ជាតិ
សេដ្ឋកិច្ច
WB៖ សេដ្ឋកិច្ចកម្ពុជាធ្លាក់យ៉ាងគំហុកក្នុងវិបត្តិកូវីដ ព្រោះពឹងតែ​លើផលិតផល​៥មុខ និងទី​​ផ្សារ​ចង្អៀត
02, Feb 2022 , 4:59 pm        
រូបភាព
ទិដ្ឋភាពរួមនៃរាជធានីភ្នំពេញ
ទិដ្ឋភាពរួមនៃរាជធានីភ្នំពេញ
 ភ្នំពេញ៖ ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាដើមចមធំធ្វើ​ឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយ៉ាងសម្បើម រហូតដល់ -៣.១ភាគរយ ​ក្នុង​ឆ្នាំ​២០២០។ ធនាគារពិភពលោក(World Bank) បានគូសបញ្ជាក់ថា ​ការធ្លាក់ចុះយ៉ាងគំហុកនៃសេដ្ឋកិច្ចនេះ គឺដោយសារកម្ពុជា ពឹងផ្អែកលើផលិតផលនាំចេញតែ៥មុខ គួបផ្សំនឹងទីផ្សារតូចចង្អៀត ​ព្រមទាំងធន​ធាន​ហិរញ្ញប្បទាន​​ពីក្រៅប្រទេស។ ​កត្តាចម្បងទាំងនេះ ធ្វើ​ឱ្យ​កម្ពុជា​ខ្វះជំហររឹងមាំ សម្រាប់​ទប់​ទល់​នឹងការអង្រួនពីវិបត្តិកូវីដ-១៩ចំពោះ​សេដ្ឋកិច្ចជាតិ។​ នេះបើតាមធនាគារពិភពលោក។ 

 
កម្ពុជាធ្លាប់សម្រេច​បាន​នូវកំណើនសេដ្ឋកិច្ច ​ក្នុង​អត្រា​ជាមធ្យម​ ៧.៧ភាគរយ ​ក្នុង​មួយឆ្នាំ ចាប់ពីឆ្នាំ​១៩៩៥​ ដល់​ឆ្នាំ២០១៩។ ប៉ុន្តែ​អត្រា​នេះ​បានធ្លាក់ចុះ​ដល់-៣.១ភាគរយ ​ក្នុង​ឆ្នាំ​២០២០។  មានន័យថា កំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់​ចុះចំនួន ១០.១ភាគរយ ដែលធ្វើ​ឱ្យ​ទំហំសេដ្ឋកិច្ច​រួមមាឌអស់ ​ មុន​នឹង​ងើបសន្សឹមៗឡើងវិញ នៅក្នុងកំណើន​ ២,២ភាគរយ​ នាឆ្នាំ២០២១។ 
 
ការរាតត្បាតដោយជំងឺកូវីដ-១៩ ជាដើមចមធំដែលធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយ៉ាងគំហុក​។  ប៉ុន្តែសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ​កាលពីថ្ងៃទី៣១មករា ឆ្នាំ២០២២ បានលើកឡើងថា ការពឹងផ្អែក​ទៅលើផលិតផល និងទីផ្សារ ព្រមទាំង​ធន​ធាន​ហិរញ្ញប្បទានរបស់កម្ពុជាដែលមានមូលដ្ឋានតូចចង្អៀត គឺបានធ្វើ​ឱ្យ​កម្ពុជា​ខ្វះជំហររឹងមាំ សម្រាប់​ទប់​ទល់​នឹងការអង្រួន ពីវិបត្តិកូវីដ-១៩ចំពោះ​សេដ្ឋកិច្ច។
 
បើតាមធនាគារពិភពលោក ប៉ុន្មានឆ្នាំមកនេះ ផលិតផលចំនួនប្រាំមុខរបស់កម្ពុជា រួមមាន៖ មានវិស័យកាត់ដេរ,​ ស្បែកជើង, អង្ករ, ដំឡូងមី និង​ទេសចរណ៍ គឺមានទំហំ​៨០ភាគរយ នៃទំហំនាំចេញសរុបរបស់កម្ពុជា។​  ប៉ុន្តែនៅក្នុងនោះកម្ពុជា ​មានទីផ្សារ​ធំ​តែពីរប៉ុណ្ណោះ នោះគឺសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដែលស្រូបយក​៦៩ភាគរយ នៃបរិមាណទំនិញនាំចេញ​ទាំងនោះ។ 

ធនាគារពិភពលោក បានបន្ថែមថា៖ «​ផលិតភាពពលកម្មក៏នៅទាប ដែលមកពីជំនាញ និងការបណ្តុះបណ្តាលនៅមានកម្រិត ហើយកត្តា​ផលិតភាពសរុប ដែលជារង្វាស់សម្រាប់កំណត់មើលថា តើ​ប្រទេសមួយ ​ប្រើប្រាស់មាន​ប្រសិទ្ធផលកម្រិតណា នូវពលកម្ម​និង​ដើមទុនរួមរបស់ខ្លួន ​ក៏នៅទាបដែរ។ លើសពីនេះទៀត  ​អត្រា​ប្រាក់​សន្សំក្នុងប្រទេសមានកម្រិត​ទាប គួបផ្សំនឹង​ការវិនិយោគក្នុងស្រុកនៅមានកម្រិតទាបផងនោះ ដែលធ្វើ​ឱ្យ​​កម្ពុជាត្រូវ​​ពឹងផ្អែកខ្លាំងទៅលើ​ធន​ធាន​ហិរញ្ញប្បទានពីខាងក្រៅ»។
 
