COVID-19
ជាតិ
លោក ឃួង ស្រេង ហាមលួចលាក់ព្យាបាលដោយមិនរាយការណ៍ ក្រោយ​តេស្តរហ័សឃើញកូវីដ-១៩​
02, Feb 2022 , 6:13 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមានដល់​ពលរដ្ឋដែលធ្វើតេស្តរហ័ស(Rapid Test) ឃើញវិជ្ជមានកូវីដ-១៩ ហើយមិនព្រមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន នឹងរងការពិន័យប្រាក់ ហើយឈានទៅដល់ការជាប់ពន្ធនាគារ ថែមទៀត។  ការព្រមានរបស់សារជាថ្មីរបស់អភិបាលរាជធានីភ្នំពេញរូបនេះ គឺធ្វើឡើងកម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ«អូមីក្រុង»ក្នុងសហគមន៍ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។​



បុគ្គលណាម្នាក់បានតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩ ហើយគេចវេស និងមិនព្រមរាយការណ៍ទៅមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន បុគ្គលនោះ នឹងត្រូវរងការនូវការពិន័យប្រាក់។ លើសពីនេះទៅទៀត បុគ្គលនោះ គឺអាចនឹងប្រឈមការជាប់ពន្ធនាគារ​ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។​ លោកឃួង ស្រេង បានលើកឡើងដូច្នេះ នៅក្នុងសេចក្តីណែនាំបន្ថែមស្តីពី៖«ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ» នាថ្ងៃទី២កុម្ភៈ ឆ្នាំ២០២២។​

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានលើកទឹកចិត្តនិងស្នើសុំដល់ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរផ្ទះរបស់បុគ្គលដែលសង្ស័យមានអ្នកជំងឺកូវីដ-១៩ កំពុងលូចលាក់សម្រាកព្យាបាលដោយខ្លួនឯងដោយគ្មានការវាយតម្លៃនិងអនុញ្ញាតពីមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានទេនោះ ត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។ លោក បានបញ្ជាក់ថា ការរាយការណ៍របស់ពលរដ្ឋនោះ នឹងត្រូវបានរក្សាការសម្ងាត់ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការ ឱ្យបានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ«អូមីក្រុង» ទៅក្នុងមូលដ្ឋានភូមិ សង្កាត់ដែលខ្លួនកំពុងរស់នៅ។

លោក ឃួង ស្រេង  បានបញ្ជាដល់គណៈបញ្ជា្កការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីសុខាភិបាលរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានានូវការអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំខាងលើ។ អភិបាលរាជធានីភ្នំពេញរូបនេះ បានអះអាងដូច្នេះ៖ « ក្នុងករណីរកឃើញថា បុគ្គលណាមិនគោរពតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាលឱ្យខានតែបាន និងគ្មានការលើកលែងឡើយ ក្រោយពេលបុគ្គលនោះបានទទួលបានការព្យាបាលជំងឺកូវីដ-១៩ ​ជាសះស្បើយ»។

សូមជម្រាបថា មកទល់ពេលនេះ កម្ពុជា​រកឃើញអ្នកឆ្លងកូវីដ-១៩សរុប ១២១ ៤៣៨នាក់។ ក្នុងនោះ មានអ្នកឆ្លង«អូមីក្រុង»នៅក្នុងសហគមន៍មាន ចំនួន៥០១នាក់។ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩សរុបនេះ មាន១១៧ ៧២៨ បានជាសះស្បើយ ខណៈអ្នកជំងឺ ៣ ០១៥ បានស្លាប់ដោយសារជំងឺនេះ៕










© រក្សាសិទ្ធិដោយ thmeythmey.com