីអ្នកជំនាញរបស់KOKOPON ដែលជាទីផ្សារអេឡិចត្រនិក(E-Commerce)ក្នុងស្រុកមួយ ដែលមានលក់នូវផលិតផលខ្មែរ ប្រមាណ៦០០មុខ។  
 
  លោក អាត ភារម្យ កសិករដាំបន្លែ  នៅឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

លោក ភារម្យ បាននិយាយដូច្នេះ៖«ពេលខាងKOKOPON បង្រៀនយើងអ៊ីចឹងទៅ យើងលក់បន្លែកាន់តែស្រួលជាងមុន ព្រោះយើងចេះបង្កើតទំនាក់ទំនង, ចេះរកទីផ្សារ ហើយពេលយើងដាំបន្លែបានល្អ គឺយើងចេះផ្សព្វផ្សាយលក់នៅលើហ្វេសប៊ុកហ្នឹង»។ 
 
លោក បន្ត ថ្លែងប្រាប់សារព័ត៌មានថ្មីៗពីចេញចម្ការត្រសក់មួយកន្លែងដែលស្ថិតនៅ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តាមទូរសព្ទថា៖ «ពេលយើងចេះផុស[Post]លក់អ៊ីចឹងទៅ! គឺមានគេសួរយើងថាបន្លែអីក៏ល្អម្លេះ ដាំនៅឯណា? បន្លែហ្នឹងលក់ម៉េចដែរ? មានគេComment និងឆាតសួរទិញបន្លែពីយើងហូរហែរ ដែលមានលក្ខណៈខុសពីមុន ដោយយើងត្រូវជិះកង់ឬម៉ូតូ ដើររកឈ្មួញដើម្បីទិញបន្លែយើង»។ 
 
បន្ទាប់ពីចេះផ្សព្វផ្សាយបន្លែនិងផលិតផលកែច្នៃពីកសិកម្មនានា ដាក់លក់នៅលើទីផ្សាអនឡាញនេះមក កសិករវ័យ៣៧ឆ្នាំរូបនេះ លែងបារម្ភពីបញ្ហាទីផ្សារ និងការសល់បន្លែចោលនៅចម្ការទៀតហើយ។ លោកភារម្យបានបញ្ជាក់ថា៖ «យើងលែងភ័យសល់បន្លែដូចនៅក្នុងចម្ការដូចមុន ដោយសារយើងចេះកែច្នៃត្រសក់ ឬបន្លែផ្សេងដែលក្រិន ឬមិនសូវល្អ  អាចយកធ្វើជាជ្រក់សម្រាប់លក់នៅតាមអនឡាញបានទៀត»។ 
 
ត្រសក់ដែលលោក ភារម្យ លក់នៅលើទីផ្សារអនឡាញមានតម្លៃ២៥០០រៀល ក្នុងមួយគីឡូក្រាម។ កសិករូបនេះ អាចផ្គត់ផ្គង់បន្លែឱ្យអតិថិជននានា នៅតាមទីផ្សារអនឡាញបានពី៤៥ទៅ៥០គីឡូក្រាម ក្នុងមួយថ្ងៃ ខណៈលោកនៅបន្តបោះដុំឱ្យឈ្មួញ ជាមួយតម្លៃ១៧០០រៀល ក្នុងមួយគីឡូក្រាម។ 
 
សម្រាប់បន្លែនិងកសិផលនានារបស់ លោក ហួច ជា ក៏មានការគាំទ្រច្រើនពីអតិថិជនមិនខុសពីកសិករខាងលើប៉ុន្មានដែរ បន្ទាប់ពីកសិកររូបនេះ បានបង្កើតទំព័រហ្វេសប៊ុក(Facebook Page)មួយ សម្រាប់បន្លែនិងផលិតផលកសិកម្មកែច្នៃផ្សេងៗ និងចេះរចនារូបថតនៃប្រភេទបន្លែនីមួយៗ ឱ្យមានសោភ័ណភាព មុននឹងដាក់លក់នៅលើទីផ្សារអនឡាញនេះ។ កសិករនៅខេត្តកំពង់ស្ពឺរូបនេះ មើលឃើញផលចំណេញច្រើន ពីការដាក់លក់បន្លែលើអនឡាញនេះ ដោយទទួលបានភាពងាយស្រួលទាំងការលក់ ទាំងការដឹកជញ្ជូន និងចំណេញពេលវេលាថែមទៀត។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកហួច ជា បានលើកឡើងដូច្នេះ៖ «ការដាក់បន្លែលក់តាមអនឡាញនេះ ខ្ញុំលក់ដាច់ច្រើនជាងមុន។ ចំពោះការដឹកជញ្ជូនទំនិញឱ្យអតិថិជនក៏មិនពិបាកដែរ ដោយយើងផ្ញើបន្លែឱ្យភ្ញៀវតាមតាក់ស៊ីឬម៉ូតូឌុប ហើយភ្ញៀវវេរលុយឱ្យយើងតាមវីងឬតាមធនាគារយើងវិញ»។
 
