កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកតៃវ៉ាន់ នឹងចូលរួមពិធីបើក និងបិទអូឡាំពិកទីក្រុងប៉េកាំង ក្រោយការស្នើសុំពី IOC
02, Feb 2022 , 10:55 am        
រូបភាព
អត្តពលិកតៃវ៉ាន់ នឹងចូលរួមកម្មវិធីបើក និងបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង តាមការ​ស្នើសុំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ IOC បានស្នើឱ្យក្រុមទាំអស់ ដែលមកប្រកួតចូលរួមកម្មវិធីបើក និងបិទ ព្រឹត្តិការណ៍នេះ។



កាលពីថ្ងៃទី២៨ ខែមករា តៃវ៉ាន់បានប្រកាសមិនចូលរួមកម្មវិធីបើក និងបិទប្រកួតអូឡាំពិករដូវរងាក្រុងប៉េកាំង ក្រោមហេតុផលការពន្យារពេលហោះហើរ និងច្បាប់ប្រឆាំងកូវីដ-១៩ ដ៏តឹងរុឹងរបស់ចិន។ លើសពីនោះ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់សម្ដីមន្ត្រីតៃវ៉ាន់ ចិនទាមទារឱ្យអត្តពលិកដើរដង្ហែជាមួយក្រុមហុងកុង ក្នុងពិធីបើកទៀតផង។ 
 
ទោះជាយ៉ាងណា ក្រោយការទាមទាររបស់ IOC តៃវ៉ាន់ ដែលនឹងប្រើឈ្មោះឆាយនីសតៃប៉ិ ក៏សម្រេចចូលរួមពិធីបើក និងបិទព្រឹត្តិការណ៍។ «​IOC បានស្នើសុំឱ្យប្រតិភូទាំងអស់ ដែលមកប្រកួតអូឡាំពិករដូវរងាទីក្រុងប៉េកាំង ត្រូវតែចូលរួមដើរក្នុងកម្មវិធីបើក និងបិទកម្មវិធីប្រកួត»។ គណៈកម្មាធិការអូឡាំពិកតៃវ៉ាន់និយាយបែបនេះ នាថ្ងៃទី៣១ ខែមករា។ 
 
ក្រោយទទួលបានការស្នើសុំ​ គណៈកម្មាធិកាអូឡាំពិកតៃវ៉ាន់ បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកីឡាតៃវ៉ាន់ លើអនុញ្ញាតឱ្យអត្តពលិកចូលរួមកម្មវិធីបើក និងបិទ។
 
គណៈកម្មាធិការអូឡាំពិកតៃវ៉ាន់ក៏បានអះអាង ការសម្រេចចិត្តបញ្ជូនអត្តពលិក ទៅកម្មវិធីបើក និងបិទ ជាការគោរព ទៅកាន់គណៈកម្មាធិកា IOC ដែលបានស្នើសុំជារឿយៗ។
 
តៃវ៉ាន់ នឹងបញ្ជូនអត្តពលិក៤នាក់ ទៅកាន់ទីក្រុងប៉េកាំង ដូចកាលពីប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុង PyeongChang ឆ្នាំ២០១៨ ។ តៃវ៉ាន់ មិនដែលឈ្នះមេដាយឡើយ៕ 
 
 

Tag:
 Winter Olympic Beijing 2022
  Taiwan
© រក្សាសិទ្ធិដោយ thmeythmey.com