ជាតិ
ពីនេះ ពីនោះ
អង្គការស៊ីប៉ា រៀបចំពិព័រណ៍ការងារ ដើម្បីបង្កើនឱកាសការងារ និងការសិក្សារបស់សិស្ស
03, Feb 2022 , 7:59 am        
រូបភាព
កម្មវិធីពិព័រណ៌ការងារ របស់អង្គការស៊ីប៉ា នាពេលកន្លងមក។ រូបភាពពី អង្គការស៊ីប៉ា ផ្ដល់ដោយ កញ្ញា Molika SOK។
កម្មវិធីពិព័រណ៌ការងារ របស់អង្គការស៊ីប៉ា នាពេលកន្លងមក។ រូបភាពពី អង្គការស៊ីប៉ា ផ្ដល់ដោយ កញ្ញា Molika SOK។
អង្គការស៊ីប៉ា និងដៃគូ នឹងរៀបចំកម្មវិធី ពិព៍រណ៍ការងារ ដើម្បីបង្កើតឱកាសការងារ និងឱកាសបន្តការសិក្សាសម្រាប់សិស្សានុសិស្ស។ពិព័រណនេះ នឹងរៀបចំឡើងនៅថ្ងៃទី ៦កុម្ភៈ នេះនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនព្រៃពាន ក្នុងខេត្តព្រៃវែង។

 
អង្គការស៊ីប៉ា បញ្ជាក់ថា «ពិព័រណ៍ការងារជាមួយស៊ីប៉ា» រៀបចំឡើងក្នុងបំណងធ្វើឱ្យលទ្ធភាពការងារកាន់តែប្រសើរ សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិនៅជនបទ ដោយជំរុញឱ្យពួកគេឆ្ពោះទៅរកវីជ្ជាជីវៈ ដែលរួមចំណែកដល់ការពង្រឹងសេដ្ឋកិច្ចសង្គមជាតិ និងកាត់បន្ថយវិសមភាពសង្គម និងយេនឌ័រ ខណៈពេលដែលគាំទ្រយុវជនឱ្យក្លាយជាពលរដ្ឋល្អ។
  

កម្មវិធីពិព័រណ៌ការងារ របស់អង្គការស៊ីប៉ា នាពេលកន្លងមក។ រូបភាពពី អង្គការស៊ីប៉ា ផ្ដល់ដោយ កញ្ញា Molika SOK។

កម្មវិធីនេះ ជាផ្នែកមួយនៃគម្រោង«លើកស្ទួយលទ្ធភាពទទួលបានការងារ និងភាពជាពលរដ្ឋសកម្មរបស់យុវជន» របស់អង្គការស៊ីប៉ា។ គម្រោងនេះ មានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ហើយតាមគម្រោងសកម្មភាពពេញមួយឆ្នាំ២០២២នេះ អង្គការស៊ីប៉ា និងដៃ នឹងចុះទៅសាលាក្នុងខេត្តចំនួន១៤ ដើម្បីរៀបចំកម្មវិធីពិព័រណ៍នេះ។  
 
បច្ចុប្បន្ន យុវជនកម្ពុជា អាយុចន្លោះ១៥ ទៅ ២០ឆ្នាំ កំពុងជួបប្រទះការលំបាក ក្នុងការទទួលបានឱកាសការងារសមរម្យ ដោយពួកគេភាគច្រើនកំពុងបម្រើការងារក្នុងវិស័យក្រៅប្រព័ន្ធ និងប្រើប្រាស់ជំនាញទាប។ សិស្សនៅតំបន់ជនបទ ក៏កាន់តែប្រឈមនឹងបញ្ហាកង្វះព័ត៌មានពីទីផ្សារការងារ និងការរៀបចំខ្លួនក្រោយការបញ្ចប់ការសិក្សា។ បើតាមអង្គការស៊ីប៉ា ស្ថិតក្នុងបរិបទសេដ្ឋកិច្ច សង្គមដែលកំពុងរាតត្បាត ដោយជំងឺកូវីដ-១៩ យុវជនទាំងនេះ ត្រូវការគាំទ្រ បន្ថែមទៀតដើម្បីឈានជើងចូលធ្វើការ និងសម្រេចចិត្តត្រឹមត្រូវ ទៅលើអនាគតរបស់ខ្លួន។


  កម្មវិធីពិព័រណ៌ការងារ របស់អង្គការស៊ីប៉ា នាពេលកន្លងមក។ រូបភាពពី អង្គការស៊ីប៉ា ផ្ដល់ដោយ កញ្ញា Molika SOK។

ចាប់តាំងពីឆ្នាំ ២០១១មក អង្គការស៊ីប៉ា បានអនុវត្តគម្រោងជាច្រើន ពិសេសនៅក្នុងខេត្តក្រចេះ និងព្រៃវែង  ដើម្បីពង្រឹងសមត្ថភាព និងបង្កើតឱកាសដល់យុវជនរាប់ពាន់នាក់ ក្នុងការស្វែងរកការងារសមរម្យ ក៏ដូចជាចូលរួមជាពលរដ្ឋ៕ 
 
 
 

Tag:
 ThmeyThmey25
  អង្គការស៊ីប៉ា
  ពិព័រណ៍ការងារ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com