  លោក ហួច ជា  កសិករដាំបន្លែនៅខេត្តកំពង់ស្ពឺ

​បច្ចុប្បន្ន លោក ហួច ជា លក់ត្រកួន ស្ពៃ រួមទាំងបន្លែផ្សេងៗទៀតនៅតាមអនឡាញ។ ប្រភេទបន្លែ ដែលលោកលក់ដាច់ជាងគេ គឺត្រកួន ដោយក្នុងថ្ងៃអស់ពី៥០ទៅ៦០គីឡូក្រាម។ អតិថិជនមួយនីមួយៗបានបញ្ជាទិញបន្លែចាប់ពី៥គីឡូក្រាមឡើងទៅ។ បើតាមលោក ហួច ជា បន្លែដែលលក់តាមអនឡាញនេះ អាចលក់ដាច់ច្រើន និងទទួលតម្លៃខ្ពស់ជាងពាក់កណ្តាល បើធៀបនឹងការលក់ឱ្យឈ្មួញ។  លោកបានបញ្ជាក់ថា៖« យើងផ្សព្វផ្សាយតាមអនឡាញនេះ នៅពេលដែលគេដឹងពីការដាំដុះរបស់យើង ដោយអនុវត្តតាមស្តង់ដារសុវត្ថិភាពនិងធម្មជាតិទៀតនោះ គឺមានគេទិញច្រើនតែម្តង។ មានន័យថា យើងមានបន្លែប៉ុន្មាន គឺដឹងតែមានគេជួយទិញអស់ៗហើយ»។ 
 
ក្រៅពីចេះលក់បន្លែនិងកសិផលផ្សេងៗនៅលើFacebookហើយនោះ កសិករវ័យ៣៣ឆ្នាំរូបនេះ ក៏បានដាក់បន្លែលក់នៅលើTelegram Instagram TikTok និងនៅលើYouTube ផងដែរ។ លោក ហួច ជា បានពន្យល់ថា៖ «ខ្ញុំថតជាសន្លឹក ឬជាវីដេអូនានា ដែលបង្ហាញពីរបៀបនៃការដាំបន្លែរបស់ខ្ញុំ របៀបស្រោចទឹកបន្លែ និងបច្ចេកទេសនៃការផលិតជីធម្មជាតិសម្រាប់ប្រើលើដំណាំយើង ដោយយើងបង្ហាញពីវិធីសាស្ត្រទាំងហ្នឹងទៅ ហើយដាក់លេខទូរសព្ទជាមួយរូបថតនិងវីដេអូហ្នឹងទៅ ប្រសិនបើគេត្រូវការបន្លែរបស់យើង គឺគេទាក់ទងមកនិងចរចាតម្លៃជាមួយយើងហើយ»។
 
ក្រៅពីកសិករខាងលើនេះ ក៏មានកសិករជិត៩០នាក់ទៀតនៅក្នុងខេត្តកំពង់ស្ពឺ ទទួលបានការបណ្តុះបណ្តាលចំណេះដឹងផ្នែកឌីជីថលពីKOKOPON ក្នុងការដាក់លក់បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រឿងទេស និងផលិតផលកែច្នៃពីកសិកម្មនានា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម(Social Media)។ 
 
បើតាមអ្នកស្រី ណេង សុខនាង ដែលជាម្ចាស់វេបសាយលក់ទំនិញកសិកម្មតាមអនឡាញ KOKOPON បានបង្រៀនដល់កសិករឱ្យចេះស្កេន ឬប្រើប្រាស់QR Code, បង្រៀនពីរបៀបបំពេញមតិយោបល់ឬស្ទាបស្ទង់មតិតាមអនឡាញ រួមទាំងបង្រៀនលើបច្ចេកទេសនៃការថតរូប និងរចនារូបភាពនានា ឱ្យមានសោភ័ណភាពជាដើម។ អ្នកស្រី បានបញ្ជាក់ដូច្នេះ៖ «គោលដៅនៃការបង្រៀនដល់កសិករនេះ  គឺយើងចង់ឱ្យកសិករអាចដាក់លក់ផលិតផលរបស់ខ្លួននៅលើផ្សារKOKOPONយើងបាន ដើម្បីបង្កើនប្រាក់ចំណូលនិង ដើម្បីការពារពួកគាត់[កសិករ]ពីការកេងប្រវ័ញ្ចផ្នែកតម្លៃរបស់ឈ្មួញ»។
 
