ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទទួលទាន​ទឹកដូង​នៅពេលនេះ បំប៉ន​ទាំង​សម្រស់ និង សុខភាព
02, Feb 2022 , 11:19 pm        
រូបភាព
​នៅក្នុង​សមាសធាតុ​អាហារូបត្ថម្ភ​នៃ​ទឹកដូង​មាន​ផ្ទុក​នូវ​វីតាមីន សារធាតុ​រ៉ែ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​… ល្អ​ណាស់​សម្រាប់​សុខភាព​របស់​អ្នក​។​

 
​តើ​អ្នក​គួរ​ផឹក​ទឹកដូង​នៅពេលណា​?
 
​យោងតាម​ការសិក្សា​រប​ស់​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹងថា ប្រសិនបើ​អ្នក​ផឹក​ទឹកដូង​នៅពេល​ព្រឹក អ្នក​កំពុងផ្តល់​សារធាតុ​អេឡិចត្រូលីត​ដល់​រាងកាយ ជួយ​អ្នករក្សា​ការផ្តោត​អារម្មណ៍​ផ្លូវចិត្ត តុល្យភាព​កម្រិត pH និង​រក្សា​លំនឹង​កំដៅ និង​ផ្តល់​សារធាតុចិញ្ចឹម​សំខាន់ៗ​ដែល​រាងកាយ​ត្រូវការ​។ ជាមួយគ្នានេះដែរ ប្រសិនបើ​អ្នក​ផឹក​ទឹកដូង​នៅពេល​ព្រឹក វា​ក៏​ជួយ​ឱ្យ​ពោះវៀន​របស់​អ្នក​ដំណើរការបាន​រលូន​ផងដែរ ដើម្បី​ការពារ​ការ​ទល់លាមក​។​
 
​ឥទ្ធិពល​នៃ​ការផឹក​ទឹកដូង​នៅពេល​ព្រឹក​
 
​ជួយ​សម្រក​ទម្ងន់​៖ ក្នុង​ទឹកដូង​មាន​កាឡូរី​តិចតួច និង​មិនមាន​ផ្ទុក​ជាតិ​ខ្លាញ់ ទឹកដូង​មិន​ធ្វើឱ្យ​អ្នកប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ឡើយ​។ លើសពីនេះ ពេល​ផឹក​ទឹកដូង​ច្រើន អ្នក​នឹងមាន​អារម្មណ៍​ឆ្អែត​លឿន ហើយ​មិន​ចង់​ញ៉ាំ​ទៀត​។ នេះ​នឹង​ជួយ​អ្នក​យ៉ាងខ្លាំង​ក្នុង​ដំណើរការ​សម្រក​ទម្ងន់​។​
 
​ល្អ​ណាស់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​៖ កុំ​បារម្ភ​ច្រើនពេក​អំពី​ការផឹក​ទឹកដូង​ពេល​ពោះ​ទទេ ព្រោះ​ទឹកដូង​មាន​ជាតិ​អាស៊ីត​ទាប​។ មិន​ដូច​កាហ្វេ ឬ​ទឹក​ផ្លែឈើ​ផ្សេងទៀត ទឹកដូង​ស្ទើរតែ​មិនមាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​ប្រព័ន្ធ​រំលាយ​អាហារ​នោះទេ​។​
 
​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ការផឹក​ទឹកដូង​ពេល​ពោះ​ទទេ​អាច​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ជំរុញ​ការរំលាយ​អាហារ កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL និង​បន្សាប​ជាតិពុល​ចេញពី​រាងកាយ​តាមបែប​ធម្មជាតិ​។ ការ​ទទួលទាន​ទឹកដូង​ជាប្រចាំ ក៏​អាចធ្វើអោយ​មុខងារ​ពោះវៀន​មាន​ភាពប្រសើរឡើង​ផងដែរ​។​
 
​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខះ​ជាតិ​ទឹក​៖ ទឹកដូង​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម និង​សារធាតុ​រ៉ែ​ផ្សេងៗ​ទៀត ដូច្នេះ​វា​គ្រប់គ្រង​សារធាតុ​រាវ​ខាងក្នុង និង​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ វា​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ការ​ខ្សោះ​ជាតិ​ទឹក​នៅពេលដែល​អ្នកមាន​ជម្ងឺ រាគរូស ជំងឺ​អាសន្នរោគ រាគ គ្រុនផ្តាសាយ​… មាន​ប្រសិទ្ធ​ភាពខ្លាំង​។​
 
​ល្អ​សម្រាប់​បេះដូង​របស់​អ្នក​៖ យោងតាម​អ្នកស្រាវជ្រាវ អ្នកជំងឺ​ដែលមាន​ជំងឺលើសឈាម​ច្រើន​តែមាន​កម្រិត​ប៉ូ​តា​ស្យូ​ម​ទាប​។ ដូច្នេះ ការផឹក​ទឹកដូង​ជាប្រចាំ អាចមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង​សម្ពាធ​ឈាម ដោយសារ​កំហាប់​ប៉ូ​តា​ស្យូ​ម និង​អាស៊ីត lauric ខ្ពស់​។​
 
​ដូចគ្នានេះដែរ ការសិក្សា​ថ្មីៗ​ជាច្រើន​បានបង្ហាញ​ថា ទឹកដូង​អាចជួយ​បង្កើន​កូ​លេ​ស្តេ​រ៉ុល​ល្អ HDL ដែល​ធ្វើឱ្យ​វា​ក្លាយជា​ភេសជ្ជៈ​ធម្មជាតិ​ដ៏​អស្ចារ្យ​សម្រាប់​ការថែរក្សា​សុខភាព​បេះដូង​។​
 
​ជួយ​ឱ្យ​ស្បែក​ស្អាត សក់​រលោង​៖ អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា សារធាតុ cytokinins ដែលមាន​នៅក្នុង​ទឹកដូង ជួយ​គ្រប់គ្រង​ការលូតលាស់​កោសិកា​ស្បែក​។ ក្រៅពីនេះ ទឹកដូង​មាន​ផ្ទុក​អាស៊ីត lauric ដែល​អាច​កាត់បន្ថយ​ភាព​ចាស់​នៃ​កោសិកា​ស្បែក រក្សា​តុល្យភាព​កម្រិត PH និង​រក្សា​ជាលិកា​ភ្ជាប់​ឱ្យ​រឹងមាំ ផ្តល់​សំណើម​ដល់​ស្បែក​។​
 
​ដូច្នេះ គ្រាន់តែ​លាប​ទឹកដូង​លើ​ស្បែក​ដែល​មិន​ល្អជា​រៀងរាល់​យប់​មុនពេល​ចូល​គេង អាចជួយ​កំចាត់​មុន ស្នាម​ជ្រីវជ្រួញ ស្នាម​សង្វារ រមាស់​ស្បែក និង​ជម្ងឺ​ត្រអក​។ ជាមួយគ្នានេះដែរ ទឹកដូង​ជួយ​បំពេញ​សារធាតុចិញ្ចឹម ជួយ​ឱ្យ​សក់​របស់​អ្នក​កាន់តែ​រលោង និង​ភ្លឺ​ចែងចាំង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com