កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិសអង់គ្លេសបន្តឃុំខ្លួន Greenwood ហើយបន្ថែមបទចោទរំលោភផ្លូវភេទ និងគំរាមសម្លាប់
02, Feb 2022 , 4:29 pm        
រូបភាព
កីឡាករខ្សែប្រយុទ្ធ Mason Greenwood ត្រូវបន្តស្ថិតក្រោមការចាប់ខ្លួន ហើយរងបទចោទបន្ថែមមានរំលោភផ្លូវភេទ និងគំរាមសម្លាប់លើមិត្តស្រី។ មន្ត្រីប៉ូលិសទីក្រុង​ Manchester បញ្ជាក់បែបនេះថ្ងៃទី១ ខែមករា។


Harriet Robson ដែលត្រូវជាមិត្តស្រីរបស់កីឡាករ Greenwood បានបង្ហោះរូបភាព ព្រមទាំងវីដេអូ លើបណ្ដាញសង្គម Instagram កាលពីថ្ងៃទី៣០ មករាដោយបង្ហាញរាងកាយដែលត្រូវបានគេវាយដំ។ កីឡាករ Greenwood ក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែមករានោះដែរ។
 
មកដល់ថ្ងៃទី២ ខែកុម្ភៈនេះ ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរបស់ក្រុមបិសាចក្រហមកំពុងតែផ្តល់ចម្លើយចំពោះការចោទប្រកាន់រំលោភផ្លូវភេទ និងប្រើហិង្សា។ ប៉ុន្តែប៉ូលិងអង់គ្លេសបានបន្ថែមការចោទទៀត។ 
 
«ក្រុមអ្នកស៊ើបអង្កេតកំពុងតែសាកសួរបុរសវ័យ២០ឆ្នាំ ដែលត្រូវបានចាប់ខ្លួនដោយសង្ស័យចាប់រំលោភ និងហិង្សាលើនារីម្នាក់។ តាមការសាកសួររហូតមកដល់ពេលនេះ គាត់ត្រូវចាប់ខ្លួនក្រោមចោទប្រកាន់បន្ថែមពីបទសង្ស័យរំលោភផ្លូវភេទ និងគំរាមសម្លាប់។» នេះបើតាមសេចក្ដីថ្លែងការណ៍ប៉ូលិសទីក្រុង Manchester ។
 
ក្រោយការចាប់ខ្លួន Greenwood ក៏ត្រូវក្លិប Manchester United ព្យួរមិនឱ្យចូលហ្វឹកហាត់និងប្រកួត ដោយក្លិបបានបញ្ជាក់ថា មិនគាំទ្រចំពោះអំពើហិង្សាគ្រប់ប្រភេទណាមួយឡើយ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី៣១ ខែមករា ក្រុមហ៊ុនសម្ភារកីឡា Nike បានព្យួរការងារជាមួយកីឡាករវ័យ២០ឆ្នាំបណ្តោះអាសន្ន និងក្រុមហ៊ុនហ្គេមអេឡិចត្រូនិច EA Sports ក៏បានលុបរូប Greenwood ចេញពីហ្គេមបាល់ទាត់ FIFA 22 បណ្តោះអាសន្នផងដែរ៕
 
 

Tag:
 Manchester United
  Mason Greenwood
© រក្សាសិទ្ធិដោយ thmeythmey.com