ជាតិ
សេដ្ឋកិច្ច
ADB អនុម័តជំនួយ៦.៨លានដុល្លារ ដើម្បីជួយស្តារទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា
31, Jan 2022 , 9:29 pm        
រូបភាព
 រូបភាព ៖ ADB
រូបភាព ៖ ADB
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ជំនួយចំនួន២ ដែលមានតម្លៃសរុប ៦.៨ លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា ដែលរងការប៉ះពាល់ពីការរាលដាលនៃជំងឺកូវីដ-១៩។ បើតាម ADB កញ្ចប់ជំនួយជួយស្តារវិស័យទេសចរណ៍ មានទំហំ ៣.៧ លានដុល្លារ ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាសហគមន៍ចំនួន ៤ ០០០នាក់ នៅតំបន់ក្បែរប្រាសាទព្រះវិហារ នៃខេត្តព្រះវិហារ និងប្រាសាទភ្នំដា ក្នុងខេត្តតាកែវ។ កញ្ចប់ជំនួយមួយទៀត មានតម្លៃ ៣.៩ លានដុល្លារ  ដែលត្រូវបានគេរំពឹងថា នឹងផ្តល់ប្រយោជន៍ដល់កសិករខ្នាតតូច ចំនួន២២ ០០០នាក់ នៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងខេត្តព្រៃវែង។

 
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តផ្តល់ជំនួយចំនួនពីរ ដែលមានតម្លៃសរុប ៦.៨ លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយគុណភាព និងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ 
 
ពីក្រុងម៉ានីល ប្រទេសហ្វីលីពីន ADB បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញថា  កញ្ចប់ជំនួយទីមួយ មានតម្លៃ ៣.៧ លានដុល្លារ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាសហគមន៍ចំនួន ៤ ០០០នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍ សម្រាប់ការងើបឡើងវិញ ពីកូវីដ-១៩។ គម្រោងនេះ គ្របដណ្តប់តំបន់ក្បែរប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។ នេះបើតាមប្រកាសព័ត៌មានដដែល ដោយបញ្ជាក់ទៀតថា ថវិកាប្រមាណ ៣ លានដុល្លារនៃជំនួយនេះ ត្រូវបានផ្តល់ដោយមូលនិធិជប៉ុន សម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific) ។


រូបភាព ៖ ADB

ចំណែកកញ្ចប់ជំនួយមួយទៀត មានតម្លៃ ៣.៩ លានដុល្លារ ដែលការផ្តល់ហិរញ្ញប្បទានបន្ថែម សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។ កសិករខ្នាតតូច ចំនួន ២២ ០០០នាក់ ត្រូវបានរំពឹងថា នឹងទទួលប្រយោជន៍ពីគម្រោងនេះ។ បើតាម ADB ថវិកាប្រមាណ ៣.៨ លានដុល្លារ នៃជំនួយនេះ បានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (the Global Agriculture and Food Security Program) ដែលជាមូលនិធិសកលមានគោលបំណងកាត់បន្ថយភាពអត់ឃ្លាន និងកែលម្អអាហារូបត្ថម្ភ នៅក្នុងប្រទេសដែលមានចំណូលទាប។
 
លោក Anthony Gill នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា៖«កញ្ចប់ជំនួយទីមួយ នឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ កញ្ចប់ជំនួយទីពីរ នឹងជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុ តាមរយៈការដោះស្រាយបញ្ហារំខានផ្នែកដឹកជញ្ជូន និងច្រវាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩»។
 
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល ADB ក៏បានអះអាងជាថ្មីពីការប្តេជ្ញារបស់ខ្លួន ថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះ គ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕
 
 
 

Tag:
 ជំនួយ
  វិស័យទេសចរណ៍
 កសិកម្ម
  ផលិតកម្មស្រូវ
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com