ទោះបី សេដ្ឋកិច្ច​របស់​កម្ពុជា ​ស្ថិតនៅ​ក្នុង​ចំណោម​សេដ្ឋកិច្ចតំបន់​អាស៊ីបូព៌ា ដែលរងការខូចខាត​យ៉ាងដំណំ ​ពីការរាតត្បាតដោយជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែកម្ពុជា អា​ច​ស្តារសេដ្ឋកិច្ច​ឱ្យ​មានកំណើនទៀងទាត់ឡើង​វិញ​បាន តាមរយៈការបង្កើន​ផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និង​ចាត់វិធានការ​នានា ឈានទៅជំរុញ​ការ​វិនិយោគ​ក្នុង​ស្រុកថែមទៀត។ លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការងាកទៅរកគន្លងផ្លូវ ឆ្ពោះទៅមានកំណើន​ដោយចរីភាពវិញរបស់កម្ពុជា​ ចាំបាច់​ត្រូវ​ការ​របៀបវារៈ កែទម្រង់​ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោត​ការយកចិត្តទុកដាក់ លើ​ការ​បង្កើនសមត្ថភាព​របស់ក្រុមហ៊ុន ពលករ និង​ក្រុមគ្រួសារនៅកម្ពុជា, ពង្រឹង​បទប្បញ្ញត្តិ​ដើម្បី​ឆ្លើយតបទៅនឹង​សកម្មភាពបំភ្លៃលើទីផ្សារ។ អ្នកស្រីបានបន្តថា​ កម្ពុជាក៏ត្រូវផ្តោតលើការកែលម្អបរិយាកាសធ្វើធុរកិច្ច, និង​ការវិនិយោគថែមទៀត​ ទៅលើហេដ្ឋារចនាសម្ព័ន្ធ​ដែលទ្រទ្រង់ដល់កំណើន​ប្រកបដោយគុណភាព។
 
លោកស្រី សាលីម បានបញ្ជាក់ដូច្នេះ៖ «ចំណាត់ការគោលនយោបាយរយៈពេលខ្លី និង​មធ្យម​មួយចំនួន ​អាច​មានប្រយោជន៍ដល់​យុទ្ធសាស្ត្រា​ស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះ វានឹងអនុញ្ញាតឱ្យ​កម្ពុជា​ អាចកសាងសេដ្ឋកិច្ច​បានមកវិញ​កាន់​តែរឹងមាំ​ថែមទៀត នៅក្រោយសម័យមានវិបត្តិកូវីដ-១៩»។
 
កម្ពុជា​មាន​ជម្រើសច្រើន សម្រាប់​ដោះស្រាយ​បញ្ហា​ខ្វះពិពិធកម្មក្នុង​សេដ្ឋកិច្ច និងសម្រាប់​កសាងឡើងវិញ ឱ្យ​កាន់តែ​ប្រសើរជាងមុន។ នេះបើតាមការលើកឡើងរបស់ធនាគារពិភពលោក ដោយបានបញ្ជាក់ថា៖« ការ​វិនិយោគទៅលើធនធានមនុស្ស​ ការ​​បែងចែកធនធានឱ្យ​កាន់​តែមានប្រសិទ្ធផល​ តាមរយៈការ​កែលម្អសមត្ថភាពស្ថាប័នទីផ្សារ​ និង​ការ​បង្កើន​ការ​គ្រប់​គ្រង​ការវិនិយោគសាធារណៈ ដែលទាំងអស់នេះ គឺស្ថិតក្នុងចំណោម​ជម្រើស ​ដែល​អាច​ជួយ​ជំរុញ​ផលិតភាពក្នុង​សេដ្ឋកិច្ច​»។
 
ក្រៅពីនេះ ការ​បង្កើន​ការ​រួមចំណែករបស់កម្ពុជា ទៅក្នុង​ខ្សែច្រវាក់​តម្លៃសាកល ការ​បង្កើតតម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម និង​ការ​ពង្រីកភាព​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យសេវាកម្ម ក៏​នឹង​អាច​ជួយ​ធ្វើ​ឱ្យ​ការ​នាំចេញ ​កាន់តែមានភាពសម្បូវបែបដែរ។ នេះបើតាមធនាគារពិភពលោក​៕  
 
 
 

Tag:
 World Bank
 សេដ្ឋកិច្ច
 កូវីដ-១៩
 ទីផ្សារ
 ទេសចរណ៍
 កសិកម្ម
 វាយនភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com