កីឡាអន្តរជាតិ
អន្តរជាតិ
ចិន អស់ឱកាសទៅ World Cup នៅកាតា ក្រោយចាញ់​វៀតណាម​យ៉ាងអាម៉ាស់ ៣-១
02, Feb 2022 , 2:03 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម បានយកឈ្នះចិនដ៏គួរភ្ញាក់ផ្អើលក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតជម្រុះ FIFA World Cup តំបន់អាស៊ីលនៅថ្ងៃទី១ ខែកុម្ភៈ។ បរាជ័យយ៉ាងអាម៉ាស់នេះ បានធ្វើឱ្យចិនត្រូវអស់ឱកាសប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោកឆ្នាំ២០២២ នៅកាតា។



ជ័យជម្នះរបស់វៀតណាមជាលើកដំបូងក្នុងការប្រកួតជម្រុះលើកទី៨ពូល B បានបញ្ចប់ក្តីសុបិនរបស់ចិនដើម្បីឡើងទៅ World Cup នៅកាតាចុងឆ្នាំនេះ។ ខណៈសល់ពីរប្រកួតទៀត ប៉ុន្តែចិនតាមពីក្រោយក្រុមលេខ៣អូស្ត្រាលីចំនួន១០ពិន្ទុឯណោះ។
 
ឆ្លងកាត់ការប្រកួតជម្រុះ៨លើកក្នុងពូល B គេបានរកឃើញ ចិន វៀតណាម និងអូម៉ង់ អស់ឱកាសឡើងទៅប្រទេសកាតាឆ្នាំ២០២២រៀងខ្លួន។​ អូម៉ង់ស្ថិតនៅចំណាត់ថ្នាក់ទី៤មាន៨ពិន្ទុ ចិននៅលេខ៥មាន៥ពិន្ទុ ឯវៀតណាមនៅបាតតារាងមាន៣ពិន្ទុ។
 
៣ក្រុមផ្សេងទៀតរួមមានអារ៉ាប៊ីសាអូឌីត ជប៉ុន និងអូស្ត្រាលីដែលស្ថិតនៅលេខរៀងទី១ដល់ទៅ៣ក្នុងពូល B ត្រូវបន្តប្រជែងគ្នាយក២កៅអីទៅ World Cup ឆ្នាំ២០២២ដោយស្វ័យប្រវត្តិ និងមួយកៅអីសម្រាប់វគ្គ play-off បន្តទៀត។
 
អារ៉ាប៊ីសាអូឌីត ឈរកំពូលតារាងពូល B មាន១៩ពិន្ទុ តាមពីក្រោយដោយជប៉ុនដែលមាន១៨ពិន្ទុ និងលេខ៣អូស្ត្រាលីរកបាន១៥ពិន្ទុ។
 
គិតត្រឹមថ្ងៃទី២ ខែកុម្ភៈនេះ គេបានរកឃើញក្រុមចំនួន១៥ហើយ ក្នុងចំណោម៣២ក្រុម ដែលបានកៅអីទៅកាតា ខែវិច្ចិកា។ កូរ៉េខាងត្បូងជាប្រទេសទី១៥ដែលទទួលបានកៅអីស្វ័យប្រវត្តិ និងជាប្រទេសទី២នៅអាស៊ីបន្ទាប់ពីអ៊ីរ៉ង់។
 
១៥ក្រុមដែលតំណាង់១៥ប្រទេស បានសិទ្ធិទៅ World Cup ឆ្នាំ២០២២ រួមមាន ប្រេស៊ីល អាហ្សង់ទីន បែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក ក្រូអាស៊ី បារាំង អាល្លឺម៉ង់ ហូឡង់ អ៊ីរ៉ង់ ស៊ែប៊ី អេស្ប៉ាញ ស្វ៊ីស កូរ៉េខាងត្បូង និងម្ចាស់ផ្ទះកាតា៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com