អ្នកស្រីណេង សុខនាង បានបន្ថែមថា កាលណាកសិករចេះដាក់លក់ផលិតផលនៅលើទីផ្សារអនឡាញនេះ គឺជាការពង្រីកទីផ្សារបន្ថែមដ៏ល្អសម្រាប់គាត់ នាពេលបច្ចុប្បន្ន និងអនាគត ខណៈចំនួនអ្នកប្រើប្រាស់អនឡាញនៅកម្ពុជា មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរយៈការចូលរួមលើកស្ទួយផ្នែកឌីជីថល ក្នុងវិស័យកសិកម្មរបស់KOKOPON  បានធ្វើឱ្យផលិតផលកសិកម្ម មានការរីកចម្រើននៅលើទីផ្សារអនឡាញ។ អ្នកស្រី បានបន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«នៅពេលដែលផលិតផលកសិកម្មរបស់យើង មាននៅលើទីផ្សារអនឡាញនោះ អតិថិជនចាប់ផ្តើមដឹងថា ខ្លួនមានជម្រើសក្នុងការទិញម្ហូបអាហារតាមទូរសព្ទដៃ ដោយចំណាយពេលតិច ជាងការទៅផ្សារដោយផ្ទាល់»។ 
 

អ្នកស្រី ណេង សុខនាង ម្ចាស់វេបសាយលក់ទំនិញកសិកម្មតាមអនឡាញ KOKOPON កំពុងបង្រៀនកសិករលើបច្ចេកទេសនៃការដាក់លក់កសិផលតាមអនឡាញ
 
បើតាមម្ចាស់វេបសាយKOKOPON រូបនេះ ការលក់ផលិតផលកសិកម្មតាមអនឡាញ ក៏ជាការជំរុញម្ចាស់កសិដ្ឋាន និងម្ចាស់សហគ្រាសធុនតូចនិងមធ្យម(SMEs) ឱ្យចាប់ផ្តើមធ្វើអាជីវកម្មតាមបែបឌីជីថលនេះផងដែរ។ 
 
ជាមួយគ្នានេះ លោក លី សេរីឬទ្ធិ ប្រធានផ្នែកនៃគម្រោងកម្ពុជាហាវែសII(Cambodia Harvest II) បានលើកឡើងថា  នៅពេលដែលកសិករចេះលើផលិតផលនៅលើបណ្តាញទំនាក់ទំនងសង្គម ឬដាក់លើនៅទីផ្សារឌីជីថលបែបនេះ គឺជារឿងល្អសម្រាប់កសិករផ្ទាល់ ក្នុងការបង្កើនប្រាក់ចំណូលពីទីផ្សារដ៏ធំទូលាយ។ លើសពីនេះ ផលិតផលរបស់កសិករ គឺអាចទទួលបានការគាំទ្រពីអតិថិជនច្រើនឈាននៅទូទាំងប្រទេស ដែលមានលក្ខណៈខុសពីការលក់កសិផល ដោយផ្ទាល់នៅតាមផ្សារនានា។ 
 
ត្បិតគ្មានតួរលេខជាក់ស្តែងពីកសិករ ដែលបានពង្រីកទីផ្សារក្នុងផលិតផលកសិកម្មតាមអនឡាញ ប៉ុន្តែសម្រាប់ប្រធានផ្នែកនៃគម្រោងកម្ពុជាហាវែស II  ដែលទទួលបន្ទុកកិច្ចការងារនៅខេត្តសៀមរាប និងកំពង់ធំរូបនេះ សង្កេតឃើញថា ចាប់តាំងពីឆ្នាំ២០២១មក មានកសិករជាច្រើន បានផ្តួចផ្តើមគំនិតលក់ផលិតផលរបស់ខ្លួនតាមអនឡាញ ពិសេសគឺដាក់លក់តាមហ្វេសប៊ុកតែម្តង។ លោក សេរីឬទ្ធិ បន្តនិយាយដូច្នេះ៖ «យើងឃើញមានការកើនឡើងច្រើន ហើយសូម្បីតែផលិតផលកែច្នៃចេញពីផលិតផលកសិកម្ម ក៏យើងឃើញមានការកើនឡើងក្នុងការលក់តាមប្រព័ន្ធទំនាក់ទំនងសង្គមហ្នឹង ផងដែរ។ ដូចជា គ្រាប់ចន្ទីកែច្នៃ ដំណាប់ស្វាយរមៀត ដំណាប់មៀនប៉ៃលិន និងផលិតផលខ្មែរយើងច្រើនទៀត មានលក់នៅហ្វេសប៊ុកយ៉ាងទូលំទូលាយតែម្តង»។ 
 
បើតាមលោក លី សិរីឬទ្ធិ ការផ្សព្វផ្សាយលក់កសិផលនៅលើទីផ្សារអនឡាញនេះ ក៏ជាចំណែកមួយយ៉ាងធំក្នុងការកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីបរទេស ពិសេសពីប្រទេសជិតតែម្តង។  លោកបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ៖« ការលក់តាមអនឡាញនេះ គឺជាជំរុញមួយដល់អ្នកប្រើប្រាស់ឱ្យចូលរួមលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក ខណៈផលិតផលរបស់យើងក៏មានគុណភាពមិនចាញ់ពីទំនិញនាំចូលប៉ុន្មានដែរ»៕
 

Tag:
 កសិកម្ម
  ឌីជីថល
  កំពង់ស្ពឺ
  E-Commerce
© រក្សាសិទ្ធិដោយ thmeythmey.com